CAMSOC នឹងបើកយុទ្ធនាការជាតិ ស្តីពីការផ្សព្វផ្សាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ទាំងថ្នាក់ជាតិ និងអន្តរជាតិ ក្នុងផែនការទិសដៅឆមាសទី២ ឆ្នាំ២០២១នេះ

ក្នុងឆមាសទី២ ឆ្នាំ២០២១នេះ CAMSOC នឹងបើកយុទ្ធនាការយ៉ាងច្រើន ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដូចជាយុទ្ធនាការ ប្រជាជនម្នាក់លេងកីឡាមួយមុខ យុទ្ធនាការកម្ពុជាស្អាត យុទ្ធនាការកាត់បន្ថយគ្រឿងញៀន-គ្រោះថ្នាក់ចរាចរណ៍ និងសណ្តាប់ឆ្នាប់សង្គមជាច្រើនទៀត និងបញ្ជូលបន្ថែមនូវវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និង២ចូលរួម ក្នុងពេលដំណាលគ្នានេះដែរ ។ ក្នុងនោះ យុទ្ធនាការជាតិ ដ៏សំខាន់មួយ គឺCAMSOC នឹងបើកយុទ្ធនាការជាតិស្តីពីការផ្សព្វផ្សាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដោយរួមគ្នាផ្សព្វផ្សាយទាំងថ្នាក់ជាតិ និងអន្តរជាតិ ដោយបណ្តាប្រទេសនានា ក្នុងអាស៊ីអាគ្នេយ៍ទាំងអស់ តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកនីមួយៗជាសមាជិកអាស៊ីអាគ្នេយ៍នឹងជួយជ្រោមជ្រែងដល់ការផ្សព្វផ្សាយនេះផងដែរ ។

យុទ្ធនាការផ្សព្វ ផ្សាយនេះនឹងប្រកាសបើកជាផ្លូវវការដ៏ខ្ពង់ខ្ពស់ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងក្របខ័ណ្ឌរាជធានី-ខេត្តទូទាំងប្រទេស នាពេលខាងមុខ ។ នេះជាការថ្លែងបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នឹងត្រួតពិនិត្យឯកសារបូកសរុបលទ្ធផលការងារឆមាសទី១ និងបន្តលើកទិសដៅឆមាសទី២ ឆ្នាំ២០២១ ។


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា បញ្ហាប្រឈមនានា ដែលកើតឡើងហើយក្នុង៦ខែនេះដែរ ឯឧត្តមបណ្ឌិត ថោង ខុន បានដាក់ចេញនូវគោលការណ៍ជាច្រើន ដែលរងនូវផលប៉ះពាល់ ហើយបានដំណោះស្រាយនូវបញ្ហាជាបន្តបន្ទាប់ ដូចជា ពហុកីឡដ្ឋានជាតិអូឡាំពិក ដែលត្រូវបានរាជរដ្ឋាភិបាលរៀបចំព្យាបាលកូវីដ-១៩ ដូច្នេះយើងបានរៀបចំផែនការថ្មី ដោយលើកយកការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាទៅហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ ក្រោយពេលបញ្ចប់ និងទទួលបានការអនុញ្ញាតិពីរាជរដ្ឋាបាល ទើបយើងនឹងជួសជុលកែលម្អ ពហុកីឡដ្ឋានជាតិអូឡាំពិកឡើងវិញ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។


ដំណោះស្រាយទី២ គឺរឿងការរៀបចំការការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ដែលបច្ចុប្បន្នរាជរដ្ឋាភិបាលបានអនុញ្ញាតហើយ ក៏ប៉ុន្តែយើងត្រូវរៀបចំការហ្វឹកហាត់ឲ្យមានការមានវិធានការបិទខ្ទប់ប្រកបដោយសុវត្ថិភាពត្រឹមត្រូវ នៅក្នុងការបិទខ្ទប់ និងធានាបាននូវភាពកក់ក្ដៅរបស់កីឡាករ កីឡាការិនី និងគ្រូបង្វឹក ដែលត្រូវបានប្រមូលផ្ដុំគ្នានៅតាមទីលានហ្វឹកហាត់ នៅកន្លែងពហុកីឡដ្ឋានជាតិមរតកតេជោ និងនៅតាមទីកន្លែងមួយមួយចំនួនទៀត ដែលសហព័ន្ធកីឡាជាតិនានាមានកន្លែងរៀបរយរបស់គាត់ផ្សេងៗពីគ្នា ។


សូមបញ្ជាក់ថា កម្ពុជានឹងប្រារព្ធ «ពិធីរាប់ថយក្រោយ៥០០ថ្ងៃ» ដ៏ធិកអធមម្តងទៀត ឆ្ពោះទៅពិធីបើកជាផ្លូវការស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលរយៈពេល៥០០ថ្ងៃគត់ គឺចំថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដោយនៅក្នុងពិធីរាប់ថយក្រោយ ៥០០ថ្ងៃនេះនឹងស្វែងរក និងប្រគល់រង្វាន់លើកទឹកចិត្តជូនដល់ជ័យលាភីរចនាភ្លើងគុប និងរចនាមេដាយ ដើម្បីបន្តការផ្សាយបន្ថែមទៀត ឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ឲ្យកាន់តែទូលំទូលាយទាំងក្របខ័ណ្ឌថ្នាក់ជាតិ និងអន្តរជាតិ ។


សូមរំឭកថា កម្ពុជាបានប្រារព្ធពិធីរាប់ថយក្រោយ ១០០០ថ្ងៃឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាផ្លូវការម្តងហើយ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ៕ ( រូបភាព Yim Sovathana )

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner