ប្រធានក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មី នាំយកថវិកា និងបរិក្ខាសុខាភិបាល ឧបត្ថម្ភដល់មណ្ឌលចត្តាឡីស័ក នៃវិទ្យាល័យសង្គមថ្មី ខេត្តព្រះវិហារ

អត្ថបទដោយ៖
ធី ដា

ខេត្តព្រះវិហារ ៖ ប្រធានក្រុមការងារខេត្តព្រះវិហារ ចុះជួយស្រុកសង្គមថ្មី លោក សំ លាងទ្រី បានដឹកនាំមន្ត្រី និងក្រុមការងារ ចុះទៅកាន់មណ្ឌលចត្តាឡីស័ក នៃវិទ្យាល័យសង្គមថ្មី ដើម្បីនាំយកថវិកា និងបរិក្ខាសុខាភិបាល ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ ទុកសម្រាប់ប្រើប្រាស់ក្នុងគ្រាចាំបាច់ និងនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅថ្ងៃទី១៣ កក្កដា ឆ្នាំ២០២១នេះ ស្ថិតក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

អំណោយដែលក្រុមការងារថ្នាក់ខេត្ត ត្រូវប្រគល់ជូនមណ្ឌលធ្វើចត្តាឡីស័កវិទ្យាល័យសង្គមថ្មី រួមមាន ម៉ាស់ចំនួន ៤០០០ម៉ាស់ ,ទឹកអាល់កុលចំនួន ៤កាន ,ទឹកបរិសុទ្ធ ៥០កេស ,ថ្នាំផ្តាសាយ ៥០ប្រអប់ និងថវិកា ១លានរៀល សម្រាប់ដោះស្រាយនៅក្នុងមណ្ឌលចត្តាឡីស័ក ។ អំណោយទាំងនេះ មួយផ្នែកបានមកពីការចូលរួមពី លោក ចាន់ នន់វិទ្យា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសង្គមថ្មី និងមួយផ្នែកទៀត ជាការចូលរួមរបស់ក្រុមការងារខេត្តព្រះវិហារ ចុះជួយស្រុកសង្គមថ្មី ផងដែរ។

លោក សំ លាងទ្រី បានមានប្រសាសន៍ ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ ទេសរដ្ឋមន្ត្រី មាស សុភា និងអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ក្នុងនាមថ្នាក់ដឹកនាំថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ តែងគិតគូ យកចិត្តទុកដាក់ ជុំវិញការលំបាករាល់ការបំពេញតួនាទី ភារកិច្ចជាប្រចាំ និងជីវភាពក្នុងការរស់នៅរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ រួមទាំងប្រជាពលរដ្ឋ ថែមទៀតផង។

លោក សំ លាងទ្រី បានថ្លែង ចាត់ទុកការជួយឧបត្ថម្ភអំណោយពីថ្នាក់ដឹកនាំ និងមន្ត្រីក្រុមការងារគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋាន នាពេលនេះ គឺសបញ្ជាក់ឲ្យឃើញ ពីការចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយរាជរដ្ឋាភិបាល រួមទាំងអាជ្ញាធរខេត្ត ក្នុងស្មារតីរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងបន្តរីករាលដាលនៅក្នុងដែនដីខេត្តព្រះវិហារ និងខេត្តនានា នៅទូទាំងប្រទេសនាពេលនេះ។

លោក សំ លាងទ្រី បានជម្រុញអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៅក្នុងមូលដ្ឋាននោះ ឲ្យបន្តអប់រំ ណែនាំដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ អំពីការអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងការអនុវត្តតាមវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ឲ្យបានជាប់ជាប្រចាំ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍របស់យើង គ្មានការផ្ទុះឡើង នៃជំងឺកូវីដ១៩។

គួរបញ្ជាក់ថា នៅគ្រាបច្ចុប្បន្ន ស្រុកសង្គមថ្មី មានមណ្ឌលធ្វើចត្តាឡីស័កចំនួន ២កន្លែង និងមានអ្នកកំពុងធ្វើចត្តាឡីស័ក ចំនួន ១៧០នាក់ មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១០នាក់។ នៅពេលខាងមុខនេះ អាជ្ញាធរស្រុក មានគម្រោងរៀបចំទីតាំងមណ្ឌលធ្វើចត្តាឡីស័ក មួយកន្លែងផ្សេងទៀត ដើម្បីត្រៀមដាក់អ្នកវិជ្ជមានជំងឺកូវីដ១៩ ៕ដោយ ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner