កម្ពុជានាំអង្ករចេញបានជាង ២៨ម៉ឺនតោន គិតជាទឹកប្រាក់ចំនួនជាង ២០០លានដុល្លារ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២១

យោងតាមសហពន្ធ័ស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារគោលដៅទាំង៤៩ប្រទេស នៅលើសកលលោក ក្នុងបរិមាណអង្ករសរុបចំនួន ២៨ម៉ឺន៤៥០តោន ដែលគិតជាទឹកប្រាក់ចំនួន ២០២លាន៦សែន៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ការនាំចេញក្នុងឆមាសទី១នោះ បានធ្លាក់ចុះប្រមាណជា ២៩.៤៧% បើធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

ចំពោះទឹកប្រាក់នៃការនាំចេញក៏បានធ្លាក់ចុះចំនួន ២៣.៧១% ផងដែរ ពោលគឺក្នុងឆមាសទី១ឆ្នាំ២០២០ ទទួលបានទឹកប្រាក់ ២៦៥លាន៦សែន៦ម៉ឺនដុល្លារ មកត្រឹម២០២លាន៦សែន៧ម៉ឺនដុល្លារនៅឆមាសទី១ ឆ្នាំ២០២១នេះ ។ ការធ្លាក់ចុះទាំងបរិមាណ និងតម្លៃ ត្រូវសហពន្ធ័ស្រូវអង្ករ បញ្ជាក់ថា ដោយសារបញ្ហាប្រឈមលើការដឹកជញ្ជូន កង្វះសំបកកុងតែន័រ ជាពិសេសសម្រាប់ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ធ្វើឱ្យតម្រូវការ និងតម្លៃលក់នាំចេញនៅត្រឹមកំពង់ផែ របស់អង្ករក្រអូបកម្ពុជាធ្លាក់ចុះយ៉ាងគំហុកពីតំលៃមធ្យមប្រមាណ ៩០០ ដុល្លារ មកត្រឹមតម្លៃប្រហាក់ប្រហែល ៧៣០ដុល្លារក្នុងមួយតោនតែប៉ុណ្ណោះ។

សម្រាប់ទីផ្សារដែលកម្ពុជាបាននាំអង្ករទៅកាន់នៅក្នុង ឆមាសទី១ នៃ ឆ្នាំ២០២១គឺមាន ប្រទេសនាំមុខចំនួន៥ រួមមាន ទី១ ប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ បាននាំចេញចំនួន ៥១.០៩% ស្មើនឹង ១៤ម៉ឺន៣ពាន់២៩៣តោន ទី២ ប្រទេសបារាំង ១០.៥០% ស្មើនិង២ម៉ឺន៩ពាន់៤៣៤ តោន ទី៣ ប្រទេសហ្កាប៊ុង ៧.៩៣% ស្មើនឹង២ម៉ឺន២ពាន់២២៨តោន ទី៤ ប្រទេស ម៉ាឡេស៊ី ៦.៧៩% ស្មើនឹង ១ម៉ឺន៩ពាន់៣០តោន និងទី៥ ប្រទេសហូឡង់ ៣.៥៤% ស្មើ ៩ពាន់៩២១ តោន។

ចំពោះប្រភេទអង្ករនាំចេញក្នុងឆមាសទី១ ឆ្នាំ២០២១ រួមមាន អង្ករក្រអូបប្រណីតមាន៣៧.៣៥% , អង្ករក្រអូបធម្មតាមាន២៨.៥៦%, អង្ករសគ្រាប់វែងមាន២៦% ,អង្ករចំហុយមាន២%, អង្ករសរីរាង្គមាន២%, អង្ករបាក់ ៣%, និង អង្ករដំណើប ១.២២ %។ ដោយឡែកសម្រាប់ខែមិថុនា ឆ្នាំ២០២១ អង្ករសរុបដែលកម្ពុជានាំចេញមានចំនួន៤ម៉ឺន៧ពាន់ ៤១៩ តោន ដែលមានការកើនឡើង១៤.១% បើធៀបនឹងខែមិថុនា ឆ្នាំ២០២០ គិតជាទឹកប្រាក់ ៣៣លាន៦សែន៩ម៉ឺនដុល្លារ ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner