កម្ពុជាមានភ្ញៀវជាង៧ម៉ឺននាក់ចេញដើរលេងទូទាំងប្រទេសនៅចុងសប្ដាហ៍ទីមួយនៃខែកក្កដា ឆ្នាំ២០២១នេះ (មានវីដេអូ)

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍អោយដឹងថា រយៈពេលពីរថ្ងៃចុងសប្តាហ៍ទីមួយ នៃខែកក្កដា ឆ្នាំ២០២១នេះ មានភ្ញៀវទេសចរសរុប៧ម៉ឺន៣ពាន់៧៩៧នាក់បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមានចំនួន៧ម៉ឺន២ពាន់៦៨១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១ពាន់១១៦នាក់ ។

ឯកឧត្តមរដ្ឋមន្រ្តីបានអោយដឹងទៀតថា គោលដៅទេសចរណ៍សំខាន់ៗរួមមាន៖ រាជធានីភ្នំពេញមានចំនួន១ម៉ឺន៥ពាន់៨០៨នាក់ ខេត្តកំពតមានចំនួន១ម៉ឺន១ពាន់២០៧នាក់ ខេត្តបាត់ដំបងមានចំនួន៩ពាន់៥៣៦នាក់ ខេត្តព្រះសីហនុមានចំនួន៧ពាន់៩១១នាក់ ខេត្តកំពង់ស្ពឺមានចំនួន៥ពាន់៧រយនាក់ និងខេត្តកណ្តាលមានចំនួន៥ពាន់២៨២នាក់ ។ ឯកឧត្តមបណ្ឌិតបន្ថែមថា ចំនួននេះមានការថយចុះប្រមាណ១៧.៨៧% បើធៀបនឹងសប្តាហ៍កន្លងមក និងថយចុះប្រមាណ ៦០.១១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ។

ការថយចុះបន្តិចនៃចំនួនភ្ញៀវទេសចរ បើធៀបនឹងសប្តាហ៍កន្លងមកនេះ ដោយសារការរឹតបន្តឹងវិធានការរដ្ឋបាលរបស់រាជធានី-ខេត្តមួយចំនួន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសការផ្អាកសកម្មភាពរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍មួយចំនួន ដែលប្រឈមហានិភ័យនៃការកើនឡើងជំងឺកូវីដ-១៩ ប៉ុន្តែគោលដៅទេសចរណ៍តំបន់ឆ្នេរ រួមជាមួយគោលដៅអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ នៅតែជាគោលដៅសំខាន់សម្រាប់ភ្ញៀវទេសចរផ្ទៃក្នុង ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner