គ្រួសារងាយរងគ្រោះចំនួន ៣០០ គ្រួសារក្នុងខេត្តបន្ទាយមានជ័យទទួលបានការគាំទ្រពីមូលនិធិស្បៀងអាហាររបស់ក្រុមហ៊ុន Smart Axiata

ខេត្តបន្ទាយមានជ័យ៖ ក្រុមគ្រួសារងាយរងគ្រោះចំនួន ៣០០ គ្រួសារនៅខេត្តបន្ទាយមានជ័យ បានទទួលការគាំទ្រពីមូលនិធិស្បៀងអាហាររបស់ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករ​ទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា ។​

ពិធីប្រគល់ស្បៀងអាហារនេះ ត្រូវបានធ្វើឡើងនៅស្រុកសិរីសោភ័ណ ដោយមានការចូលរួមពីមន្រ្តីរាជការខេត្ត និងអ្នកតំណាងក្រុមហ៊ុន Smart Axiata ដោយក្រុមគ្រួសារចំនួន ១០០​គ្រួសារទទួលបានស្បៀងអាហារនេះ និងនៅស្រុក​មង្គលបូរី មានគ្រួសារចំនួន២០០ គ្រួសារផ្សេងទៀតទទួលបានស្បៀងអាហារដែរ ។ ពលរដ្ឋក្នុងស្រុក​មង្គលបូរី លោកស្រី អន ម៉ាច បានឲ្យដឹងថា យើងត្រេកអរណាស់ ដែលទទួលបានអំណោយពីក្រុមហ៊ុន Smart ប្រជាពលរដ្ឋអត់ ហើយវាយ៉ាប់ណាស់អំឡុងពេលកូវីដ-១៩ ។ ខ្ញុំមានកូនអាយុ១១ឆ្នាំម្នាក់ពិការនៅផ្ទះ អត់ដែលបានទៅណាទេ ប្ដីរកស៊ីម្នាក់ឯងដើម្បីចិញ្ចឹមគ្រួសារ ។ ការបរិច្ចាគស្បៀងអាហារនេះអាចធើ្វទៅបានតាមរយៈ«មូលនិធិស្បៀងអាហាររបស់ក្រុមហ៊ុន Smart Axiata» ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៦ ខែឧសភា ដោយក្រុមហ៊ុន​ Smart បានប្រមូលនិងចូលរួមបរិច្ចាគថវិកាបង្រ្គប់ទឹកប្រាក់​ពីអតិថិជនរបស់ខ្លួនរហូតដល់ចុងខែឧសភា ។ ការបរិច្ចាគស្បៀងអាហារនេះរួមមានអាហារផ្ទត់ផ្ទង់សំខាន់ៗដូចជា អង្ករ មី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង ។  ដោយបច្ចុប្បន្នរស់នៅជាមួយចៅៗពីរនាក់ លោកស្រី ប៉ាល់​ ថន បានឲ្យដឹងថា ខ្ញុំសប្បាយចិត្តដែលទទួលបានអំណោយថ្ងៃនេះ​ ហើយនឹងយកទៅហូបជាមួយចៅ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា យើងធ្វើការដោះស្រាយបញ្ហាកូវីដ-១៩ជាប្រចាំ មិនមានគ្រួសារណាមួយគ្មានអាហារទទួលទាននោះឡើយ ហើយអ្វីដែលសំខាន់ជាងនេះទៀត យើងបានប្រើប្រាស់វិធានការអប់រំទូលំទូលាយដល់ពលរដ្ឋទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យ… ថ្វីត្បិតយើងខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ បើគ្មានការចូលរួមពីវិស័យឯកជនការជោគជ័យរបស់យើងក៏មិនរលូនល្អដែរ…វិស័យឯកជនក្នុងខេត្តបន្ទាយមានជ័យបានសហការគ្នាល្អណាស់ ទាក់ទងនិងការផ្ដល់ព័ត៌មាន ការចុះយកសំណាក និងព្យាបាល ក៏ដូចជាកន្លែងស្នាក់នៅ ។ ឯកឧត្តមបន្តថា នេះក៍មិនមែនជាលើកដំបូងដែរ ដែលក្រុមហ៊ុន Smart បានចូលរួមជួយខេត្តបន្ទាយមានជ័យ ។ នៅខែតុលា ឆ្នាំមុន ខណៈដែលខេត្តយើងបានប្រឈមជាមួយនឹងទឹកជំនន់ ក៏ក្រុមហ៊ុនបានផ្ដល់ជាជំនួយដល់ប្រជាជនយើងរាប់ពាន់គ្រួសារដែរ ។

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា ពួកយើងពិតជាស្ញប់ស្ញែងណាស់ដែលឃើញប្រជាពលរដ្ឋកម្ពុជាមានទឹកចិត្តសប្បុរសក្នុងគ្រាដ៏ចាំបាច់មួយ ហើយអតិថិជនរបស់យើងបាន     ចូលរួមម្តងទៀតក្នុងវិបត្តិនេះតាមរយៈការបរិច្ចាគទៅក្នុងមូលនិធិ ដែលយើងបានបង្គ្រប់ទឹកប្រាក់ ដើម្បីផ្ដល់ស្បៀងអាហារចាំបាច់ទាំងអស់នេះ ។ លោក ថូម៉ាស បន្ថែមថា អំឡុងពេលនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩នេះ​ យើងបានព្យាយាមគ្រប់មធ្យោបាយទាំងអស់ ដែលយើងអាចធ្វើទៅបានដើម្បីគាំទ្រប្រជាពលរដ្ឋកម្ពុជាអំឡុងគ្រាលំបាកនេះ ។ ពីមូលនិធិទឹកប្រាក់ 1 លានដុល្លា ដើម្បីប្រឆាំងកូវីដ-១៩ ដែលជួយគាំទ្រគំនិតផ្ដួចផ្ដើម ដើម្បីជំនះផលប៉ះពាល់អាក្រក់បំផុតនៃការរាតត្បាតជា សាកលនៃជំងឺកូវីដ-១៩ ក៏ដូចជាការរៀបចំមណ្ឌលចាក់វាក់សាំង និងការផ្ដល់ជូនជាមួយការហៅទូរស័ព្ទ និងទិន្ន័យអីុនធីណិតឥតគិតថ្លៃ ដល់អ្នករស់នៅតំបន់ក្រហម ក្រុមហ៊ុន​ Smart មានគោលបំណងជួយគាំទ្រជាសកម្មដល់អតិថិជនរបស់ខ្លួន ដែលកំពុងប្រើប្រាស់បណ្ដាញទំនាក់ទំនងរបស់យើង ដើម្បីសិក្សា ធ្វើការ និងរក្សាទំនាក់ទំនង ៕​

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner