ក្រុម​ឧទ្ទាម​នៅ​អេត្យូពី​ បាន​​អះអាង​ថា​ខ្លួន​បាន​បង្កើន​ការ​កាន់កាប់​នៅ តំបន់ Tigray​

មឹង ច័ន្ទសុម៉ានីតា

ជម្លោះ​រវាង​រដ្ឋាភិបាល​ អេត្យូពី​និង​កង​កម្លាំង​នៅ​តំបន់​ Tigray ​ភាគ​ខាងជើង​របស់​អេត្យូពី​បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​មាន​ភាព​វឹក​វរ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ ដោយ​ការ​ប្រយុទ្ធ​គ្នា​នេះ​បាន​ បន្ត​ចាប់តាំង​ពី​ខែ​ វិច្ឆិកា​ឆ្នាំ ២០២០ ​ដែល​ធ្វើ​ឱ្យ​ប្រទេស​នៅ​ស្នែង​ទ្វីប​អាហ្វ្រិក​នេះ​មាន​អស្ថិរភាព​ ហើយ​ធ្វើ​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​ បាន​ស្លាប់​និង​ ៣៥០.០០០​ នាក់​ផ្សេង​ទៀត​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​អត់ឃ្លាន​។

កម្លាំង​មកពី​តំបន់​ Tigray​ បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ពួកគេ​កំពុង​រុញ​ច្រាន​កម្លាំង​របស់​ រដ្ឋាភិបាល​ភាគ​ខាង​ត្បូង​ ហើយ​ដណ្ដើម​បាន​ទីក្រុង​ពី​កម្លាំង​រដ្ឋាភិបាល​ដោយ​បាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​ក្នុង​ការ​បន្ត​ប្រយុទ្ធ​ រហូត​ដល់​ពេល​ព្រំដែន​កាលពី​មុន​សង្គ្រាម​ ត្រូវ​បាន​ស្តា​ឡើង​វិញ​។

ការ​អះអាង​ចូល​ដណ្ដើម​នេះ​ គឺ​មិន​អាច​បញ្ជាក់​ពី​ដោយ​ឯករាជ្យ​នោះ​ទេ​ ពីព្រោះ​ទំនាក់​ទំនង​នៅ​តំបន់​នេះ​មាន​ការ​ធ្លាក់​ចុះ​។ ជម្លោះ​បាន​ផ្ទុះ​ឡើង​នៅ​តំបន់​ Tigray​ កាល​ពី​ ៨ ខែមុន ​បន្ទាប់​ពី​ នាយករដ្ឋមន្ត្រី​អេត្យូពី​លោក Abiy Ahmed បាន​បញ្ជូន​កម្លាំង​រដ្ឋាភិបាល​ ដើម្បី​បង្ក្រាប​ការ​បះបោរ​មួយ​ដោយ​ក្រុម​ដ៏​មាន​ឥទ្ធិពល​គឺ​រណសិរ្ស​រំដោះ​ប្រជាជន​ Tigray​ (TPLF) ។

គណបក្ស​វិបុលភាព​ របស់​លោក​នាយករដ្ឋមន្ត្រី Ahmed ​បាន​ឈ្នះ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ ដែល​បាន​ធ្វើឡើង​នា​ពេល​ថ្មីៗ​នេះ​ ដោយ​បាន​ទទួល​សំឡេង​គាំទ្រ​លើសលប់ ធ្វើ​លោក​រឹត​បន្តឹង​ការ​កាន់​អំណាច​។ រដ្ឋាភិបាល​ក៏​បាន​ប្រកាស​ជ័យ​ជម្នះ​ បី​សប្ដាហ៍​ក្រោយ​ពេល​មានការ​ដណ្តើម​ កាន់កាប់​រដ្ឋធានី​ក្នុង​តំបន់​ Mekelle​ ប៉ុន្តែ​ការ​ប្រយុទ្ធ​នៅតែ​ បន្ត​ធ្វើ​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​ស្លាប់​និង​ជិត​ ២ លាន​ នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ផ្ទះ​របស់​ពួក​គេ។​

ប៉ុន្តែ​នៅ​ថ្ងៃ​ទី ​២៨ ខែ​មិថុនា ​TPLF​ បាន​ប្រកាស​ពី​ ការ​ដណ្ដើម​យក​តំបន់​ Mekelle​ ឡើង​វិញ​ហើយ​ឥឡូវ​នេះ​បាន​អះអាង​ថា​នឹង​គ្រប់គ្រង​តំបន់​ Tigray​ វិញ​ដែល​មាន​ប្រជាជន​ ៧ លាន​នាក់​។

អ្នកនាំ​ពាក្យ​យោធា​អេត្យូពី​ លោក​វរសេនីយ៍ឯក​ Getnet Adane ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​អ្នកណា​ដែល​គ្រប់គ្រង​ ទីក្រុង​នោះ​ទេ​ ប៉ុន្តែ​បាន​និយាយ​នៅ​ក្នុង​សារ​ជា​អក្សរ​ថា៖​ «យើង​បាន​ប្រកាស​បទ​ឈប់​បាញ់​មួយ​» ដោយ​សំដៅ​ទៅ​លើ​បទ​ឈប់​បាញ់​ឯកតោភាគី​ ដែល​ប្រកាស​ដោយ​រដ្ឋាភិបាល​អេត្យូពី​បន្ទាប់​ពី​កងទ័ព​របស់​ខ្លួន​បាន​ដកចេញ​ពី​តំបន់​ Mekelle ។ ​ក្រុម​TPLF បាន​ហៅ​បទ​ឈប់​បាញ់​នេះ​ ថា​ជា​រឿង​លេង​សើច​។

អ្នកនាំពាក្យ​របស់​លោក​នាយករដ្ឋមន្រ្តី ​Ahmed និង​ជា​ប្រធាន​ក្រុម​ការងារ​របស់​រដ្ឋាភិបាល​លើ Tigray មិនបាន​ឆ្លើយតប​ទៅ​នឹង​ការ​ស្នើសុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។

ជម្លោះ​នេះ​បាន​បង្ខំ​ឱ្យ​ប្រជាជន​ជិត​ ២ លាន​នាក់​រត់​ភៀសខ្លួន​​ចេញ​ពី​ផ្ទះ។​ កាល​ពី​ដើម​ខែ​មុន​ អង្គការសហប្រជាជាតិ​បាន​និយាយ​ថា​ មាន​មនុស្ស​យ៉ាងតិច​ ៣៥០,០០០ នាក់​ នៅ​តំបន់​ Tigray កំពុង​ប្រឈម​នឹង​ភាព​អត់ឃ្លាន​។ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​ កាល​ពី​សប្តាហ៍​មុន​បាន​ប៉ាន់ស្មាន​ថា​ចំនួន​នេះ​អាច​កើន​ដល់​ ៩០០.០០០ នាក់។

កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​របស់​អង្គការ​សហ​ប្រជាជាតិ​ កាល​ពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា​ជំនួយ​មនុស្សធម៌​ដំបូង ​ដែល​បាន​ទៅ​ដល់​ទីប្រជុំជន​ Tigray​ ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍​ចុង​ក្រោយ​នេះ បាន​ទៅដល់​តំបន់​ Mekelle​ ហើយ​។

ប្រភព៖

Rebels claim military gains in Ethiopia’s restive Tigray region

https://www.aljazeera.com/news/2021/7/12/forces-from-ethiopias-tigray-region-pushing-south-reuters

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner