ហុកគីទោះបីជួបឧបសគ្គច្រើនក្នុងការអភិវឌ្ឍប៉ុន្តែថ្នាក់ដឹកនាំនៅតែបន្តឆន្ទៈរួមគ្នាបន្តដំណើរទៅមុខមិនបោះបង់

អត្ថបទដោយ៖
សារ៉ាន ទីងី

ហុកគីជាប្រភេទកីឡាអូឡាំពិក ហើយ កីឡាមួយប្រភេទនេះ គេនិយមខ្លាំងបំផុតនៅ ប្រទេសក្នុងតំបន់អឺរ៉ុប ប៉ុន្តែកីឡាលេងជាក្រុមមួយនេះបានលំហូលចូលក្នុងប្រទេសកម្ពុជាប្រមាណជាជាង២០ឆ្នាំមកហើយ តាមរយៈអង្គការសមាគមន៍ក្រៅរដ្ឋាភិបាលបរទេស។
ហុកគីឡាមានវិញ្ញាសាសម្រាប់លេងប្រមាណជា៣វិញ្ញសា ក្នុងនោះមានដូចជាការលេងជាក្រុមនៅលើទីលានហាលវាល លេងជាក្រុមនៅលើទីលានក្នុងសាល និង ការលេងជាក្រុមនៅក្នុងទីលានលើទឹកកក ដោយមានអ្នកចាំទីនិងការសុតបញ្ចូលទីដូចកីឡាបាល់ទាត់ដែរ។


បើយើងតាមដានលំអិតចំពោះការលេងកីឡាហុកគីនេះ យើងមើលទៅវាស្រដៀងនិងកីឡាមួយប្រភេទដែលក្មេងៗនិងចាស់ជំនាន់មុននិយមលេងនៅតាមជនបទ គឺគេតែងតែងនៅលើវាលស្រែពេលវដូវច្រូតកាត់រួចរាល់ ដែលកីឡាមួយប្រភេទអ្នកជនបទនិយមលេងនេះមានឈ្មោះថា កីឡាវាយគោល ។ សម្រាប់កីឡាវាយគោលខ្មែរនេះ សម្ភារសម្រាប់លេង គឺគ្រប់គោលធ្វើចេញពីដុំឈើ ឬគ្រាប់ត្នោត ឬឯដំបងវាយវិញ ធ្វើចេញពីឈើរោលភ្លើងពុតវាឲ្យងរក្បាលមានប្រវែងប្រហែលមួយម៉ែត្រកន្លះ យកទៅលេងជាក្រុមមានម្ខាង៥ទៅ៦នាក់ ដោយយកភ្លឺស្រែជាទីនៃការកំណត់ចាញ់ឈ្នះ។

ប៉ុន្តែសម្រាប់កីឡាហុកគីដែលលំហូរចូលពីតំបន់អឺរ៉ុបចូលមកកម្ពុជានេះ ជាប្រភេទកីឡាដែលគេធ្វើការប្រកួតប្រជែងនៅលើទីលានស្តង់ដា ដូចជាបាល់ទាត់ដែរ។ ហើយកីឡាមួយប្រភេទនេះ កម្ពុជាក៏មានអត្តពលិកកំពុងហ្វឹកហាត់និងធ្លាប់ចេញទៅប្រកួតនៅក្នុងព្រឹត្តិការណ៍អន្តរជាតិផងដែរ ។
ជាក់ស្តែងនៅក្នុងឆ្នាំ២០២១នេះ ហុកគីក៏កំពុងត្រៀមខ្លួនចូលរួមប្រកួតប្រជែងតំណាងឲ្យកម្ពុជាក្នុងព្រឹត្តិការណ៍អាស៊ីខប នៅប្រទេសថៃ នាអំឡុងខែវិច្ឆិកាខាងមុខផងដែរ។ប៉ុន្តែទោះបីជាកីឡាមួយនេះ មានឈ្មោះចេញទៅប្រកួតតំណាងឲ្យកម្ពុជាលើឆាកអន្តរជាតិជាញឹកញាប់រួចមកហើយក្តី ប៉ុន្តែហុកគីទើបតែក្រសួងអប់រំយុវជន និងកីឡាអនុញ្ញាតឲ្យប្រមូលផ្តុំហ្វឹកហាត់ ដោយមានប្រាក់ឧត្តមសម្រាប់កីឡាការិនីជម្រើសជាតិនៅក្នុងឆ្នាំ២០២១នេះទេ។


ហុកគីទោះបីមានវត្តមាននៅក្នុងប្រទេសកម្ពុជាប្រមាណជាជាង២០ឆ្នាំទៅហើយក្តី ក៏កីឡាមួយប្រភេទនេះ ជួបនៅបញ្ហាប្រឈមជាច្រើន ដូចជា ក្រសួងពុំទាន់គាំទ្រឧបត្ថម្ភជាថវិកាប្រចាំឆ្នាំសម្រាប់បង្កើតការប្រកួតជើងឯកថ្នាក់ជាតិដូចប្រភេទកីឡាផ្សេងៗ កង្វះខាត់ទីលានស្តង់ដា បច្ចេកទេសនៅមានកម្រិត និង ប្រជាពលរដ្ឋពុំសូវគាំទ្រនាំឲ្យកង្វះខាត់កីឡាករកីឡាការិនីសក្តានុពល។


ទោះបីមានបញ្ហាប្រឈមជាឧបសគ្គជាច្រើនដល់ការអភិវឌ្ឍកីឡាហុកគីនៅកម្ពុជាបែបនេះក្តី ក៏ថ្នាក់ដឹកនាំ ក្នុងសហព័ន្ធកីឡាមួយនេះ នៅតែបន្តឆន្ទៈជម្រុញអភិវឌ្ឍទៅមុនជានិច្ច ដើម្បីសម្រេចក្តីស្រម៉ៃឃើញហុកកីឡាកម្ពុជាឈ្នះមេដាយស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងការប្រកួតលើឆាកអន្តរជាតិនានាមកជូនកម្ពុជា៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner