កូវីដ១៩ បំប្លែងថ្មីប្រភេទ Alpha និង Delta អាចគម្រាមកំហែងដល់ការបើកដំណើរការកោះភូកេត

ការកើនឡើងនូវករណីកូវីដ-១៩ បំប្លែងថ្មីប្រភេទ Alpha និង Delta នៅទីក្រុងបាងកក និងព្រំដែនខាងត្បូងនៅជិតប្រទេសម៉ាឡេស៊ីបានបង្កើនការភ័យខ្លាចក្នុងចំណោមអាជីវកម្មទេសចរណ៍។ អាជីវកម្មទេសចរណ៍ទាំងនោះភ័យខ្លាចវីរុសបំប្លែងថ្មីនេះអាចនឹងចម្លងចូលកោះទេសចរណ៍រួមមានកោះភូកេត (Koh Phuket) និងកោះសាមុយ (Koh Samui) បន្ទាប់ពីមានការបើកដំណើរវិស័យទេសចរណ៍ឡើងវិញនៅតំបន់កោះទាំងនោះ។

កោះភូកេតបានបើកស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញកាលពីថ្ងៃទី១ កក្កដា ហើយភ្ញៀវទេសចរណ៍ដែលទទួលការចាក់វ៉ាក់សាំងពេញលេញប្រហែលចំនួន​ ៤.០០០ នាក់បានធ្វើដំណើរមកកោះនេះដែលចំនួននេះប្រហែលនឹង​៥ ភាគរយនៃផលិតផលក្នុងស្រុក មុនពេលមានរោគរាតត្បាតនេះផ្ទុះឡើង​កាលពីដើមឆ្នាំ​២០២០​។

ទោះយ៉ាងណា បច្ចុប្បន្នទីក្រុងបាងកកកំពុងស្ថិតក្នុងការរិតត្បិតដោយសារចំនួនករណីវិជ្ជមានកូវីដ-១៩​ កើនឡើងច្រើនដែលបណ្តាលអោយមន្ទីរពេទ្យខ្វះគ្រែសម្រាប់ដាក់ព្យាបាលអ្នកជម្ងឺ។ អាជ្ញាធរក្រុងបាងកកបានដាក់បំរាមគោចរដោយបិទភោជនីយដ្ឋាន និងស្ប៉ា និងរឹតត្បិតការធ្វើដំណើរផងដែរ។

ការផ្ទុះឡើងវិញនៃករណីកូវីដ-១៩ នៅប្រទេសថៃនេះគឺជាពេលវេលាមិនសមស្របសម្រាប់បើកដំណើរការកោះភូកេតឡើងវិញ ទោះបីកោះនេះមានអត្រាឆ្លងទាប និងមានអ្នកទទួលបានការចាក់វ៉ាក់សាំងប្រមាណ ៤២០.០០០ នាក់ដែលចំនួននេះជិត ៧០ ភាគរយនៃប្រជាជននៅលើកោះនោះ។

គួរបញ្ជាក់ផងដែរថា​ ការបើកដំណើរការកោះភូកេតឡើងវិញនេះនឹងក្លាយជាគំរូសម្រាប់ខេត្តផ្សេងៗទៀតដែលមានន័យថា ខេត្តនីមួយៗត្រូវតែមានវ៉ាក់សាំងធ្នកទទួលបានារចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ៧០ ភាគរយនៃប្រជាជនសរុបនៅក្នុងតំបន់នោះ និងបុគ្គលិកដែលធ្វើការក្នុងវិស័យទេសចរណ៍ត្រូវទទួលបានការចាក់វ៉ាក់សាំងទាំងអស់គ្នា។

ទោះជាយ៉ាងណា កោះភូកេតអាចនឹងបិទវិញបើសិនជាមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៩០ ករណីក្នុងរយៈពេលមួយសប្តាហ៍។ បន្ថែមពីការបើកកោះភូកេត កោះចំនួនបីបន្ថែមនឹងបើកដំណើរការឡើងវិញនៅថ្ងៃទី ១៥ កក្កដាដោយយកគំរូតាមកោះភូកេតដែលកោះទាំងបីនោះរួមមាន កោះសាមុយ កោះផែង (Koh Phangan) និងកោះតាវ (Koh Tao)។

គួរបញ្ជាក់ផងដែរថាកាលពីខែមិថុនា​ នាយករដ្ឋមន្រ្តីថា លោក Prayut Chan-o-Cha បាននិយាយថា លោកប្តេជ្ញានឹងបើកប្រទេសឡើងវិញនៅពាក់កណ្តាលខែតុលាដើម្បីជួយស្តារសេដ្ឋកិច្ចរបស់ប្រទេសជាតិឡើងវិញ។

តាមការស្រង់សម្តីរបស់សារពត៌មាន​ The Diplomat នៅថ្ងៃបើកដំណើរការកោះភូកេតឡើងវិញ លោក Prayut បាននិយាយថា បន្ទាប់ពីបើកដំណើរការតំបន់ទេសចរណ៍កោះឡើងវិញ រដ្ឋាភិបាលបានដឹងពីកម្រិតហានិភ័យដែលអាចមាន។ ប៉ុន្តែយើងត្រូវទទួលយកហានិភ័យនេះ​ ដូច្នេះប្រជាជនថៃបើកដំណើរការអាចរកស៊ីបាន ។

ប្រទេសថៃអាចគ្រប់គ្រង​ស្ថានភាពកូវីដ-១៩ បានជោគជ័យនៅឆ្នាំដំបូងនៅពេលដែលមានរោគរាតត្បាតនេះកើតឡើង ប៉ុន្តែរោគរាតត្បាតនេះបានបំផ្លាញវិស័យទេសចរណ៍របស់ប្រទេសនេះដែលវិស័យធ្លាប់តែ​បានផ្តល់ការងារដល់ប្រជាជនថៃរាប់លាននាក់ឯណោះ និងរួមចំណែកប្រមាណ ២០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ។

យោងតាមការផ្សាយរបស់សារព័ត៌មានរ៉យទ័រ​ ប្រទេសថៃបានខាតបង់ថវិកាប្រមាណ ៥០ ពាន់លានដុល្លារនៅពេលដែលចំនួនភ្ញៀវទេសចរបានធ្លាក់ចុះក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ​។យ៉ាងណាមិញ កោះភូកេតគឺពឹងផ្អែកលើវិស័យទេសចរណ៍នេះ ដោយប្រហែល ៩៥ ភាគរយនៃសកម្មភាពសេដ្ឋកិច្ចនៅលើកោះនេះផ្តោតលើវិស័យវិស័យទេសចរណ៍ទាំងស្រុង។

ប្រភព៖ SCMP

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner