ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំគណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត

នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំគណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ZOOM ដោយមានការចូលរួមពីអគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបផងដែរ។

គួរបញ្ជាក់ថា គណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត មានតួនាទី និងការទទួលខុសត្រូវ លើកយោបល់ជូនរាជរដ្ឋាភិបាល ក្នុងការកំណត់ទស្សនវិស័យ និងគោលនយោបាយជាតិអំពីទីក្រុងឆ្លាត សម្រាប់រយៈពេលមធ្យម និងរយៈពេលវែង និងមានភារកិច្ចដូចជា សិក្សា ស្រាវជ្រាវបទពិសោធន៍របស់ប្រទេសនានានៅក្នុងតំបន់ និងសកលលោកពាក់ព័ន្ធ នឹងការបង្កើតនិងការអភិវឌ្ឍទីក្រុងឆ្លាត, សិក្សា ស្រាវជ្រាវកំណត់អំពីនិយមន័យ វិសាលភាព ទំហំ និងទស្សនទាននៃទីក្រុងឆ្លាត, រៀបចំសេចក្តីព្រាងគោលនយោបាយ និងយុទ្ធសាស្ត្រនៃការរៀបចំទីក្រុងឆ្លាតសម្រាប់ រយៈពេលមធ្យម និងរយៈពេលវែង។

បន្ថែមពីនេះ ក្រុមការងារនេះមានភារកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការបង្កើតទីក្រុងឆ្លាតសម្រាប់ រដ្ឋបាលថ្នាក់ក្រោមជាតិ, ចូលរួមកិច្ចប្រជុំ សិក្ខាសាលា និងការបណ្តុះបណ្តាលផ្សេងៗពាក់ព័ន្ធនឹងការងារទីក្រុងឆ្លាត, រៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំសម្រាប់ការសម្របសម្រួល និងគាំទ្រដល់ ការបង្កើត និងការអភិវឌ្ឍទីក្រុងឆ្លាត, រៀបចំវេទិកាពិគ្រោះយោបល់រវាងដៃគូក្នុងវិស័យឯកជន អង្គការជាតិ និងអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល ជាមួយស្ថាប័ននានាដើម្បីកៀរគរការគាំទ្រ និងកិច្ចសហប្រតិបត្តិការលើការងាររៀបចំទីក្រុងឆ្លាត។

ជាងនេះទៅទៀត គណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត ក៏មានតួនាទី សម្របសម្រួល និងគាំទ្រការផ្សព្វផ្សាយ និងបញ្ជ្រាបគោលនយោបាយនានាពាក់ព័ន្ធនឹង ការងារទីក្រុងឆ្លាតដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងរៀបចំរបាយការណ៍ ស្តីពីលទ្ធផលសម្រេចបាន និងវឌ្ឍនភាពការងារជូនប្រមុខរាជរដ្ឋាភិបាល ផងដែរ៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner