AVI Voice Ep 28: គោលនយោបាយជប៉ុនចំពោះអាស៊ាន ក្រោមរដ្ឋបាលលោកនាយករដ្ឋមន្រ្តី ស៊ូហ្គា

អត្ថបទដោយ៖
AMS

នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានលើកឡើងពីប្រវត្តិរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្គា យូស៊ីហ៊ីដេ និងការបន្តនូវគោលនយោបាយការបរទេសរបស់លោក ស៊ីនហ្សូ អាបេ ជាពិសេសទាក់ទងនឹងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកដែលបើកចំហ និងសេរី (Free and Open Indo-Pacific) ។ លោកបណ្ឌិតបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ជប៉ុន ក្នុងការជំរុញដំណើរការរបៀងសេដ្ឋកិច្ចនៅក្នុងតំបន់មេគង្គ ក៏ដូចជាសក្ដានុពលរបស់ជប៉ុនក្នុងការធ្វើជាស្ពានជួយធ្វើឲ្យទំនាក់ទំនងកម្ពុជានិងអាមេរិកមានភាពល្អប្រសើរជាងនេះ ពោលគឺក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងសហរដ្ឋអាមេរិក និងចិនផងដែរ។

សំណួរទី១៖ តើលោកនាយករដ្ឋមន្រ្តី ស៊ូហ្គា យូស៊ីហ៊ីដេ ជានរណា? តើគាត់មានគុណសម្បតិ្ត ឬលក្ខណៈពិសេសអ្វីខ្លះ ដែលអាចឲ្យគាត់អាចទទួលសំឡេងភាគច្រើនពីសមាជិកនៅក្នុងគណបក្សប្រជាធិបតេយ្យ សេរី (Liberal Democratic Party-LDP) របស់ជប៉ុន?

លោក ស៊ូហ្គា យូស៊ីហ៊ីដេ គឺជាអ្នកនយោបាយជប៉ុន ដែលមកពីគ្រួសារកសិករ ដែលឪពុករបស់គាត់ជាម្ចាស់ចំការស្តរបឺរី(Stawberry) រីឯម្តាយរបស់លោកគឺជាគ្រូបង្រៀន។ នេះដូចជាលើកទីមួយហើយ ក្នុងថ្នាក់ដឹកនាំកំពូលរបស់ជប៉ុន ដែលលោកមានប្រវត្តិចេញមកពីគ្រួសារធម្មតា ពោលគឺគ្រួសារកសិករ។ ភាគច្រើន ថ្នាក់ដឹកនាំនៃគណបក្ស LDP នេះ គឺចេញមកពីត្រកូលអ្នកនយោបាយខ្ពស់ៗ ឬក៏មានវណ្ណៈខ្ពស់ៗនៅក្នុងសង្គមជប៉ុន។ លោកគឺជានាយករដ្ឋមន្ត្រីដែលបានតែងតាំងឡើង បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេបានចុះចេញពីតំណែង នៅខែកញ្ញា ឆ្នាំ២០២០ និយាយឲ្យចំទៅនេះគឺជាការបោះឆ្នោតនៅក្នុងបក្សទេ ដើម្បីជ្រើសរើសលោកធ្វើជានាយករដ្ឋមន្ត្រីជំនួស។ យើងឃើញថានៅក្នុងគណបក្ស LDP នេះ គឺមានបក្ខពួកមួយចំនួននៅក្នុងគណបក្សនេះធ្វើការប្រកួតប្រជែងគ្នាដែរ ក៏ប៉ុន្តែលោក ស៊ូហ្គា នេះ បានទទួលការជឿទុកចិត្ត និងការគាំទ្រពីលោក ស៊ីនហ្សូ អាបេ ​ដែលមានសំឡេងភាគច្រើននៅក្នុងគណបក្ស LDP នេះ បោះឆ្នោតឲ្យ។ នេះគឺជាកត្តារបស់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រី ដែលជាកត្តាសំខាន់នៅក្នុងការធ្វើឲ្យលោក ស៊ូហ្គា នេះ ជាប់ឆ្នោតទៅក្នុងការបោះឆ្នោតផ្ទៃក្នុងរបស់គណបក្ស LDP នេះ។

សំណួរទី២៖ តើនយោបាយការបរទេសរបស់លោកនាយករដ្ឋមន្រ្តី ស៊ូហ្គា និងនយោបាយការបរទេសរបស់អតីតនាយករដ្ឋមន្រ្តី លោក ស៊ីនហ្សូ អាបេ មានភាពខុសគ្នាយ៉ាងដូចម្តេច?

យើងឃើញថា នយោបាយការបរទេសរបស់លោក​ ស៊ូហ្គា គឺជាការបន្តនូវគោលនយោបាយការបរទេសរបស់លោក ស៊ីនហ្សូ អាបេ ជាពិសេសទាក់ទងនឹងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកដែលបើកចំហ និងសេរី (Free and Open Indo-Pacific) គឺជាគោលនយោបាយបន្តពីលោក ស៊ីនហ្សូ អាបេ។ បើយើងមើល ប្រវត្តិការងារ (Portfolio) របស់គាត់ ភាគច្រើន គឺទាក់ទងនឹងបញ្ហាផ្ទៃក្នុងជាជាងបញ្ហាការបរទេស។ គាត់ធ្លាប់មានបទពិសោធន៍ទាក់ទងទៅនឹងការដោះស្រាយមូលដ្ឋានទ័ពអាមេរិក នៅខេត្តOkinawa។ ដូចនេះគាត់ធ្លាប់មានបទពិសោធន៍ច្រើន តែបទពិសោធន៍គាត់នៅខាងក្រៅ គឺមានកម្រិត។ មានន័យថា រដ្ឋបាលរបស់លោក ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ គឺនៅបន្តអនុវត្តនូវគោលនយោបាយរបស់លោក ស៊ីស៊ីនហ្សូ អាបេ គឺពុំមានអ្វីប្រែប្រួលនោះទេ។

សំណួរទី៣៖ ជប៉ុនក្រោមរដ្ឋបាលលោកនាយករដ្ឋមន្រ្តី ស៊ូហ្គា បច្ចុប្បន្នបានចូលរួម ក៏ដូចជាដើរតួនាទីសំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគីនិយមជាមួយបច្ចិមលោកច្រើន ដែលក្នុងនោះមានដូចជា G7 ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ (Free and Open Indo-Pacific) និងកិច្ចសន្ទនាសន្តិសុខចតុភាគី (QUAD) ជាដើម ដែលកិច្ចសហប្រតិបត្តិការទាំងនោះកំពុងដាក់សម្ពាធភូមិសាស្ត្រនយោបាយខ្លាំងមកបណ្តាប្រទេសអាស៊ាន ពិសេសប្រទេសមេគង្គ។ តាមទស្សនៈរបស់លោក (ផ្ទាល់) តើអាចទេដែលជប៉ុននឹងអនុវត្តគោលនយោបាយការបរទេស មកបណ្តាប្រទេសអាស៊ាន និងមេគង្គ ដូចអ្វីដែលបច្ចិមលោកបាននិងកំពុងតែធ្វើដែរ? 

យើងត្រូវដឹងថា ជប៉ុនគឺមានភាពឯករាជ្យរបស់ខ្លួនក្នុងការតាក់តែង ក៏ដូចជាការអនុវត្តគោលនយោបាយការបរទេស ជាពិសេសមកតំបន់អាស៊ីអាគ្នេយ៍ ឬតំបន់អាស៊ានយើងនេះ។ កន្លងទៅនេះ យើងឃើញថា ជប៉ុនគឺជាអ្នកផ្ដួចផ្ដើមដំបូងគេនូវយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ (Free and Open Indo-Pacific) ក្រោមរដ្ឋបាលរបស់លោក ស៊ីនហ្សូ អាបេ។ បន្ទាប់មកមានបណ្ដាប្រទេសមួយចំនួនទៀតដូចជា ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី ហើយឥលូវក៏មានសហគមន៍អឺរ៉ុបជាដើម បានលើកយកនូវពាក្យ Free and Open Indo-Pacific Strategy នេះ ធ្វើជាគោលនយោបាយការបរទេស។ ដូចនេះ ដើម កំណើតនៃFree and Open Indo-Pacific Strategy នេះ ផ្តើមចេញមកពីប្រទេសជប៉ុន គឺអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ក្នុងបំណងនៃការពង្រឹងទំនាក់ទំនងជប៉ុនក្នុងការផ្សារភ្ជាប់សមុទ្រពីរ គឺសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រឥណ្ឌា។ ហើយជប៉ុនចង់ឲ្យឥណ្ឌាមានតួនាទីសំខាន់នៅក្នុងតំបន់យើងនេះពីព្រោះថា ឥណ្ឌាគឺជាប្រទេសប្រជាធិបតេយ្យធំជាងគេក្នុងពិភពលោក។ ដូចនេះ គុណតម្លៃរួមរវាងជប៉ុននិងឥណ្ឌា ក្នុងការជំរុញនូវលទ្ធិប្រជាតេយ្យនេះគឺជាបញ្ហាសំខាន់ទីមួយ។ បញ្ហាសំខាន់ទីពីរទាក់ទងទៅនឹងសេដ្ឋកិច្ច គឺធ្វើយ៉ាងណាដើម្បីផ្សារភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ ហើយជប៉ុនគឺចង់ធ្វើសមារណកម្មបន្ថែមទៀតជាមួយនឹងតំបន់អាស៊ាន ក៏ដូចជាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ បញ្ហាសំខាន់ទីបី គឺកត្តាភូមិសាស្ត្រនយោបាយ ជាពិសេសគឺការកើនឡើងនូវឥទ្ធិពល និងវត្តមានរបស់ចិននៅតំបន់នេះ។ ដូចនេះ គេការរួមគ្នារវាងបណ្តាប្រទេសដែលមានប្រព័ន្ធនយោបាយប្រហាក់ប្រហែលគ្នា ឬស្រដៀងគ្នានេះ (ដែលមានជប៉ុន ឥណ្ឌា អូស្ត្រាលី និងអាមេរិក) ក៏បានចងជាប្រព័ន្ធមួយ ដើម្បីជំរុញដោយការសហការគ្នា ដើម្បីជាការឆ្លើយតបទៅនឹងការកើនឡើងនូវឥទ្ធិពលចិននៅក្នុងតំបន់នេះដែរ។ ក៏ប៉ុន្តែ ពិតហើយចំពោះជប៉ុន ក្នុងយន្តការកិច្ចសន្ទនាចតុភាគី (QUAD) នេះ ក៏មានគោលបំណងសំខាន់ដែរ គឺការជំរុញផ្នែកសេដ្ឋកិច្ច ពីព្រោះថា សេដ្ឋកិច្ចជប៉ុន គឺមិនអាចផ្តាច់ចេញពីសេដ្ឋកិច្ចនៅក្នុងតំបន់នេះទេ។ នេះគឺជាហេតុផលសំខាន់មួយទៀតក្នុងយុទ្ធសាស្ត្រ Free and Open Indo-Pacific របស់ជប៉ុននេះ។

សំណួរទី៤៖ ​ជប៉ុនសព្វថ្ងៃ កំពុងធ្វើការយ៉ាងជិតស្និតជាមួយអាស៊ាន និងប្រទេសមេគង្គ ក្រោមក្របខណ្ឌអាស៊ាន-ជប៉ុន និងកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។ តើគោលនយោបាយរបស់ជប៉ុននៅក្នុងក្របខណ្ឌទាំងពីរមានភាពខុសគ្នាដែរឬទេ?

យើងឃើញថា ជប៉ុនគឺជាតួអង្គមួយដ៏សំខាន់ក្នុងក្របខណ្ឌអាស៊ាន ជាពិសេសទៅលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាដើម។ កន្លងទៅនេះ ប្រទេសជប៉ុនបានជំរុញខ្លាំងទាក់ទងនឹងការធ្វើសេរីភាវូបនីយកម្ម ក៏ដូចជាការជំរុញនូវពាណិជ្ជកម្មនៅក្នុងតំបន់នេះដែរ ពោលគឺនៅក្នុងក្របខណ្ឌភាពជាដៃគូគ្រប់ជ្រុងជ្រោយពាណិជ្ជកម្មសេរីថ្នាក់តំបន់ (Regional Comprehensive Economic Partnership-RCEP) គឺជប៉ុនបានដើរតួនាទីសំខាន់នៅក្នុងការជំរុញនៅក្នុងការចរចានេះ។ ហើយជប៉ុនក៏បានដើរតួនាទីសំខាន់នៅក្នុង Comprehensive and Progressive Trans-Pacific Partnership-CPTPP)ក្រោយសហរដ្ឋអាមេរិកបានដកខ្លួនចេញពី CPTPP នេះ គឺជប៉ុនបានដើរតួនាទី ជាអ្នកដឹកនាំនៅក្នុងការ
ចរចា។ នេះគឺជាគោលនយោបាយពាណិជ្ជកម្ម គោលនយោបាយសេដ្ឋកិច្ចការបរទេសរបស់ជប៉ុន គឺមានភាពសកម្ម ដើម្បីជំរុញសមាហរណកម្ម។ អាស៊ានក៏បានផលប្រយោជន៍ពីគោលនយោបាយបើកចំហជំរុញពាណិជ្ជកម្មសេរីរបស់ជប៉ុនដែរ។​

បើយើងក្រឡេកមកផ្នែកវិនិយោគវិញ យើងឃើញថាការវិនិយោគរបស់ជប៉ុននៅក្នុងតំបន់នេះ ក៏មានសារៈសំខាន់ដែរ ហើយគុណភាពនៃការវិនិយោគជប៉ុនមានកម្រិតខ្ពស់ ជាពិសេសក្នុងការផ្ទេរនូវចំណេះដឹង ក៏ដូចជាបច្ចេកវិទ្យា ពីក្រុមហ៊ុនជប៉ុនមកដល់ក្រុមហ៊ុននៅក្នុងតំបន់ ហើយបានផ្សារភ្ជាប់នៅក្រុមហ៊ុនតំបន់នេះទៅក្នុងខ្សែចង្វាក់ផលិតកម្ម ដែលភ្ជាប់ជាមួយជប៉ុន។ នេះគឺជាផលប្រយោជន៍រួមទាក់ទងនឹងការធ្វើសមារណកម្មសេដ្ឋកិច្ចរវាងជប៉ុននិងអាស៊ាននេះ។

បើយើងក្រឡេកមកមេគង្គមេគង្គនេះគឺ ជប៉ុនឲ្យសារៈសំខាន់ច្រើនជាងគេ។ ជប៉ុនគឺជាប្រទេសទីមួយ ហើយដែលមានយន្តការកិច្ចប្រជុំកំពូលមេគង្គជប៉ុន (Mekong-Japan Summit) ពោលគឺបន្ទាប់ពីមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមក យើងឃើញថាឈានទៅដល់ថ្នាក់កំពូល។ នេះបានន័យថាជប៉ុនបានឲ្យតម្លៃលើតំបន់មេគង្គយើងនេះមុនគេ។ តួនាទីរបស់ជប៉ុននៅក្នុងតំបន់មេគង្គនេះ គឺការផ្សារភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការផ្សារភ្ជាប់នូវប្រព័ន្ធសេដ្ឋកិច្ច ពោលគឺច្រករបៀងសេដ្ឋកិច្ច East-West ដោយភ្ជាប់ពីខាងកើតទៅខាងលិច ឬភ្ជាប់ពីតំបន់មេគង្គទៅឥណ្ឌា។ នេះគឺជាតួនាទីសំខាន់របស់ជប៉ុនដែរ ក្នុងការជំរុញរបៀងសេដ្ឋកិច្ចនៅក្នុងតំបន់មេគង្គនេះ។

សំណួរទី៥៖ ចំពោះការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងសហរដ្ឋអាមេរិក និងចិន យើងឃើញថា កម្ពុជាក៏ទទួលបានសម្ពាធមិនស្ទើរដែរនៅក្នុងការប្រកួតប្រជែងនេះ ដែលធ្វើឲ្យប៉ះពាល់ខ្លះទៅដល់ទំនាក់ទំនងកម្ពុជា-អាមេរិក។ តើលោកបណ្ឌិតយល់ឃើញយ៉ាងដូចម្តេចចំពោះតួនាទីរបស់ជប៉ុន ក្នុងទំនាក់ទំនងកម្ពុជា-អាមេរិក? តើអាចទេ ប្រសិនបើមានការជួយជ្រោមជ្រែងពីមិត្តជប៉ុន កម្ពុជានិងអាមេរិកអាចនឹងមានភាពល្អប្រសើរជាងនេះ?

ពិតហើយ​ ជប៉ុនចង់ឲ្យប្រទេសកម្ពុជាយើងមានមិត្តច្រើន។ ប្រសិនបើទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកមានភាពល្អប្រសើរ វាក៏ផ្តល់ផលប្រយោជន៍ទៅដល់ជប៉ុនផងដែរ។ តួអង្គជប៉ុននេះសំខាន់ណាស់ក្នុងការធ្វើជាស្ពាននៃការជឿទុកចិត្តគ្នារវាងកម្ពុជានិងសហរដ្ឋអាមេរិក ជាពិសេសទាក់ទងនឹងបញ្ហារសើបមួយចំនួន ដូចជាបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាដើម។ យើងឃើញថា​ ជប៉ុនគឺខំប្រឹងស្វែងយល់ពីកម្ពុជា ហើយក៏ខំប្រឹងពន្យល់ដល់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ដើម្បីឲ្យស្វែងយល់បន្ថែមទាក់ទងនឹងស្ថានការណ៍នយោបាយ ក៏ដូចជាសិទ្ធិមនុស្ស ហើយនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែរ។ នេះគឺជាតួនាទីមួយដ៏សំខាន់ដែរ ដែលជប៉ុនកន្លងទៅនេះ បានជួយផ្សារភ្ជាប់ទំនាក់ទំនងកម្ពុជាជាមួយនឹងលោកខាងលិចដែរ ពីព្រោះថាការយល់ឃើញពីជប៉ុនទាក់ទងបញ្ហាសិទ្ធិមនុស្ស និងបញ្ហាលទ្ធិប្រជាតេយ្យនេះ គឺមានភាពខុសគ្នាជាមួយនឹងសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបដែរ។ ចង់ឬមិនចង់ ជប៉ុនជាប្រទេសមួយនៅក្នុងអាស៊ី ហើយយល់ពីវប្បធម៌ យល់ពីសង្គម និងប្រវត្តិសាស្ត្ររបស់អាស៊ី ក៏ដូចជាលទ្ធិប្រជាធិបតេយ្យបែបអាស៊ី។ ដូចនេះ តួអង្គជប៉ុនគឺជាតួអង្គមួយសំខាន់នៅក្នុងបញ្ហានេះ។

សំណួរទី៦៖ ប្រសិនបើជប៉ុនដើរតួនាទីសំខាន់មែននោះ តើបច្ចុប្បន្ន ការប្តេជ្ញារបស់ជប៉ុនមានក្នុងកម្រិតណាដែរ? ហើយកម្ពុជាគួរមានអ្វីនៅក្នុងដៃ ដើម្បីអាចជំរុញឲ្យជប៉ុនដើរតួនាទីជាស្ពានសម្របសម្រួលទំនាក់ទំនងកម្ពុជា-អាមេរិកបាន?

យើងឃើញថា ជប៉ុនគឺឲ្យតម្លៃខ្ពស់មកពីតំបន់អាស៊ីអាគ្នេយ៍យើងនេះ ដោយសារតែជោគវាសនាសេដ្ឋកិច្ច ឬក៏សន្តិសុខរបស់ជប៉ុន គឺផ្សារភ្ជាប់កាន់តែខ្លាំងឡើងជាមួយនឹងបណ្តាប្រទេសនៅក្នុងតំបន់។ ជប៉ុនបានចូលចិត្តទុកដាក់ និងបន្តជំរុញនូវវត្តមាន ក៏ដូចជាតួនាទីរបស់ខ្លួននៅក្នុងតំបន់នេះ។ ហើយនៅក្នុងបរិបទនៃការប្រកួតប្រជែងរវាងប្រទេសចិននិងអាមេរិកនៅក្នុងតំបន់នេះ ជប៉ុនបានខំជួយធ្វើយ៉ាងណាឲ្យតំបន់នេះមានស្ថិរភាពដែរ កុំឲ្យឈានទៅរកវិបត្តិ ឬក៏សង្គ្រាមណាមួយនាពេលអនាគត។ ដូចនេះ តួនាទីជប៉ុននៅក្នុងតំបន់នេះគឺសំខាន់។ ទាក់ទងទៅនឹងកម្ពុជា ខ្ញុំគិតថាជប៉ុននៅតែបន្តដើរតួនាទីសំខាន់របស់ខ្លួន ទាំងផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស ការការពារបរិស្ថាន ក៏ដូចជាការជំរុញនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជានេះដែរ។ យើងឃើញថាកន្លងទៅនេះ ជប៉ុនគឺដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់។ ហេដ្ឋារចនាសម្ព័ន្ធទន់នេះគឺកាន់តែសកម្មជាងនេះ ទៅថ្ងៃអនាគត ជាពិសេសការពង្រឹងនូវសមត្ថភាពស្ថាប័ន អភិបាលកិច្ច ធនធានមនុស្ស បច្ចេកវិទ្យាជាដើម។ ដូច្នេះនេះ ការជួយរបស់ជប៉ុននៅក្នុងការស្ដារសេដ្ឋកិច្ចរបស់កម្ពុជាក្នុងបរិបទកូវីដ និងក្រោយកូវីដ ជាពិសេសការជំរុញផ្នែកធនធានមនុស្ស និងផ្នែកបច្ចេកវិទ្យា គឺជាកត្តាមួយសំខាន់ហើយជប៉ុនក៏មានឧត្តមភាពផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្សនេះដែរ៕

វាគ្មិន៖ បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner