ក្រសួងពាណិជ្ជកម្ម៖ផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ នឹងដាក់ឲ្យប្រើប្រាស់ផ្លូវការយ៉ាងយូរនៅដើមខែសីហា

​រាជធានីភ្នំពេញ៖ ផ្សារ​អេឡិចត្រូនិក ខេ​ម​បូ​ឌា​ត្រេ​ដ (Cambodia Trade)ដែលជាផ្សារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក គ្រោង​នឹងដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយនៅ​ចុងខែ​កក្កដា ឬ​ដើមខែ​សីហា​ខាងមុខនេះ។នេះបើតាមការឱ្យដឹងពីសំណាក់មន្រ្តីក្រសួងពាណិជ្ជកម្ម។

គួរបញ្ជាក់ថាផ្សារ​អេឡិចត្រូនិក ខេ​ម​បូ​ឌា​ត្រេ​ដ នៅពេលបើកដំណើរការនឹងជួយសម្រួល ដ​ល់​ការលក់ទំនិញ និង​ផលិតផល​របស់​កម្ពុជា ទៅកាន់​អតិថិជន​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​។​

ពាក់ព័ន្ធក្នុងរឿងនេះលោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​នៅក្នុង​ពិធី​បិទ​សិក្ខាសាលា​ជា​សាធារណៈ ស្តីពី​នីតិវិធី​នៃ​ការចុះឈ្មោះ​លើ​ផ្សារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ខេ​ម​បូ​ឌា​ត្រេ​ដ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២១​កន្លងទៅ​ថា ផ្សារ​ពាណិជ្ជ​កម្មនេះ បង្កើតឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម​ដើម្បី​ជំរុញ​ការលក់​ផលិតផល​ក្នុងស្រុក​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ចូលទៅក្នុង​ទីផ្សារ​ជាតិ និង​អន្តរជាតិ​។

 លោក​អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម រំពឹងថា សហគ្រាស​ទាំងអស់​នឹង​ចូលរួម​ជាមួយ​ក្រសួង ក្នុងការ​ពង្រីក​សកម្ម​ភាព​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុងស្រុក និង​បង្កើន​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ ក្នុង​គោលបំណង​ឲ្យ​មាន​កំណើន​ប្រាក់ចំណូល​ដល់​ប្រជាជន និង​កំណើន​សេដ្ឋកិច្ចជាតិ​។​

          ជុំវិញការបើកដំណើរការផ្សារបែបទំនើបថ្មីនេះ អ្នកស្រី យូ ប៉ោ​នី ម្ចាស់​ក្រុមហ៊ុន ហ្វ​រ​ខេ អា​ហ្គ្រី​ត្រេ​ដ អេ​ន​សឺ​វី​ស ខូ​អិ​ល​ធី​ឌី (​ផ្គត់ផ្គង់​ម្រេច​កំពត​សិរី​រា​ង្គ​) បញ្ជាក់ថា នៅពេលផ្សារនេះបើកដំណើរនឹងជួយសម្រួលដល់ទីផ្សារ លក់​ផលិតផល​តាមរយៈ​ផ្សារ​អេឡិចត្រូនិក​ក កាន់តែច្រើន​ថែមទៀត ជាពិសេស​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស ដែល​ទទួលស្គាល់​ដោយ​ពិភពលោក ។ពិសេស​ជាងនេះគឺខាង​ប៉ែក​អឺរ៉ុប ដែល​គេ​ឲ្យ​តម្លៃ​រសជាតិ​ម្រេច​កំពត ដែលជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ រសជាតិ​ប្លែក​ខុសគេតែម្តង។

​            គួររំលឹកថា កាលពី​ថ្ងៃទី​១៥ ខែកក្កដា​កន្លងទៅ ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​សិក្ខាសាលា​ជា​សាធារណៈ​ស្តីអំពី​ការចុះឈ្មោះ​របស់​សហគ្រាស​ធុន​តូច​និង​មធ្យម នៅលើ​ផ្សារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែលមាន​ឈ្មោះថា ខេ​ម​បូ​ឌា​ត្រេ​ដ (CambodiaTrade) ដោយមាន​អ្នកចូលរួម​សរុប​ចំនួន ៨៥​នាក់ ដែលជា​តំណាង​សហគ្រាស​ធុន​តូច និង​មធ្យម និង​ភាគី​ពាក់ព័ន្ធ​៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner