ត្រី Fugu ជាប្រភេទត្រីមួយប្រភេទដែលមានរសជាតិឆ្ងាញ់នៅជប៉ុន តែត្រីប្រភេទនេះក៏អាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ (មានវីដេអូ)
ជប៉ុន៖ ត្រី ហ៊្វូហ្គូ មានផ្ទុកនូវសារធាតុពុលដ៍សាហាវ ។ គ្រោះថ្នាក់មានន័យថា វាមិនត្រូវបានគេបរិភោគជាទូទៅទេ ។ តែសម្រាប់ប្រទេសជប៉ុន វាជាមុខម្ហូបឆ្ងាញ់ និងមានប្រជាប្រិយ ។ ម្ហូបជប៉ុន Ultra-thin fugu sashimi អាចឱ្យអ្នករីករាយនឹងរសជាតិ ។ ឆ្នាំងភ្លើងកាន់តែជួយបង្កើនឱជារសរបស់វាថែមមួយកម្រិតទៀត ។
ប៉ុន្តែដោយសារតែគ្រោះថ្នាក់នៃការស្លាប់ វា(សាច់ត្រី ហ៊្វូហ្គូ)ត្រូវបានហាមឃាត់នៅទសវត្សឆ្នាំ ១៥០០ ។ បម្រាមនេះបានបន្តរហូតដល់សតវត្សទី១៩ ប៉ុន្តែវាត្រូវបានគេលួចបរិភោគយ៉ាងរីករាយដោយសម្ងាត់ ។ ហើយវិធីសាស្រ្តចម្អិនអាហារប្រកបដោយសុវត្ថិភាពក៏ត្រូវបានបង្កើតឡើង ។ សាច់ត្រី ហ៊្វូហ្គូ ត្រូវបាននិយមចូលចិត្តជាពិសេស ដោយអ្នកដែលស្គាល់ពីវា ។ សាច់ត្រី ហ៊្វូហ្គូ ត្រូវបានគេទៅសម្ងួតនៅក្នុងខ្យល់សមុទ្រ ។ លោកស្រី Okamura Hideko និយាយថា ដំបូង សាច់ត្រី ហ៊្វូហ្គូ ត្រូវយកទៅហាលអោយស្ងួតសិន… រួចខ្ញុំនឹងយកពួកវាទៅដាក់ក្នុងឡផ្សែង ។ ឡផ្សែងនេះត្រូវបានគេប្រើប្រាស់ជាង៦០ឆ្នាំមកហើយ ។ លោកស្រីបន្តថា ខ្ញុំជឿជាក់ថា មានតែផ្សែងទេពអប្សរទេ (smoke fairy) ដែលអាចជួយអោយវាមានរសជាតិឆ្ងាញ់ ។ ដល់ពេលបើកហើយ បន្ទាប់ពីបិទក្នុងឡអស់រយៈពេល៩០នាទី វារួចរាល់ហើយ ។ លោកស្រីបញ្ជាក់ទៀតថា វាពិតជាពុលមែនទេ? ប៉ុន្តែវាមិនមែនជាកំហុសរបស់ត្រីទេ… គឺវាស្រ័យលើយើងដែលត្រូវធ្វើវាអោយបានល្អបំផុតប៉ុណ្ណោះ ។
គួរកត់សម្គាល់ ចុងភៅដែលហ៊ានធ្វើវាដើម្បីអោយភ្ញៀវបរិភោគ គឺត្រូវឆ្លងកាត់បទពិសោធន៍នៃការហ្វឹកហាត់យ៉ាងតិច២ទៅ៣ឆ្នាំឯណោះ ។ បើនិយាយពីតម្លៃវិញសាច់ត្រីនេះគឺ១៣៥ដុល្លារក្នុងទម្ងន់0.4គីឡូក្រាម ។ ត្រីប្រភេទនេះ អាចរកបាន នៅក្នុងប្រទេសជប៉ុន ដែលស្រដៀងទៅនឹងត្រីកំពតខ្មែរផងដែរ ។ ត្រីប្រភេទនេះ គេអាចទទួលទានបាន ដោយយកវាទៅចៀន ស្ងោរ ឬក៏អាចញ៉ាំឆៅតែម្តង ។ ផ្ទុយទៅវិញ ថ្លើម និងគ្រឿងក្នុងរបស់វា ផ្ទុកទៅដោយជាតិពុល ថេត្រូដតតូស៊ីន (Tetrodotoxin) ដែលអាចបណ្តាលអោយស្លាប់បាន ។ ពីចន្លោះឆ្នាំ ១៩៩៦ ដល់ ២០០៦ អាត្រាគ្រោះថ្នាក់ដោយសារត្រីប្រភេទនេះ កើតមានចំនួន៤៤ករណីមកហើយ ។ ជាក់ស្តែងក្នុងឆ្នាំ២០១៥ បុរសចំនួន០៥នាក់បានស្លាប់ ដោយសារទទួលទានថ្លើមរបស់វា ៕ ប្រភព៖ NHK