មនុស្សស្លាប់ និងបាត់ខ្លួនសរុប២៦នាក់ ខណៈជាង១ពាន់នាក់ទៀតបង្ខំចិត្តភៀសខ្លួន ដោយសារតែគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរវាយប្រហារកូរ៉េខាងត្បូង
កូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះបានរាយការណ៍ពីមនុស្ស១៣នាក់បានស្លាប់ និង១៣នាក់បាត់ខ្លួន ខណៈមនុស្សច្រើនជាង១ពាន់នាក់ផ្សេងទៀតបង្ខំចិត្តភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងសន្ធាប់ជាច្រើនថ្ងៃមកនេះ បានបង្កជាគ្រោះទឹកជំនន់ដ៏ធំសម្បើម នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ។
ឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិខាងលើនេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចែអ៊ីន បើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃអង្គារនេះ ក្រោយលោកបានជំរុញឱ្យអាជ្ញាធរថ្នាក់ជាតិ និង តំបន់បង្កើនកិច្ចខិតខំប្រឹងប្រែងការពារកុំឱ្យមានមនុស្សស្លាប់ ដោយសារតែគ្រោះទឹកជំនន់បន្ថែមទៀត ។
ប្រភពបានឱ្យដឹងទៀតថា ករណីស្លាប់ទាំងអស់ខាងលើនេះ ត្រូវបានគេរាយការណ៍ថា ពួកគេបាត់បង់ជីវិតដោយសារគ្រោះរអិលបាក់ដី និង ត្រូវទឹកគួចយកទៅឆ្ងាយ កំឡុងពេលជិះនៅក្នុងរថយន្ដ ។ បើតាមអាជ្ញាធរកូរ៉េខាងត្បូង ទឹកជំនន់បានជន់លិចផ្ទៃដីស្រែចំការច្រើនជាង៥ពាន់៧៥១ហិកតា រួមទាំងផ្លូវហាយវ៉េយ៍ និងស្ពានសំខាន់ៗមួយចំនួយក្នុងរដ្ឋធានីសេអ៊ូលផងដែរ ៕