មនុស្សម្នាក់ស្លាប់ និង៦០នាក់របួស ក្នុងករណីផ្ទុះរោងចក្រផលិតប្លាស្ទិកនៅថៃ ខណៈអាជ្ញាធរព្រមានថា ផ្សែងគីមីកំពុងបង្កគ្រោះថ្នាក់ដល់ប្រជាជននៅជុំវិញនោះ

ថៃ៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បាត់បង់ជីវិត​ និងប្រមាណ៦០នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍ផ្ទុះឆេះដ៏ខ្លាំងក្លានៅរោងចក្រផលិតស្នោប្លាស្ទិក Ming Dih Chemical Co ក្នុងស្រុក Bang Phli ខេត្ត Samut Prakan ប្រទេសថៃ កាលពីវេលាម៉ោង៣៖២០នាទីព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ។

ស្របពេលជាមួយគ្នានោះដែរ ប្រជាជនក្នុងតំបន់ត្រូវបានភៀសខ្លួនទៅកាន់ទីមានសុវត្ថិភាព ដែលមានចម្ងាយប្រមាណ៥ទៅ១០គីឡូម៉ែត្រពីទីតាំងរោងចក្រផ្ទុះនោះ ។ អគ្គនាយកនៃនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថានលោក Attapol Charoenchansa  ក៏បានព្រមានដល់សាធារណជនដែរថា ផ្សែងដែលចេញពីរោងចក្រគីមីនោះ គឺជាសារធាតុបង្កមហារីក ហើយមិនត្រូវស្រូបចូលក្នុងខ្លួននោះទេ ។ ដោយឡែកអនុប្រធានផ្នែកសុខាភិបាលខេត្ត Samut Prakan លោក Non Chindawet ក៏បានព្រមានផងដែរថា ផ្សែងគីមីអាចធ្វើឲ្យរលាកភ្នែក ប្រព័ន្ធដង្ហើម និងស្បែក ហើយថា មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ចំនួនពីរត្រូវបានបង្កើតឡើង ដើម្បីជួយប្រជាជនដែលរងផលប៉ះពាល់ផងដែរ ។

បើតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ថៃ រហូតមកទល់ពេលនេះ គេនៅពុំទាន់ដឹងពីមូលហេតុបង្កអោយកើតមានសោកនាដកម្មដ៏អាក្រក់ខាងលើនេះនៅឡើយទេ ៕ ប្រភព៖ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner