ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣៩នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងថា រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣៩នាក់ នៅថ្ងៃទី២២មិថុនា ឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ ជាអ្នករស់នៅក្រុងសៀមរាប២៨នាក់, ស្រុកពួក២នាក់, ស្រុកប្រាសាទបាគងម្នាក់,ស្រុកជីក្រែងចំនួន៣នាក់, ស្រុកបន្ទាយស្រី២នាក់ និងមកពីខេត្តបន្ទាយមានជ័យចំនួន៣នាក់។

រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនោះ។ ប្រសិនបើមានការប្រែប្រួលសុខភាព ត្រូវផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

ថ្ងៃ២២មិថុនាដែរ ខេត្តសៀមរាបមានករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់មានឈ្មោះ កុក ប៊ុនថា ភេទប្រុស អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង បានស្លាប់ នៅម៉ោង៥ល្ងាចថ្ងៃទី២២ មិថុនា ឆ្នាំ២០២១ ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។ គិតមកទល់នឹងថ្ងៃទី២២មិថុនាឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៦៦៤នាក់ បានព្យាបាលជាសះស្បើយចំនួន១៦៦នាក់ ស្លាប់៧នាក់ និង៤៩១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner