ការសន្យាខ្យល់ : លោក មុត ចន្ថា រិះគន់មេឧទ្ទាមក្រៅច្បាប់រឿងសន្យាជួយចិញ្ចឹមភរិយា និងកូនៗលោកកែម ឡី

ភ្នំពេញៈ មនុស្សជំនិតរបស់លោក កឹម សុខា បានរិះគន់ដោយគ្មានសំចៃទៅលើមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ដែលបានសន្យាជួយផ្គត់ផ្គង់ជីវភាពរស់នៅរបស់ភរិយាសពលោក កែម ឡី និងជួយចិញ្ចឹមកូនៗទាំង៥នាក់ រួមទាំងការរៀនសូត្រផងដែរ។ ប៉ុន្តែវាមិនដូចជាអ្វីដែលទណ្ឌិត សម រង្ស៊ី បានសន្យានោះទេ គឺបានត្រឹមតែកេងចំណេញទាំងប្រជាប្រិយភាព និងទាំងចំណេញលុយច្រកចូលហោរប៉ៅ។ 

លោក មុត ចន្ថា បានសរសេរនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនសំដៅទៅរកទណ្ឌិត សម រង្ស៊ី ថា អតីតមេដឹកនាំបក្សប្រឆាំងម្នាក់កំពុងរត់គេចខ្លួនធ្លាប់បានអះអាងនៅចំពោះមុខលោកស្រី ប៊ូ រចនា ភរិយារបស់លោកបណ្ឌិត កែម ឡី នៅប្រទេសអូស្រ្តាលី «…កុំបារម្ភរឿងជីវភាពរស់នៅនិងការចិញ្ចឹមថែទាំកូនៗ រៀនសូត្រ ចាំខ្ញុំនឹងជួយ…»។ ការសន្យាក្តែងៗនេះបានត្រឹមតែសន្យាខ្យល់ក្នុងរយៈពេល៥ឆ្នាំទៅនេះ។ សន្យារបស់បុរសម្នាក់នោះ គឺជាការសន្យាយកប៊ុង ឬ យកគួរ ដើម្បីឆ្លៀតឱកាសកេងចំណេញទាំងប្រជាប្រិយភាព និងទាំងចំណេញលុយច្រកចូលហោរប៉ៅ។

លោកបានបន្តថា អតីតអ្នកនយោបាយដែលកំពុងមានសិទ្ធិសេរីភាព មានមុខរបរនៅក្រៅប្រទេស ឬអ្នកខ្លះដេកស៊ីលុយ ឧត្ថម្ភជាប្រាក់បង់ពន្ធរបស់ប្រជាជននៃរដ្ឋបរទេស ដែលពួកគេកំពុងតាំងទីលំនៅក្នុងឋានៈជាជនភៀសខ្លួន ប៉ុន្តែពួកគេ មិនបានយកភ្នែកមើលក្រុមគ្រួសាររបស់លោកបណ្ឌិត កែម ឡី ឡើយហើយពួកគេបានត្រឹមតែរៀបចំពិធីបុណ្យរំឭក ខួបនៃការសម្លាប់ប៉ុណ្ណោះ ដើម្បីចំណេញប្រជាប្រិយភាព និងប្រមូលយកលុយដាក់ចូលហោរប៉ៅ។ ឱកាសរកលុយ! បើមិនខ្មេះទេ កុំព្រុសឱ្យគេឮ!។

ទាក់ទងរឿងនេះដែរ អ្នកស្រី ប៊ូ រចនា បានទម្លាយឲ្យដឹងថា ចាប់តាំងពីអ្នកស្រី និងកូនៗទាំង៥នាក់បានទៅរស់នៅ ប្រទេសអូស្ត្រាលីមិនដែលបានទទួលថវិកាជំនួយពីលោកសម រង្ស៊ី និងមូលនិធីណាមួយទេ។ ការទម្លាយរឿងនេះ របស់ភរិយាលោកកែម ឡី បានធ្វើឡើងនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន cambodiadaily កាលពីពេលថ្មីៗនេះ។

នៅក្នុងកិច្ចសម្ភាសន៍តាមប្រព័ន្ធអេឡិចត្រូនិកជាមួយសារព័ត៌មាននោះ អ្នកសារព័ត៌មានអង្គភាពមួយនេះ បានលើកជាសំណួរទៅអ្នកស្រី ប៊ូ រចនា ថា “កន្លងមកអ្នកស្រីគ្រួសាររបស់អ្នកស្រីបានទទួលនូវប្រាក់ឧបត្ថម្ភផ្សេងៗ ជាពិសេសពីគណបក្សនយោបាយដូចជាគណបក្សសង្គ្រោះជាតិ ជាពិសេសពីភាគីលោកសម រង្ស៊ីដែលតែងតែប្រមូល លុយនៅក្រៅប្រទេសច្រើនរាប់ម៉ឺនដុល្លារថាតើដែលបានចែកចាយមកដល់អ្នកស្រីដែរទេលុយទាំងអស់ហ្នឹង ឬក៏មូលនិធិខ្លះដើរប្រមូលលុយដាក់ឈ្មោះបណ្ឌិត កែម ឡី យកទៅធ្វើបុណ្យធ្វើទាន តើលុយនឹងមានដែលបានចូលមកដល់អ្នកស្រី គ្រួសាររបស់អ្នកស្រីដែរទេ?”។

អ្នកស្រី ប៊ូ រចនា បានឆ្លើយយ៉ាងដូច្នេះថា “ការពិតទៅតាំងពីខ្ញុំមកជាន់លើទឹកដីអូស្ត្រាលីនេះ គឺខ្ញុំអត់បានទទួលថវិកា ជំនួយមកពីខាងណាទេ”។

សូមជម្រាបថា អ្នកស្រី ប៊ូ រចនា និងកូនៗទាំង៥នាក់បានទៅដល់ទីក្រុងមែលប៊ន (Melbourne)ប្រទេសអូស្ត្រាលីកាល ពីដើមឆ្នាំ២០១៨ បន្ទាប់ពីរស់នៅក្រោមការការពាររបស់អង្គការសហប្រជាជាតិនៅប្រទេសថៃអស់រយៈពេលជិត១៨ខែ។ 

គួរបញ្ជាក់ថា លោក កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់នៅក្នុងម៉ាតមួយកន្លែង ក្បែរស្ដុបបូកគោរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២១៦។សពលោក កែម ឡី ត្រូវបានយកទៅបញ្ចុះនៅស្រុកកំណើតនាខេត្តតាកែវ។    ចំណែកឃាតកដែលបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនឈ្មោះថា ជួប សម្លាប់ ក៏ត្រូវបានតុលាការសម្រេចទោសរួចមកហើយ៕

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner