មន្រ្តីរដ្ឋាភិបាលប្រេស៊ីលម្នាក់ ដែលទើបជួបជាមួយលោក ដូណាល់ ត្រាំ ធ្វើតេស្តរកឃើញមានផ្ទុកវីរុស COVID-19
ប្រេស៊ីល៖ មន្រ្តីរដ្ឋាភិបាលប្រេស៊ីលម្នាក់ត្រូវបានធ្វើតេស្តិ៍រកឃើញមានផ្ទុកមេរោគ COVID-19 បន្ទាប់ពីរូបគេទើបចូលរួមកិច្ចប្រជុំផ្លូវការមួយ និងឈរថតរូបជាប់ជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅឯរម្មណីយដ្ឋានរបស់លោក ត្រាំ ក្នុងរដ្ឋផ្លូរីដា កាលពីថ្ងៃ សៅរ៍ សប្តាហ៍មុន នេះបើតាមសារព័ត៌មាន Channel News Asia នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ។
តាមរយៈរូបភាពបង្ហោះលើបណ្តាញសង្គម លោក ហ្វាប៊ីយ៉ូ វ៉ាចញ៉ាធិន បានឈរថតរូបដោយស្ថិតនៅជាប់នឹងលោក ដូណាល់ ត្រាំ ហើយអនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ភែន ក៏មានវត្តមានដែរ ដោយលោកឈរនៅក្បែរលោក ដូណាល់ ត្រាំ ដូចគ្នា ។
បើតាមសារព័ត៌មានប្រេស៊ីលនោះ លោក ហ្វាប៊ីយ៉ូ វ៉ាចញ៉ាធិន គឺជាមន្ត្រីលេខាធិការទំនាក់ទំនងរបស់ប្រធានាធិបតីប្រេស៊ីល លោក ហ្ស៊ែរ បូលសូណារ៉ូ និង ដែលបានអមដំណើររូបលោកបំពេញទស្សនកិច្ចទៅកាន់រដ្ឋ ផ្លរីដា និងទទួល ទានអាហារពេលល្ងាចជាមួយលោក ត្រាំ នៅឯរម្មណីយដ្ឋាន ម៉ាអាឡាហ្គោ ។ បច្ចុប្បន្ននេះ លោក វ៉ាចញ៉ាធិន កំពុងត្រូវបានធ្វើតេស្តជាលើកទីពីរ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ ៕