កូវីដ១៩ និងសេដ្ឋកិច្ចមានការរីកចម្រើនក្រោមបៃដិន ប៉ុន្តែភាពបែកបាក់នយោបាយនៅមានខណៈអាមេរិកប្រារព្ធបុណ្យឯករាជ្យលើកទី ២៤៥
សុខ វេងឈាង
មនុស្សពេញវ័យអាមេរិកភាគច្រើនបានទទួលវ៉ាក់សាំង ប៉ុន្តែករណីកូវីដ១៩នៅតែកើន។ សេដ្ឋកិច្ចកំពុងកើនឡើង ប៉ុន្តែអតិផរណាត្រូវបានគេរំពឹងថានឹងកើតឡើង។ កិច្ចសហប្រតិបត្តិការទ្វេបក្សបានប្រសើរឡើង ប៉ុន្តែការអាក់អន់ចិត្តនយោបាយនៅខ្ពស់។
រយៈពេលជាងប្រាំខែចូលក្នុងអាណត្តរបស់ប្រធានាធិបតីចូ បៃដិន សហរដ្ឋអាមេរិកបានផ្លាស់ប្តូរតាមរបៀបជាច្រើនជាមួយនឹងទស្សនវិស័យអាជីវកម្មមានសុខភាពល្អ ហើយជំងឺកូវីដ១៩ យ៉ាងហោចនៅតំបន់ភាគច្រើននៃប្រទេស គឺស្ថិតក្រោមការគ្រប់គ្រង។
ប៉ុន្តែនៅពេលដែលមហាអំណាចសេដ្ឋកិច្ចពិភពលោកប្រារព្ធខួបកំណើតទី ២៤៥ របស់ខ្លួននៅថ្ងៃទី ៤ ខែកក្កដា ឬទិវាបុណ្យឯករាជ្យជាតិមិនមែនជាការប្រារព្ធពិធីពេញលេញដូចដែលលោកបៃដិនរំពឹងទុក និងសន្យាជាមុននោះទេ។
គោលដៅរបស់សេតវិមានក្នុងការចាក់វ៉ាក់សាំងកូវីដ១៩យ៉ាងណាស់មួយដូសជូន ៧០ ភាគរយនៃមនុស្សពេញវ័យ នឹងមិនត្រូវបានបំពេញទាន់ពេលកំណត់ ហើយច្បាប់ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះនៅតែមិនទាន់បានទៅដល់តុរបស់បៃដិននៅឡើយ។
បើទោះជាយ៉ាងនេះក៏ដោយ លោកបៃដិននឹងធ្វើការជប់លាងនៅសេតវិមាន ដោយមានអញ្ជើញភ្ញៀវចំនួន ១០០០ នាក់ ហើយនឹងមានការបាញ់កាំជ្រួចនៅសួន National Mall។ អ្នកវិភាគមួយចំនួនបាននិយាយថាលោកបៃដិនមានគ្រប់ហេតុផលសម្រាប់ធ្វើការជប់លាងនេះ ដោយសារបើប្រៀបធៀបទៅនឹងឆ្នាំមុន សេដ្ឋកិច្ច សុខភាពសាធារណៈ និងវិញ្ញាណរបស់ជាតិមានការរីកចម្រើនយ៉ាងខ្លាំង។
នៅក្នុងសញ្ញានៃវឌ្ឍនភាពសេដ្ឋកិច្ចក្រសួងការងារអាមេរិកបាននិយាយនៅថ្ងៃសុក្រទី ២ កក្កដាថាក្រុមហ៊ុនអាមេរិកបានជួលកម្មករច្រើនបំផុតក្នុងរយៈពេល ១០ ខែ។
ប៉ុន្តែសេដ្ឋកិច្ចគឺនៅឆ្ងាយពីការវិលត្រឡប់ទៅរកភាពធម្មតាវិញដោយបច្ចុប្បន្នចំនួនការងារតិចជាងការងារនៅខែកុម្ភៈឆ្នាំ ២០២០ ដែលមុនពេលមានជំងឺរាតត្បាត រហូតទៅដល់ ៧ លាន។ ទន្ទឹមនឹងនេះផងដែរអាជីវកម្មមួយចំនួនកំពុងមានបញ្ហាក្នុងការជួលនិយោជិក ដែលពួកគេត្រូវការ ខណៈដែលកម្មករកំពុងមានការលំបាកក្នុងការមើលថែកុមារ ឬព្រួយបារម្ភអំពីជំងឺហើយជ្រើសរើសនៅផ្ទះវិញ។
ការធ្វើបាតុកម្មលើការរើសអើងពូជសាសន៍បានធ្លាក់ចុះ បន្ទាប់ពីមានការរំជើបរំជួលយ៉ាងខ្លាំងនៅឆ្នាំ ២០២០ ចំពោះមរណភាពរបស់លោកGeorge Floyd ដែលជាជនជាតិស្បែកខ្មៅ។ ប៉ូលិសជនជាតិស្បែកសដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់លោក Floydត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ២២ ឆ្នាំកន្លះ។
ស្របពេលជាមួយគ្នានេះក្រសួងយុត្តិធម៌របស់លោកបៃដិនការគំរាមកំហែងពីភាពជ្រុលនិយមដែលរីកដុះដាលក្នុងប្រទេស ជាពិសេសអ្នកនិយមស្បែកស គឺកំពុងតែកើនឡើង។ ហើយការប្រយុទ្ធដែលដឹកនាំដោយគណបក្សសាធារណរដ្ឋប្រឆាំងនឹង «ទ្រឹស្ដីវាយតម្លៃពូជសាសន៍» ហើយបានកែប្រែការបង្រៀនពីប្រវត្តិសាស្ត្រអាមេរិកទៅជាសមរភូមិនយោបាយថ្មីមួយ។
បើទោះបីជាលោកបៃដិនបានសន្យាថាលោកនឹងព្យាយាមបញ្ចុះបញ្ចូលឱ្យបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ ភាពបែកបាក់នយោបាយរវាងគណបក្សទាំងពីរនេះគឺនៅតែធំ ហើយនៅលើបញ្ហាជាច្រើន។
បន្ថែមពីលើនេះបញ្ហាដ៏ធំមួយអាចកំពុងរងចាំអាមេរិកនៅពេលខាងមុខ។ រដ្ឋាភិបាលអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី១ កក្កដា បានរាយការណ៍ថាករណីកូវីដ១៩បានចាប់ផ្ដើមកើនឡើងជាថ្មីក្នុងរយៈពេលមួយសប្ដាហ៍មុន ដែលជំរុញដោយការកើនឡើងករណីថ្មីនៅតំបន់កណ្ដាល និងតំបន់អាគ្នេយ៍នៃប្រទេស។ តំបន់ទាំងនេះមានអត្រាទទួលវ៉ាក់សាំងទាប ហើយកំពុងរងការរីករាលដាលនៃវីរុសកូរ៉ូណាបម្លែងដែលតា ដែលងាយឆ្លងជាងមុន។
«យើងកំពុងអបអរក្នុងនាមជាប្រទេសមួយ ស្របពេលជាមួយគ្នានេះ យើងត្រូវទទួលស្គាល់ការពិតថាយើងកំពុងស្ថិតក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរសម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំង» អ្នកជំនាញជំងឺឆ្លងរដ្ឋាភិបាលអាមេរិកលោកវេជ្ជបណ្ឌិត Anthony Fauci បាននិយាយបែបនេះ ហើយបន្តទៀតថា៖«ហើយសារនោះគឺ៖ ទៅចាក់វ៉ាក់សាំង»។

Source: https://www.channelnewsasia.com/news/world/covid-19-economy-biden-us-independence-day-15151936