អូស្រ្តាលីគ្រោងដាក់ពង្រាយយោធាប្រមាណ៥០០នាក់ នៅរដ្ឋវិចតូរៀ ដើម្បីបង្ខំឲ្យប្រជាជនអនុវត្តន៍បំរាមទប់ស្កាត់ COVID-19

អូស្រ្តាលី៖ វិចតូរៀ ដែលជារដ្ឋមានប្រជាជនច្រើនបំផុតទី២របស់ប្រទេសអូស្ត្រាលីនឹងដាក់ពង្រាយកម្លាំងយោធាជាច្រើន ក្នុងគោលបំណងបង្ខំឲ្យអនុវត្តបទបញ្ជាចត្តាឡីស័ក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ។

អភិបាលរដ្ឋវិចតូរៀ លោក ដានីញែល អាន់ឌ្រូ នៅថ្ងៃអង្គារនេះបញ្ជាក់ថា កម្លាំងយោធាប្រមាណ៥០០នាក់នឹងត្រូវដាក់ពង្រាយនៅក្នុងរដ្ឋរបស់លោក នាសប្តាហ៍នេះ ដើម្បីជួយពង្រឹងការអនុវត្តបទបញ្ជាចត្តាឡីស័ក ។

លោកបានសង្កត់ធ្ងន់ថា អាជ្ញាធរនឹងពិន័យប្រាក់៥.០០០ដុល្លារអូស្ត្រាលី ឬស្មើនឹង៤.៨៩៦ដុល្លារអាម៉េរិកចំពោះអ្នករំលោភបទបញ្ជាឲ្យនៅក្នុងផ្ទះ ហើយថា ករណីលើកលែងមានតែការចេញពីផ្ទះទៅឲ្យពេទ្យព្យាបាលគ្រាអាសន្នប៉ុណ្ណោះ ។

រដ្ឋវិចតូរៀ បានដាក់បម្រាមគោចរពេលយប់រួចជាស្រេចហើយនៅសប្តាហ៍នេះ ដោយរឹតបន្តឹងលើចលនាមនុស្សប្រចាំថ្ងៃខ្លាំងឡើង និង បានបញ្ជាឲ្យផ្នែកធំៗនៃសេដ្ឋកិច្ចមូលដ្ឋានបិទ ដើម្បីកាត់បន្ថយល្បឿនរីករាលដាលនៃវីរុសកូរ៉ូណា ។ តែមន្ត្រីអូស្រ្តាលីបានពិនិត្យឃើញថា ជិត១ភាគ៣នៃអ្នកឆ្លង COVID-19 មិនបានដាក់ខ្លួននៅផ្ទះដាច់ដោយឡែកពីគេទេ និង ទាមទារឲ្យមានការដាក់ពិន័យតឹងរ៉ឹងឡើង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner