មនុស្សស្លាប់ ២០៩នាក់ និងរបួសជាង ១ពាន់ ៧០០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុ ងរយៈពេល ៦ខែដើមឆ្នាំ២០២១

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរក្នុងបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៩កក្កដាឆ្នាំ២០២១ លទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១។ សម្ដេចក្រឡាហោម បានលើកឡើងថា នៅក្នងរយៈពេល១ឆមាសដើមឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង១ពាន់២៦១លើក ដែលក្នុងនោះជាង៥០ភាគរយកើតឡើងពេលយប់ បណ្ដាលឱ្យស្លាប់មនុស្ស២០៩នាក់ និងរបួស១ពាន់៧៩២នាក់ ក្នុងនោះរបួសធ្ងន់១ពាន់៤៦នាក់។

តួលេខនោះបានថយចុះ៣៥៨លើក ស្មើនឹង២២ភាគរយ បើប្រៀបធៀបទៅនឹងគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០២០។ ដែលក្នុងនោះអ្នកស្លាប់ថយចុះ១៥២នាក់ ស្មើនឹង១៨ភាគរយ និងរបួសថយ៦៥៧នាក់ ស្មើនឹង២៧ភាគរយ។ មូលហេតុនៃគ្រោះថ្នាក់ត្រូវគេរកឃើញថា គឺពាក់ព័ន្ធនឹងល្បឿន៣៤ភាគរយ មិនគោរពសិទ្ធិ២៣ភាគរយ បត់៩ភាគរយ មិនប្រកាន់ស្តាំ១៦ភាគរយ វ៉ាជែង៨ភាគរយ ស្រវឹង៣ភាគរយ យានយន្ត៣ភាគរយ និងងងុយដេក១ភាគរយ។

សម្រាប់រយៈពេល៦ខែដើមឆ្នាំនេះ ភូមិសាស្ត្រដែលមានអត្រាគ្រោះថ្នាក់ច្រើន គឺរាជធានីភ្នំពេញ ដែលមានគ្រោះថ្នាក់៣៤០លើក ខេត្តកណ្តាល៨៦លើក និងខេត្តស្វាយរៀង៧៧លើក។ ចំណែកគ្រោះថ្នាក់រថយន្តដឹកកម្មករវិញ បានកើតមានឡើងនៅខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងតាកែវ ដែលបណ្ដាលឱ្យកម្មកររបួសសរុបចំនួន២៧៦នាក់។ បញ្ហាប្រឈម គឺបទល្មើសមិនពាក់មួកសុវត្ថិភាព ខ្សែក្រវ៉ាត់ និងល្មើសល្បឿននៅតែមានអត្រាខ្ពស់ ខណៈក្នុងចំណោមជនរងគ្រោះដែលស្លាប់មាន៧៨ភាគរយជាអ្នកជិះម៉ូតូ និង៦៩ភាគរយមិនពាក់មួកសុវត្ថិភាព។

ដោយឡែកនៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ សមត្ថកិច្ចបានត្រួតពិនិត្យយានយន្តសរុបចំនួន១០ម៉ឺន២ពាន់៩៩៥គ្រឿង រួមមានម៉ូតូល្មើសចំនួន៧ម៉ឺន៧ពាន់៧៩៤គ្រឿង។ ក្នុងចំណោមនោះការល្មើសដោយសារមិនពាក់មួកសុវត្ថិភាពមាន៩០ភាគរយ ល្មើសសញ្ញាចរាចរណ៍៦ភាគរយ ផ្លាកលេខ២ភាគរយ បើកបរប្រើទូរស័ព្ទ២ភាគ និងបើកបរទាំងស្រវឹង១ភាគរយ។ ជាមួយគ្នានោះ សមត្ថកិច្ចបានរកឃើញរថយន្តល្មើសចំនួន ២ម៉ឺន៨ពាន់២០១គ្រឿង ក្នុងនោះមានរថយន្តធំជាង៦០០គ្រឿង។ ក្នុងចំណោមនោះរថយន្តល្មើសខ្សែក្រវ៉ាត៥២ភាគរយ ល្បឿន១៦ភាគរយ បើបរប្រើទូរស័ព្ទ១០ភាគរយ ល្មើសសញ្ញាចរាចរណ៍៧ភាគរយ ផ្លាកលេខ៥ភាគរយ ល្មើសចំណុះ៤ភាគរយ គ្មានបណ្ណបើកបរ៤ភាគរយ បើកបរក្នុងស្ថានភាពស្រវឹង១ភាគរយ ល្មើសឆៀក១ភាគរយ និងល្មើសអាជីវកម្ម១ភាគរយ។

សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវជនរួមជាតិទាំងអស់ ត្រូវប្រកាន់យកការបើកបរដោយគោរពច្បាប់ចរាចរណ៍ឱ្យគ្រប់ៗគ្នា និងគ្រប់មធ្យោបាយធ្វើដំណើរ ព្រមទាំងមានស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងគ្រប់ពេលវេលា។ សម្ដេចបានបន្តថា បើស្រលាញ់អាយុជីវិតអ្នក និងក្រុមគ្រួសារអ្នក ព្រមទាំងគោរពជីវិត និងសេចក្ដីសុខអ្នកដទៃ ត្រូវរួមគ្នាគោរពច្បាប់ឱ្យបានល្អ។ នៅពេល គ្រប់គ្នាគោរពច្បាប់បានល្អ នោះនឹងធ្វើឱ្យស្ថានភាពចរាចរណ៍នៅក្នុងប្រទេសយើងមានភាពល្អប្រសើរ កាត់បន្ថយបានអ្នកស្លាប់ របួស ពិការ ការខាតបង់ថវិកា និងទ្រព្យសម្បត្តិ ព្រមទាំងរួមចំណែកលើកតម្កើងកិត្តិយសជាតិផងដែរ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner