តាលីបង់ធ្វើឃាតអាកាសយានិកយោធាអាហ្វហ្គានីស្ថាន ខណៈពេលអាមេរិកបន្តការដកខ្លួន

អត្ថបទដោយ៖
ឆាយ រត្ថា

វរសេនីយ៍ត្រី​កង​ទ័ព​អាកាស​អាហ្វហ្គានីស្ថាន​លោក Dastagir Zamaray កាន់​តែ​មាន​ការ​ភ័យ​ខ្លាច​​ចំពោះ​ការ​ធ្វើ​ឃាត​កងកម្លាំង​យោធា​នៅ​ក្រៅ​មូលដ្ឋាន​ទ័ព​ដោយ​ក្រុម​ឧទ្ទាម​តាលីបង់​ រហូត​ដល់​ថ្នាក់​រូប​លោក​សម្រេច​លក់​គេហដ្ឋាន​របស់​លោក​នៅ​រដ្ឋធានី​កាប៊ុល​ ដើម្បី​​ប្ដូរ​ទី​លំនៅ​ទៅ​រស់​នៅ​តំបន់​ដែល​មាន​សុវត្ថិភាព​ជាង​នេះ​។

កាល​ពី​ដើម​ឆ្នាំ​នេះ ជំនួស​នឹង​ការ​ជួប​ជា​មួយ​អ្នក​មាន​បំណង​ទិញ​គេហដ្ឋាន​របស់​លោក​នៅ​ការិយាល័យ​ភ្នាក់ងារ​អចលនទ្រព្យ​ អាកាសយានិក​អាយុ​ ៤១ ឆ្នាំ​រូប​នេះ​ បាន​ប្រឈម​នឹង​ខ្មាន់​កាំភ្លើង​ម្នាក់​ដែល​បាន​ដើរ​ចូល​ទៅ​ខាង​ក្នុង ហើយ​ដោយ​គ្មាន​សំដី​ណា​មួយ បាន​បាញ់​សម្លាប់​ភ្នាក់ងារ​អចលនទ្រព្យ​។ លោក​ Zamaray បាន​ដក​កាំភ្លើង​ខ្លី​របស់​លោក​ដើម្បី​បាញ់​តប​ ប៉ុន្តែ​ខ្មាន់​កាំភ្លើង​បាន​បាញ់​លោក​ចំ​ក្បាល​ ធ្វើ​ឱ្យ​ស្លាប់​ភ្លាម​ៗ​។

​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ យ៉ាង​ហោច​ណាស់​អាកាសយានិក​យោធា​អាហ្វហ្គានីស្ថានចំនួន​​ ៧ រូប រួម​ទាំង​លោក​​ Zamaray ត្រូវ​បាន​គេ​ធ្វើ​ឃាត​ ពេល​ដែល​ពួកគេ​សម្រាក​នៅ​ក្រៅ​មូលដ្ឋាន​កងទ័ព​ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ពីរ​រូប​បាន​ប្រាប់​សារព័ត៌មាន​រ៉យទ័រ​។

ការ​ធ្វើ​ឃាត​លើ​គោលដៅ​ទាំង​នេះ ដែល​មិន​ធ្លាប់​​កើត​ឡើង​រហូត​ដល់​កម្រិត​នេះ​ មុន​ការ​ចាប់​ផ្ដើម​ការ​ដក​ទាហាន​របស់​អាមេរិក បង្ហាញ​ពី​ការ​សង្ស័យ​របស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​អំពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​តាលីបង់​ដើម្បី​បំផ្លាញ​ផ្នែក​ដ៏​សំខាន់​ និង​មាន​តម្លៃ​បំផុត​របស់​យោធា​អាហ្វហ្គានីស្ថាន​គឺ ធនធាន​អាកាសយានិក​យោធា​ដែល​ទទួល​ការ​បណ្ដុះបណ្ដាល​ពី​អាមេរិក​ និង​អង្គការ​ណាតូ​។

អ្នក​នាំ​ពាក្យ​តាលីបង់​លោក​ Zabihullah Mujahid បាន​បញ្ជាក់​សារព័ត៌មាន​រ៉យទ័រ​ ថា​ពួកគេ​ពិត​ជា​បាន​សម្លាប់​លោក Zamaray មែន​ ហើយ​ពួកគេ​បាន​ចាប់​ផ្ដើម​​ប្រ​តិ​បត្តិ​ការ​​ដែល​នឹង​ធ្វើ​ឱ្យ​អាកាសយានិក​យោធា​អាហ្វហ្គានីស្ថាន​ត្រូវ​បាន​ «កម្ចាត់​ទាំង​ស្រុង​ ពី​ព្រោះ​ពួកគេ​ទាំង​អស់​បាន​ទម្លាក់​គ្រាប់​បែក​ប្រឆាំង​នឹង​ប្រជាជន​ខ្លួន​»​។

ក្នុង​ការ​ធ្វើ​ដូច្នេះ ក្រុម​តាលីបង់ ដែល​គ្មាន​កង​ទ័ព​អាកាស គឺ​កំពុង​សម្លឹង​ទៅ​រក​ការ​កាត់​បន្ថយ​សមត្ថភាព​យោធា​អាហ្វហ្គានីស្ថាន​ ខណៈ​ពេល​ដែល​ពួកគេ​បើក​ការ​វាយ​លុក​ជើងគោក​ដ៏​ធំ​។ ក្រុម​ឧទ្ទាម​នេះ​ បាន​​ធ្វើ​ការ​ដណ្ដើម​យក​ដែនដី​ ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​របស់​ប្រធានាធិបតី Ashraf Ghani យ៉ាង​រហ័ស ធ្វើ​ឱ្យ​មាន​ការ​កើន​ឡើង​ការ​ព្រួយបារម្ភ​ថា​ក្រុង​កាប៊ុល​អាច​ដួល​រលំ​។

រួម​ជា​មួយ​កម្លាំង​ពិសេស​អាហ្វហ្គានីស្ថាន​កង​ទ័ព​អាកាស​អាហ្វហ្គានីស្ថាន គឺ​ជា​សសរស្ដម្ភ​ដ៏​សំខាន់​មួយ​នៃ​យុទ្ធសាស្ត្រ​ទប់​ស្កាត់​ការ​ដណ្ដើម​កាន់កាប់​ទីក្រុង​ធំ​ៗ​ដោយ​តាលីបង់។ ពួកគេ​អាច​ធ្វើ​វាយ​ប្រហារ​ទៅ​លើ​កម្លាំង​តាលីបង់​ដែល​កំពុង​ប្រមូល​ផ្ដុំ​សម្រាប់​ធ្វើ​ការ​វាយ​ប្រហារ​ ដឹក​ជញ្ជូន​កង​កុម្ម៉ង់ដូ​ដើម្បី​បំពេញ​បេសកកម្ម​ និង​ផ្ដល់​ជំនួយ​តាម​អាកាស​ដែល​អាច​ជួយ​សង្គ្រោះ​អាយុ​ជីវិត​ដល់​កង​ទ័ព​ជើង​គោក​អាហ្វហ្គានីស្ថាន​។

អាកាស​យានិក​យោធា​អាហ្វហ្គានីស្ថាន​គឺ​ជា​គោលដៅ​សម្រាប់​ឃាត​ដ៏​គួរ​ទាក់ទាញ​។ អាកាស​យានិក​នីមួយ​ៗ ត្រូវ​ការ​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​សម្រាប់​ការ​បណ្ដុះបណ្ដាល​ ហើយ​ពិបាក​នឹង​ជំនួស​ ដោយ​ការ​បាត់បង់​នីមួយ​ៗ​តំណាង​ឱ្យ​ការ​បាត់បង់​ដ៏​ធំ​សម្រាប់​សមត្ថភាព​ការពារ​ជាតិ​របស់​ប្រទេស​នេះ​។

បើ​តាម​ទិន្នន័យ​របស់​អាមេរិក​ អាហ្វហ្គានីស្ថាន​មាន​អាកាសយានិក​យោធា​ត្រឹម​តែ​ ៣៣៩ នាក់​ និង​យន្តហោះ​ចំនួន​ ១៦០ គ្រឿង​ដែល​រួម​ឧទ្ធម្ភាគចក្រ UH-60 Black Hawk, យន្តហោះ​ដឹក​ជញ្ជូន C-130H, យន្តហោះ​វាយ​ប្រហារ​ធុនស្រាល A-29 Super Tucano, យន្តហោះAC-208, ឧទ្ធម្ភាគចក្រ MD-530 និង​ឧទ្ធម្ភាគចក្រ​ដឹក​ជញ្ជូន​ Mi-17 ដែល​ផលិត​ដោយ​រុស្សី​និង​ឧបត្ថម្ភ​ថវិកា​ដោយ​អាមេរិក​។ យន្តហោះ​ទាំង​នេះ​ត្រូវ​បាន​ថែរក្សា​ និង ជួសជុល​ដោយ​អ្នកម៉ៅការ​ស៊ីវិល ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​សហរដ្ឋអាមេរិក​។

របាយការណ៍​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​មួយ​កាល​ពី​ឆ្នាំ​២០២០ បាន​ព្យាករ​ថា​ប្រសិទ្ធភាព​ការ​ប្រយុទ្ធ​របស់​យន្តហោះ​ទាំង​នេះ​នឹង​ត្រូវ​បាត់​បង់​ ក្នុង​រយៈ​ពេល​ត្រឹម​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ប្រសិន​បើ អ្នកម៉ៅការ​ស៊ីវិល​ទាំង​នេះ​ចាក​ចេញ​ជា​មួយ​កង​ទ័ព​អាមេរិក​។ មក​ដល់​ពេល​នេះ​ក្រសួង​ការពារ​ជាតិ​អាមេរិក​មិន​បាន​បញ្ជាក់​ថា​តើ​អ្នកម៉ៅការ​ស៊ីវិល​នឹង​បន្ត​ធ្វើ​ការ​ឱ្យ​កង​ទ័ព​អាកាស​អាហ្វហ្គានីស្ថាន​ដែរ​ ឬ​ទេ​។

ចាប់​តាំង​ពី​ការ​ប្រកាស​ដក​កង​ទ័ព​អាមេរិក​កាល​ពី​ខែ​មេសា​មក​ ក្រុម​តាលីបង់​បាន​បើក​ការ​វាយ​ប្រហារ​ដ៏​ធំ​ ហើយ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ពួកគេ​បាន​ចូល​កាន់​កាប់​ដែនដី​ជា​ច្រើន​ក្នុង​ប្រទេស​នេះ​។ តំណាង​ក្រុម​តាលីបង់​បាន​អះអាង​ថា​ពួកគេ​បាន​ចូល​កាន់​កាប់​ ៨៥%​ នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​។ កាល​ពី​ថ្ងៃ​សៅរ៍​ តាលីបង់​បាន​ចូល​កាន់​កាប់​ច្រក​ព្រំដែន​ដ៏​សំខាន់​ចំនួន​ពីរ ជា​មួយ​នឹង​អ៊ីរ៉ង់ និង​តួកមេនីស្ថាន​។ កាល​ពី​ថ្ងៃ​សុក្រ​ ប្រទេស​រុស្សី​បាន​និយាយ​ថា​តាលីបង់​បាន​ចូល​កាន់​កាប់​ពីរ​ភាគ​បី​នៃ​តំបន់​ព្រំដែន​អាហ្វហ្គានីស្ថាន​ ជា​មួយ​តាហ្ស៊ីគីស្ថាន​។

ការ​ដក​ខ្លួន​ចេញ​របស់​អាមេរិក​ បាន​បង្ក​ឈឺ​ក្បាល​យ៉ាង​ខ្លាំង​សម្រាប់​រុស្សី​ ដែល​ភ័យ​ខ្លាច​ថា​ការ​កើន​ឡើង​ការ​ប្រយុទ្ធ​គ្នា​នៅ​អាហ្វហ្គានីស្ថាន​អាច​កំពប់​ទៅ​លើ​ប្រទេស​ជិត​ខាង​ ហើយ​បង្ក​ភាព​ចលាចល​នៅ​ក្នុង​អតីត​រដ្ឋ​សហភាព​សូវៀត​ក្នុង​តំបន់​អាស៊ី​កណ្ដាល​ ដែល​ធ្លាប់​ឆ្លង​កាត់​សង្គ្រាម​ស៊ីវិល​ជុំវិញ​ក្រុម​ជ្រុល​និយម​សាសនា​។ ​បើ​សិន​ក្រុម​តាលីបង់​ចូល​កាន់​អំណាច​វិញ ប្រទេស​អាហ្វហ្គានីស្ថាន​អាច​នឹង​ក្លាយ​ជា​មូលដ្ឋាន​ភេរវកម្ម​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក​ ដែល​នៅ​មាត់​ទ្វារ​ខាង​ត្បូង​របស់​ប្រទេស​រុស្សី​។

ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បាន​ការពារ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋបាល​លោក​ក្នុង​ការ​ដក​ខ្លួន​របស់​អាមេរិក​ចេញ​ពី​សង្គ្រាម​ជិត​ ២០ ឆ្នាំ​នេះ​ថា​៖ «ខ្ញុំ​នឹង​មិន​បញ្ជូន​ជនជាតិ​អាមេរិក​ជំនាន់​ថ្មី​ទៅ​ធ្វើ​សង្គ្រាម​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន ដោយ​គ្មាន​ការ​រំពឹង​ទុក​សម​ហេតុផល​ថា​នឹង​ទទួល​បាន​លទ្ធផល​ថ្មី​ទេ​»​។ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​មិន​អាច​គ្រប់គ្រង​ប្រទេស​បាន​មួយ​រយ​ភាគរយ​ទេ​។

យ៉ាង​ណា​មិញ​ កិច្ច​ចរចា​សន្តិភាព​រវាង​រដ្ឋាភិបាល និង​ក្រុម​តាលីបង់​នៅ​តែ​បន្ត ប៉ុន្តែ​កិច្ចពិភាក្សា​បាន​ជាប់​គាំង​ជា​ប្រចាំ និង​បរាជ័យ​ក្នុង​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​។

ប្រភព៖ Reuters, BBC

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner