ភ្ញៀវអន្តរជាតិជាង ៩ម៉ឺននាក់ បានធ្វើដំណើរចូលមកកម្ពុជាក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២១

អត្ថបទដោយ៖
ធី ដា

តាមរបាយការណ៍របស់នាយកដ្ឋានស្ថិតិទេសចរណ៍ នៃក្រសួងទេសចរណ៍នៅថ្ងៃទី៩កក្កដាឆ្នាំ២០២១ បានឱ្យដឹងថាក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២១ ពោលគឺពីខែមករាដល់ខែឧសភាឆ្នាំ២០២១ មានភ្ញៀវទេសចរអន្តរជាតិសរុប ៩ម៉ឺន១ពាន់៥៩៦នាក់ បានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា។

ភាគច្រើននៃអ្នកដំណើរអន្តរជាតិទាំងនោះ គឺជាអ្នកជំនួញ អ្នកវិនិយោគជាដើម។ របាយការណ៍បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលបានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា បានធ្លាក់ចុះ ៩២.២ ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិដែលបានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា មានចំនួនសរុប ១៣ម៉ឺន៦ពាន់១៤៣នាក់។

ក្នុងចំណោម ភ្ញៀវទេសចរអន្តរជាតិដែលចូលមកប្រទេសកម្ពុជាច្រើនជាងគេរួមមាន ភ្ញៀវជនជាតិថៃមានចំនួន ៤ម៉ឺន៦ពាន់៣៩៥ នាក់, ចិនមានចំនួន ២ម៉ឺន៧ពាន់៦៩៣ នាក់, វៀតណាមមានចំនួន ៥ពាន់៨៣៣ នាក់, ឥណ្ឌូណេស៊ីមានចំនួន ៣ពាន់១៣៨ នាក់, កូរ៉េខាងត្បូងមានចំនួន ១ពាន់៥៧៦នាក់, កោះតៃវ៉ាន់មានចំនួន ១ពាន់២៨៨ នាក់, អាមេរិក មានចំនួន ១ពាន់២៦៧នាក់, ម៉ាឡេស៉ីមានចំនួន ៧៤៩ នាក់, ជប៉ុនមានចំនួន ៦៨៧ នាក់ និងជនជាតិបារាំងមានចំនួន៥៤៩ នាក់។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់ថា ក្នុងចំណោមអ្នកដំណើរអន្តរជាតិដែលធ្វើដំណើរចូលមកប្រទេសកម្ពុជា ភាគច្រើនគឺជាអ្នកទេសចរ អ្នកជំនួញ អ្នកវិនិយោគជាដើម ដែលពួកគេចេញចូលមកត្រួតពិនិត្យក្រុមហ៊ុនរបស់ខ្លួននៅប្រទេសកម្ពុជា៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner