ប្រមុខការពារជាតិកម្ពុជា បដិសេធព័ត៌មានបាញ់ទម្លាក់យន្តហោះវៀតណាម នៅខេត្តមណ្ឌលគីរី

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបដិសេធ និងច្រាលចោលចំពោះការផ្សព្វផ្សាយរបស់គេហទំព័រ KHMER MEKONG NEW ថា ទាហានកម្ពុជា បានបាញ់ទម្លាក់យន្តហោះវៀតណាម ដែលបានរំលោភដែនអាកាសកម្ពុជានៅខេត្តមណ្ឌលគីរី កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ គឺជាការប្រឌិតព័ត៌មាន ដើម្បីធ្វើឲ្យមានការភ័ន្តច្រឡំពីសំណាក់ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅតែប៉ុណ្ណោះ។

សម្តេចពិជ័យសេនា ទៀ បាញ់ (រូបឯកសារ)

សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រសាសន៍បញ្ជាក់ប្រាប់ AMS យ៉ាងដូច្នេះថា “ព័ត៌មាននេះ ជាការប្រឌិត ចេះតែនិយាយផ្តេសផ្តាស គ្មានបានការ មិនមែនតែរឿងនឹងមួយទេ គឺមានរឿងផ្សេងៗទៀត វាចេះតែប្រឌិត គ្មានរឿងអីចេះតែនិយាយទៅ គ្មានបានការ”។

ចំណែកលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគីរី បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS នៅរសៀលថ្ងៃទី២២ ខែមិថុនានេះថា មិនមានករណីបាញ់ទម្លាក់យន្តហោះវៀតណាម នៅខេត្តមណ្ឌលគីរី ដូចជាការផ្សព្វផ្សាយរបស់គេហទំព័រ KHMER MEKONG NEW នោះទេ។ ការផ្សាយនេះ គឺបំពុលសង្គម។ លោកស្នងការបានបញ្ជាក់យ៉ាងដូច្នេះថា “អត់មានទេ ដូចជាមិនមានអីដាក់ថ្នាក់នឹងទេ បាញ់យន្តវៀតណាមឯណា ពួកនេះ ពួកបំពុលសង្គមទេ”។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា (រូបឯកសារ)

ទាក់ទងការបង្ហោះព័ត៌មាននេះ អ្នកលេងបណ្តាញសង្គមជាច្រើន បានចូលខមមិននៅក្នុងគេហទំព័រ KHMER MEKONG NEW ថា ព័ត៌មានដែលបានផ្សាយនេះ គឺជាព័ត៌មានមិនពិត និងបានហៅការផ្សាយព័ត៌មាននេះថា ជាការញុះញង់ និងបានសូមឱ្យសមត្ថកិច្ចចាប់វិធានការតាមផ្លូវច្បាប់។

គណនីហ្វេសប៊ុកឈ្មោះ Leangchhong Oeung បានខមមិនថា “ប្រយ័ត្នគុកណា កុំផ្សាយព័ត៌មានមិនពិតច្រើនពេក ដើម្បីចង់បានលុយ តែប្រយ័ត្នដេកគុកស៊ីបានស្រាប់”។ គណនីហ្វេសប៊ុកឈ្មោះ Ney sing office បានខមមិនថា “ចង់ឱ្យអាជ្ញាធរតាមចាប់អ្នកដែលផ្សព្វផ្សាយព័ត៌មានបំផុសបំផុល”។ គណនីហ្វេសប៊ុកឈ្មោះ Kim Kim បានខមមិនថា “អាឡប់នេះនិយាយភូតភរខ្មែរគ្នាឯង ចង់ឱ្យខ្មែរវង្វេងឬ..??? សូមបងប្អូនកំណត់អ្វីខ្លះពឹត ហើយអ្វីខ្លះថោកទាបបោកប្រាស់ការពឹត..!!!”។ គណនីហ្វេសប៊ុកឈ្មោះ Boy Kdol បានខមមិនថា “ព័ត៌មានក្លែងក្លាយ”។ គណនីហ្វេសប៊ុកឈ្មោះ Sann E2 បានខមមិនថា “សូមបងប្អូនទាំងអស់កុំជឿ ព្រោះថា Channel មួយនេះ គឺបោកច្រើនដងហើយ ប្រសិនបើខ្មែរបានបាញ់មែន មិនមែនតែ Channel មួយនេះបានផ្សព្វផ្សាយទេ គឺមាន Channel ផ្សេងទៀតផ្សព្វផ្សាយដែរហើយ ជាពិសេស គឺ RFI និង CC Voice”៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner