អាមេរិកកំពុងត្រៀមកញ្ចប់ទណ្ឌកម្មថ្មីបន្ថែមទៀត ដើម្បីទម្លាក់លើរុស្ស៊ី ដោយវ៉ាស៊ីនតោនបានចោទប្រកាន់ថាទីក្រុងម៉ូស្គូគឺជាអ្នកនៅពីក្រោយនៃការព្យាយាមបំពុលសម្លាប់មេបក្សប្រឆាំង លោក Alexei Navalny

អត្ថបទដោយ៖
AMS OneMinute

អាមេរិកកំពុងត្រៀមកញ្ចប់ទណ្ឌកម្មថ្មីបន្ថែមទៀត ដើម្បីទម្លាក់លើរុស្ស៊ី ដោយវ៉ាស៊ីនតោនបានចោទប្រកាន់ថាទីក្រុងម៉ូស្គូគឺជាអ្នកនៅពីក្រោយនៃការព្យាយាមបំពុលសម្លាប់មេបក្សប្រឆាំង លោក Alexei Navalny។ នេះបើតាមទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan ប្រាប់ CNN ថ្ងៃច័ន្ទ។

ការប្រកាសពីទណ្ឌកម្មខាងលើ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Biden និង Putin បានជួបពិភាក្សាគ្នានៅឯទីក្រុងហ្សឺណែវកាលពីសប្ដាហ៍មុន។

លោក Navalny ត្រូវបានគេព្យាយាមបំពុលសម្លាប់ ដោយប្រើប្រាស់សារធាតុគីមី Novichok កាលពីថ្ងៃទី២០ សីហា ២០២០។ ក្រោយមកលោកត្រូវបានដឹកតាមយន្តហោះ ដើម្បីទៅសង្គ្រោះបន្ទាន់នៅប្រទេសអាល្លឺម៉ង់ ទើបរួចផុតពីសេចក្ដីស្លាប់។

រុស្ស៊ីបានច្រានចោលជាច្រើនដង ចំពោះការចោទប្រកាន់ពីអាមេរិក និងសហភាពអឺរ៉ុប ថាខ្លួនជាអ្នកស្ថិតនៅពីក្រោយការបំពុលនេះ ប៉ុន្តែអាមេរិក និងអឺរ៉ុបមិនដែលបានស្តាប់តាមការបកស្រាយនេះឡើយ។

ប្រភព៖ Politico360KH

ads banner