រដ្ឋមន្ត្រីការបរទេសអង់គ្លេស កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស លោកដូមីនិក រ៉ាអាប់ (Dominic Raab) បានមកដល់ប្រទេសកម្ពុជានៅយប់ថ្ងៃទី២២មិថុនា ឆ្នាំ២០២១ ដោយមានការទទួលពីលោកបណ្ឌិត ចែម វីឌ៉្យា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស លោកដូមីនិក រ៉ាអាប់ (Dominic Raab) បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៣មិថុនា ឆ្នាំ២០២១។ ក្នុងអំឡុងដំណើរទស្សនកិច្ចនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរ មានកិច្ចប្រជុំទ្វេភាគីដែលផ្ដោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។

ក្នុងឳកាសស្នាក់នៅរាជធានីភ្នំពេញ លោកដូមីនិក រ៉ាអាប់ មានជំនួបជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជាលោកសាយ សំអាល់ ហើយនិងគ្រោងអញ្ជើញទៅទស្សនកិច្ចនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជាផងដែរ។ ក្រសួងការបរទេសកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចបរស់លោកលោកដូមីនិក រ៉ាអាប់ នៅកម្ពុជានឹងជួយរួមចំណែកជំរុញ និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងការបោះជំហានទៅមុខក្នុងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខណ្ឌ័អាស៊ាន។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner