ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ចិន​ នឹង​ផ្គត់ផ្គង់​វ៉ាក់សាំង​កូវីដ១៩​រហូត​ទៅ​ដល់​ ៥៥០ លាន​ដូស​ទៅ​កម្មវិធី​ COVAX

សុខ វេងឈាង

កាល​ពី​ថ្ងៃ​ចន្ទ​ ទី​១២ កក្កដា ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ចិន Sinovac និង ​Sinopharm បាន​យល់ព្រម​ផ្គត់ផ្គង់​វ៉ាក់សាំង​កូវីដ១៩​របស់​ពួកគេ​ទៅ​កាន់​កម្មវិធី​ COVAX ​ជា​ការ​ផ្ដល់​ការ​ជំរុញ​ដ៏​សំខាន់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ចែកចាយ​ជុំវិញ​ពិភពលោក​ ដែល​បាន​បរាជ័យ​ក្នុង​ការ​សម្រេច​គោលដៅ​ដើម​ដោយ​សារ​កង្វះ​វ៉ាក់សាំង​។

យោង​តាម​សម្ព័ន្ធ​មិត្ត​វ៉ាក់សាំង​ Gavi ដែល​តំណាង​ឱ្យ​ COVAX ក្នុង​ការ​បញ្ជា​ទិញ​ ក្រុមហ៊ុន​ Sinopharm បាន​យល់ព្រម​ផ្គត់ផ្គង់​វ៉ាក់សាំង​ចំនួន​ ៦០ លាន​ដូស​ចាប់​ពី​ខែ​កក្កដា​ ដល់​ខែ​តុលា​ ដោយ​មាន​ជម្រើស​បញ្ជា​ទិញ​បន្ថែម​ទៀត​ចំនួន​ ១១០ លាន​ដូស​។ ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ Sinovac បាន​យល់ព្រម​ផ្គត់ផ្គង់​រហូត​ទៅ​ដល់​ ៣៨០ លាន​ដូស​។

Gavi បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា​៖ «កិច្ចព្រមព្រៀង​ទាំង​នេះ​ ដែល​ធ្វើ​ឡើង​នៅ​ពេល​ដែល​វីរុស​បម្លែង​ដែលតា​កំពុង​បង្កើន​ហានិភ័យ​ដល់​ប្រព័ន្ធ​សុខាភិបាល និង​ចាប់​ផ្ដើម​ផ្ដល់​ជូន​វ៉ាក់សាំង​ចំនួន ១១០ លាន​ដូស​ភ្លាម​ៗ​ ទៅ​កាន់​អ្នក​ដែល​ចូល​រួម​ទាំង​អស់​នៃ​ COVAX Facility ដោយ​មាន​ជម្រើស​សម្រាប់​ដូស​បន្ថែម​ទៀត​»​។

កម្មវិធី​នេះ ដែល​គាំទ្រ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ ត្រូវ​បាន​រៀប​ចំ​ឡើង​កាល​ពី​ឆ្នាំ​មុន ដោយ​មាន​គោលដៅ​ធ្វើ​ការ​ចែកចាយ​វ៉ាក់សាំង​កូវីដ១៩​ចំនួន​ ១,៨ ពាន់​លាន​ដូស​ទៅ​កាន់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ត្រឹម​ឆ្នាំ​ ២០២២​។ COVAX បាន​ជួប​ប្រទះ​នឹង​បញ្ហា​ជា​ច្រើន​ ដែល​រួម​មាន​កង្វះ​វ៉ាក់សាំង ហើយ​មក​ដល់​ពេល​នេះ​បាន​ចែកចាយ​វ៉ាក់សាំង​ចំនួន​ ១០២ លាន​ដូស​ ដែល​ជា​គម្លាត​ដ៏​ធំ​ពី​គោលដៅ​ខាង​លើ​។

ប្រទេស​ជា​ច្រើន​គឺ​ពឹង​ផ្អែក​លើ​ COVAX សម្រាប់​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ ខណៈ​ក្រុមហ៊ុន​ឱសថ​ជា​ច្រើន​បាន​ផ្ដល់​អាទិភាព​លើ​ការ​ផ្គត់ផ្គង់​ប្រទេស​អ្នក​មាន​។ កាល​ពី​ខែ​ឧសភា ក្រុមហ៊ុន​ឱសថ​អាមេរិក​ Moderna បាន​យល់​ព្រម​វ៉ាក់សាំង​ពួកគេ​ចំនួន ៥០០ លាន​ដូស​ទៅ​កាន់​ COVAX ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ​គេ​រំពឹង​ថា​ Modern នឹង​ផ្គត់​ផ្គង់​តែ​មួយ​ភាគ​តូច​នៃ​ចំនួន​នេះ​៕

ប្រភព៖

Source: https://www.straitstimes.com/asia/east-asia/chinese-vaccine-makers-to-supply-up-to-550m-covid-19-doses-to-covax-programme

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner