ឯកឧត្តម ជាវ តាយ នាំយកប្រេង និងម៉ាស៊ីនបូមទឹកចុះជួយអន្តរាគមន៍ សង្គ្រោះស្រូវប្រជាពលរដ្ឋ រងផលប៉ះពាល់ខ្វះខាតទឹកនៅក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច

នៅក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ ទឹកភ្លៀងមានការអូសបន្លាយធ្វើឲ្យស្ថានភាពរាំងស្ងួតបង្កផលប៉ះពាល់ ការងារបង្ករបង្កើនផលស្រូវនិងដំណាំ ស្ទើទូទាំងក្នុងស្រុកកំពង់ត្រាចខេត្តកំពត។ ដោយឡែកនៅក្នុងឃុំព្រែកក្រឹសនៃស្រុកនេះស្រូវក្នុងស្រែនិងដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋរងផលប៉ះពាល់ប្រឈមនឹងការខ្វះខាតទឹកមានចំនួន២០៤គ្រួសារ នៅក្នុងភូមិចំនួន៥លើផ្ទៃដីសរុបចំនួន១៩៥ហ.ត ក្នុងនោះ៖ភូមិព្រៃព្រូសប៉ះពាល់៣៧ហ.ត ភូមិដើមស្វាយ ៤៥ហ.ត ភូមិ លក្ខជា ៦០ហ.ត ភូមិកោះតាកូវ ២ហ.ត និងភូមិព្រែកក្រឹស ២៥ហ.ត។

ដោយពិនិត្យឃើញក្នុងស្ថានភាពនេះកាលពីព្រឹកថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០២១ ឯកឧត្តមជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយអភិបាលរងខេត្ត រួមនឹងមន្ត្រី អាជ្ញាធរ ជំនាញពាក់ព័ន្ធ បាននាំយកប្រេងនិងម៉ាស៊ីនបូមទឹក ដើម្បីចុះអន្តរាគមន៍បូមទឹក ជួយសង្គ្រោះស្រូវនិងដំណាំប្រជាពលរដ្ឋ ដែលប្រឈមរងផលប៉ះពាល់ ខ្វះខាតទឹកឲ្យបានទាន់ពេលវេលា។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តមជាវ តាយអភិបាលខេត្តបានបញ្ជាក់ថា បញ្ហាប្រឈម បញ្ហាសំណូមពរនិងការលំបាក របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ គ្រប់កាលៈទេសៈ និងដោះស្រាយបានទាន់ពេលវេលា បើទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ។ ពិសេសក្នុងបរិបទនៃការរងសម្ពាធ ឆ្លងរាតត្បាតដោយសារជំងឺកូវីដ១៩ ក៏ពិតមែន សម្ដេចតេជោ តែងតែបានណែនាំ និងជំរុញដល់ រដ្ឋបាលនិងអាជ្ញាធរ ជំនាញពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានជាប្រចាំដើម្បីចុះជួយអន្តរាគមន៍ ដោះស្រាយ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។

ជាក់ស្ដែងក្នុងដំណាក់កាលនេះរដ្ឋបាលខេត្តកំពតមិនអាចទុកចោល ឲ្យខូចខាតស្រូវនិងដំណាំរបស់ប្រជាពលរដ្ឋ ហើយមិនមានការ ជួយអន្តរាគមន៍ដោះស្រាយដើម្បីសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋដែលដែលកំពុងជួបប្រទះបញ្ហា ការខ្វះខាតទឹកដូចនៅក្នុងពេលនេះបានឡើយ ។ ស្ថិតក្នុងស្ថានភាពប្រឈមវិបត្តិដោយសារជំងឺកូវីដ១៩នៅចំពោះមុខនេះ ឯកឧត្តមអភិបាលខេត្តក៏បានស្នើឱ្យ មន្ត្រីរាជការកងកម្លាំងនិងប្រជាពលរដ្ឋ ត្រូវរួមសហការគ្នាជម្នះឧបសគ្គទាំងឡាយ ទៅតាមស្ថានភាពជាក់ស្ដែង ។ ពិសេសគឺការរស់នៅសម្របខ្លួនទៅតាមបរិបទថ្មីនៃជំងឺឆ្លងកូវីដ១៩ ត្រូវតែប្រុងប្រយ័ត្ននឹងអនុវត្តឲ្យបានល្អទាំងអស់គ្នា ដូចអនុវត្ត តាមវិធានការសុខាភិបាលគឺ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនទាំងដើម្បីបញ្ចៀសការឆ្លងជំងឺដ៏កាចសាហាវនេះចូលក្នុងសហគមន៍របស់យើងនិងដើម្បីសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង។

ឯកឧត្តមជាវ តាយ អភិបាលខេត្ត ក៏បានផ្ដាំផ្ញើ និងសំណូមពរដល់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងជំនាញពាក់ព័ន្ធ ពិសេស មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត និងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ក៏ត្រូវតែ បន្តតាមដានយកចិត្តទុកដាក់សហការគ្នា ឱ្យបានជាប្រចាំដើម្បីពិនិត្យមើល ក្នុងមូលដ្ឋានដែលស្រូវប្រជាពលរដ្ឋ កំពុងប្រឈមរងផលប៉ះពាល់ខ្វះខាតទឹកដើម្បីជំរុញការចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវឲ្យបានទាន់ពេលវេលាទៅតាមលទ្ធភាពដែលប្រភពទឹកមាននៅក្នុងតំបន់នោះគឺមិនត្រូវទុកចោលឲ្យស្រូវរងការខូចខាតដោយមិនមានការជួយអន្តរាគមន៍ដោះស្រាយពីអាជ្ញាធរនិងជំនាញបានឡើយ។ ទោះបីយ៉ាងណា ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ផ្នែកតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម ថានឹងមានភ្លៀងធ្លាក់នារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយសង្ឃឹមថា ស្រូវរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ មិនអាចទទួលរងផលប៉ះពាល់ខូចខាតធ្ងន់ធ្ងរអ្វីឡើយ។

ឯកឧត្តអភិបាលខេត្តក្នុងឱកាសនោះ ក៏បាន ប្រគល់ប្រេងម៉ាស៊ូតចំនួន១០ កានស្មើនឹង៣០០ លីត្រ ជូនដល់អាជ្ញាធរមូលដ្ឋាន សម្រាប់ចាត់ចែងបូមទឹកពីប្រឡាយមេ ដើម្បីបន្តស្រោចស្រពស្រូវនិងដំណាំ របស់ប្រជាពលរដ្ឋ និងបានជូនថវិកាសរុបចំនួន ៩៦ម៉ឺនរៀលដល់ប្រជាពលរដ្ឋនិងកងកម្លាំងនគរបាលរួមនិងប្រជាការពារចូលរួមនៅក្នុងមូលដ្ឋាននេះផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner