ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យដកតំណែងលោក ឌុច សុវណ្ណារី ពីរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

ភ្នំពេញៈ​ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅរសៀលថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានឡាយព្រះហស្ថលេខាដកតំណែងលោក ឌុច សុវណ្ណារី ចេញពីរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ព្រះមហាក្សត្រ បានឡាយព្រះហស្ថលេខាដកតំណែងលោក ឌុច សុវណ្ណារី ធ្វើឡើងតាមការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

គួររម្លឹកឱ្យដឹងថា នៅ​រសៀល​ថ្ងៃទី​១៦ ​ខែកក្កដា​នេះ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ជា​សាធារណៈ​អំពី​ការមិនអាច​ទុក លោក ឌុ​ច សុ​វណ្ណា​រី ឱ្យនៅ​ជា​រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​ និង​អធិការកិច្ច ​បាន​តទៅទៀត​ទេ គឺ​ត្រូវ​ដកចេញ​ពី​តំណែង ​ព្រោះ​លោក​មិន​ស័ក្ដិ​សមជា​មន្ត្រី​ដឹកនាំ​ទៀត​ ដោយ​ខ្វះ​គុណធម៌​។​

​សម្តេច​តេ​ជោ​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ថា “​ខ្ញុំ​បាន​ចូលរួម​រំលែក​ទុក្ខ​តាមរយៈ​លោកជំទាវ ម៉ែន សំអន ចំពោះ​មរណភាព​បង ហុង ថែម​ ដែលជា​មន្ត្រី​មួយរូប​បានរួម​ចំណែក​កសាង​ប្រទេស​តាំងពី បាតដៃ​ទទេ​នា​ឆ្នាំ​១៩៧៩​។​ ​ខ្ញុំ​មិន​នឹកស្មាន​ដល់​សោះ​ថា ​ខ្ញុំ​មាន​មន្ត្រី​មួយរូប​ថ្នាក់​រដ្ឋលេខាធិការ​បង្ហោះ​សារ​ផ្ចាញ់ផ្ចាល​​ចំពោះ​សព សូម្បីតែ​លោកជំទាវ ​ម៉ែន សំអន ​សុំឱ្យ​ដកចេញ​ក៏​មិន​ព្រម​ដក​ដែរ​”​។​

សម្តេច​បានបញ្ជាក់​នៅ​ឃ្លា​ចុងក្រោយ​ថា​ “​ខ្ញុំ​មិនអាច​ទុក លោក ឌុ​ច សុ​វណ្ណា​រី ឱ្យនៅ​ជា​រដ្ឋលេខាធិការ​ក្រសួង​បាន​តទៅទៀត​ទេ គឺ​ត្រូវ​ដកចេញ​ពី​តំណែង​ព្រោះ​លោក​មិន​ស័ក្ដិ​សមជា​មន្ត្រី​ដឹកនាំ​ទៀត​ ដោយ​ខ្វះ​គុណធម៌​”៕
ដោយៈជម្ពូនុទ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner