ថ្ងៃបើកឆាក! គណបក្សនយោបាយចំនួនពីរ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ
ភ្នំពេញៈ នៅថ្ងៃបើកឆាកឃោសនាដំបូង មានគណបក្សនយោបាយចំនួនពីរ ក្នុងចំណោមគណបក្សនយោបាយចំនួន៤ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា មិនបានធ្វើសកម្មភាពឃោសនានោះទេ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូក នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែក្កកដា ឆ្នាំ២០២១ ខាងមុខនេះ។
ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ គឺជាថ្ងៃដំបូងនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត មានគណបក្សនយោបាយចំនួន២ ក្នុងចំណោមគណបក្សនយោបាយទាំង៤ បានធ្វើសកម្មភាពឃោសនា គឺគណបក្សប្រជាជនកម្ពុជា៖ មានរថយន្តចំនួន៧០គ្រឿង និងម៉ូតូចំនួន៣០គ្រឿង សរុបអ្នកចូលរួមមានចំនួន២០០នាក់។ គណបក្សសញ្ជាតិកម្ពុជា៖មានរថយន្តចំនួន២គ្រឿង និងម៉ូតូ ចំនួន៥ គ្រឿង សរុបអ្នកចូលរួមមានចំនួន២០នាក់។
លោក តែ ជិនណារិទ្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ដែលបានចូលរួមឃ្លាំមើលសកម្មភាពឃោសនានៅថ្ងៃនេះ បានឱ្យដឹងថា អ្នកចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតបានអនុវត្ត និងគោរពតាមវិធានការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបានយ៉ាងល្អ។ លោកបានបន្តថាសកម្មភាពឃោសនាប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងបានទៅដល់គោលដៅដែលបានកំណត់ដោយសន្តិវីធី។
សូមបញ្ជាក់ថា ការឃោសនាបោះឆ្នោតរយៈពេល៨ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ៦:០០ ព្រឹក ដល់ម៉ោង១០:០០យប់។ គ្រប់សកម្មភាពឃោសនាបោះឆ្នោតត្រូវបញ្ចប់ ២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ ចំពោះការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅក្នុងមណ្ឌលត្រូវកំណត់២ដងក្នុងអំឡុងពេលឃោសនាបោះឆ្នោត។
សូមជម្រាបជូនថា សមាជិកក្រុមប្រឹក្សាក្រុងបូកគោ មានចំនួន១៣រូប ហើយអ្នកបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់ ក្នុងមុខតំណែង មានចំនួន១៧រូប មកពីសង្កាត់ចំនួន៣នៃក្រុងបូកគោ។ គួររម្លឹកថា កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានរៀបចំពិធីចាប់ឆ្នោតយកលំដាប់លេខរៀងគណបក្សនយោបាយចំនួន៤ ដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដាខាងមុខ។ ការចាប់ឆ្នោតយកលំដាប់លេខរៀងនេះ គឺបន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានសម្រេចទទួលស្គាល់ជាផ្លូវការនូវការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយចំនួន៤។ លទ្ធផលនៃការចាប់ឆ្នោតលំដាប់លេខរៀងដែលគណបក្សនយោបាយនីមួយៗទទួលបានមានដូចតទៅ៖ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានលេខរៀងទី១, គណបក្សយុវជនកម្ពុជា ទទួលបានលេខរៀងទី២, គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី៣ និងគណបក្សសញ្ជាតិកម្ពុជា ទទួលបានលេខរៀងទី៤៕ ដោយៈពលជ័យ