ហោរាសាស្រ្តប្រចាំថ្ងៃ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១

អត្ថបទដោយ៖
ហេង វណ្ណា

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការរបស់អ្នកមានដំណើរការទៅជាធម្មតា។ ក្នុងនោះដែរ សូមធ្វើយ៉ាងណាកុំឲ្យយឺតពេលបំពេញការងារ។ សម្រាប់បញ្ហា គឺមិនមានអ្វីធ្ងន់ធ្ងរ ដែលអាចជះឥទ្ធិពលដល់ការងាររបស់អ្នកនោះទេ។ លោកអ្នកមានឳកាសគ្រប់បែបយ៉ាងដើម្បីបញ្ចប់ការងារឲ្យបានទាន់ពេលវេលា និងបញ្ជ្រៀបខ្លួនទៅនឹងបរិបទនៃការគ្រប់គ្រងបានល្អ។ ក្នុងនោះដែរ សូមកុំងាកឆ្ងាយពីវិចារណញាណរបស់ខ្លួនឯង​ បើអាចធ្វើបាន អ្នកនឹងទទួលបានជោគជ័យគាប់ប្រសើរណាស់។

ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអាជីពរបស់អ្នកនឹងអាចធានាបានស្ថេរភាពយ៉ាងល្អ មិនត្រឹមប៉ុណ្ណោះរាល់បញ្ហាដែលនៅសេសសល់គឺអាចនឹងដោះស្រាយទាំងអស់ក្នុងពេលនេះ។ ហើយប្រសិនបើអ្នកមានបំណងចង់ធ្វើអ្វីមួយ ឬក៏ផ្លាស់ប្តូរបរិបទការងារ គឺសូមសម្រេចចិត្តធ្វើចុះអ្វីៗនឹងអាចទៅរួច ហើយទទួលបានការគំាទ្រផង។ ក្នុងនោះ ​សូមកុំភ្លេចខ្លួនក្នុងការទទួលខុសត្រូវការងាររបស់ខ្លួន។ ដោយឡែក ប្រការចាំបាច់បំផុតក្នុងពេលនេះ គឺសូមកុំយកចិត្តទុកដាក់នឹងពាក្យសំដីគេពេក ប្រយ័ត្នរងគ្រោះដោយសាររឿងគេ។

ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងវេលានេះលោកអ្នកហាក់មានការលំបាកក្នុងការទទួលបានភាពរីកចម្រើនតាមបំណងប្រាថ្នាណាស់។ រាល់ការងាររបស់អ្នកហាក់មានផលជំទាស់ពីមនុស្សនៅជុំវិញខ្លួនច្រើន។ ប៉ុន្តែទោះបីជាស្ថានភាពក្នុងថ្ងៃនេះមិនអំណោយផលយ៉ាងណាក្តី ​សូមកុំបណ្តោយខ្លួនឲ្យសោះ ប៉ុន្តែសូមក្រោកឡើង ជឿជាក់លើខ្លួនឯង​ និងត្រូវពិនិត្យគម្រោងផែនការជាថ្មី។ ក្នុងនោះកុំភ្លេចការពិភាក្សាជាមួយមនុស្សដែលអ្នកទុកចិត្ត ពីព្រោះគេអាចផ្តល់ដំណោះស្រាយល្អ។ ផ្ទុយទៅវិញ សូមប្រយ័ត្នការរងរបួស ឬសុខុមាលភាពរបស់អ្នក។

ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។  រាល់កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានដំណើរការល្អប្រក្រតី។ សូមលោកអ្នកព្យាយាមធ្វើការទំនាក់ទំនងបន្ថែមទៀត ពីព្រោះកំរិតទំនុកចិត្តរបស់មនុស្សនៅជុំវិញខ្លួនរបស់អ្នកហាក់ស្រុតចុះបន្តិច ក៏ព្រោះតែការប្រងើយកន្តើយរបស់អ្នក។ មានកិច្ចការខ្លះធ្វើឲ្យអ្នករអាចិត្ត ប៉ុន្តែសូមកុំគិតច្រើន សូមចេះបែងចែករវាងផលប្រយោជន៍ និងរឿងមិនបានការ។ ក្នុងនោះដែរ លោកអ្នកមិនអាចពឹងពាក់មិត្តរួមការងារឲ្យជួយសម្រាលកិច្ចការររបស់អ្នកបានទេ ពីព្រោះកំហុសអាចកើតឡើងច្រើនជាង។  

ឆ្នាំរោង ​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកមិនអាចផ្តល់ភាពជោគជ័យអ្នកតាមក្តីប្រាថា្នទេក្នុងថ្ងៃនេះ ពីព្រោះលោកអ្នកកំពុងរងឥទ្ធិពលខាងក្រៅយ៉ាងខ្លាំង។ បន្ថែមពីនេះ លោកអ្នកកំពុងប្រទះនឹងមនុស្សប្រែក្រឡាសសំដីបាតដៃជាខ្នងដៃ ដូច្នេះសូមលោកអ្នកប្រយ័ត្នប្រយែងក្នុងការជឿជាក់មនុស្សនៅជុំវិញខ្លួន ប៉ុន្តែសូមកុំសង្ស័យគ្រប់រឿង ពីព្រោះវានឹងអាចបង្អាកភាពក្លាហានរបស់អ្នកទៅវិញ។ ប្រការដែលគួរប្រយ័ត្នបន្ថែម គឺការបាត់បង់ពត៌មានលម្អិត ពីព្រោះតែភាពមិនស៊ីសង្វាក់គ្នាក្នុងថ្ងៃនេះ។

ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចសម្រេចការងារ និងរាល់ក្តីបំណងប្រាថា្នបានទាំងអស់។ លើសពីនេះប្រសិនបើអ្នកសម្រេចចិត្តរៀបចំពិធីមង្គលវិញ ផលលាភ និងភាពចម្រើនលូតលាស់នឹងកើតឡើងដល់ជីវិតរបស់អ្នក។ ផ្ទុយទៅវិញ លោកអ្នកមិនគួរចូលរួមក្នុងដំណើរផ្សងព្រេងនានារបស់អ្នកដទៃឲ្យសោះ ពីព្រោះដំណើរការវិជ្ជាជីវរបស់មនុស្សទាំងនោះមិនមានភាពស៊ីសង្វាក់ទៅនឹងវិជ្ជាជីវរបស់អ្នកឡើយ។ យោងលើហេតុផលនេះ លោកអ្នកពិបាកទទួលផល តែទទួលបានភាពស្មុគ្រស្មាញទៅវិញ។ ក្នុងនោះសូមពិចារណា និងប្រកាន់ខ្ជាប់ហេតុផលជានិច្ច។

ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលអំពីគំនិតឈ្លាសវៃ រហ័សរហួន ហេតុដូច្នេះលោកអ្នកមានសមត្ថភាពពេញលេញធ្វើឲ្យការងារទាំងឡាយរបស់អ្នកទទួលបានភាពជោគជ័យបានដោយខ្លួនឯង ពិសេសគឺការពិភាក្សាវែកញែកគំនិតយោបល់ និងគម្រោងផែនការ។ ដោយឡែក សូមកុំធ្វើអ្វីដើម្បីផ្គាប់ចិត្តអ្នកដទៃ ពីព្រោះដំណើរការនោះគឺគ្មានប្រយោជន៍អ្វីសោះឡើយ ប៉ុន្តែការជឿជាក់លើបទពិសោធន៍ខ្លួនឯង ហើយព្យាយាមបំពេញការងារឲ្យបានល្អ នោះគឺគ្រប់គ្រាន់ហើយសម្រាប់ថ្ងៃនេះ។

ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារបស់អ្នកទទួលបានការលើកសរសើរ និងគាំទ្រពីមនុស្សនៅជុំវិញខ្លួន ពិសេសពីថ្នាក់លើ។ លោកអ្នកមិនចាំបាច់ត្រូវប្រញាប់ប្រញាលធ្វើសកម្មភាពនោះទេ ពីព្រោះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ ហើយមានមនុស្សចាំជួយទំនុកបម្រុងផង ដូច្នេះសន្សឹមៗនឹងផ្តល់ផលល្អប្រសើរដល់អ្នក។ លើសពីនេះ នៅក្នុងអនាគតដ៏ខ្លីនេះ អ្នកនឹងត្រូវបានដំឡើងឋានៈ ឬធ្វើឲ្យប្រសើរឡើងនូវស្ថានភាពហិរញ្ញវត្ថុ។ ក្នុងនោះ ក៏សូមព្យាយាមកុំនិយាយស្តីច្រើន រក្សាពាក្យសំដី និងសកម្មភាពឲ្យស្ថិតក្នុងកំរិតដែលអាចគ្រប់គ្រងបានជានិច្ច។

ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងពេលនេះ កិច្ចការរបស់អ្នកហាក់ប្រទះនឹងភាពស្មុគ្រស្មាញបន្តិច ដូច្នេះផលចំនេញ និងភាពជោគជ័យហាក់មិនទាន់អាចកំណត់បានទាំងស្រុងនោះទេ។ ក្រៅពីនេះ លោកអ្នកកំពុងរងឥទ្ធិពលពីបញ្ហាពីអតីត ដោយរួមទាំងបញ្ហាផ្ទាល់ខ្លួនផង ដូច្នេះចិត្តរបស់អ្នកហាក់មានភាពតានតឹង ហើយពិបាកសម្រេចចិត្តឲ្យបានល្អ។ ហេតុផលទាំងនេះ លោកអ្នកអាចដោះស្រាយបាន តែអ្វីៗពឹងពាក់ទៅលើការតាំងចិត្ត និងការថ្លឹងថ្លែងរបស់អ្នក។ លើសពីនេះ សូមប្រយ័ត្នការខាតបង់លុយកាក់ជាមួយមនុស្សមកពីក្រៅ។  

ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតក្នុងការធ្វើទំនាក់ទំនង ការពិភាក្សា ឬការចរចាការងារសោះឡើយ។  ទំនាក់ទនងជាមួយមិត្តរួមការងារ ក៏ដូចជាដៃគូរអាជីវកម្មអាចនឹងមានកំហុសធ្ងន់ធ្ងរ។ ប៉ុន្តែលោកអ្នកមានឳកាសដោះស្រាយឬបង្វែរស្ថានការណ៍អវិជ្ជមាននេះបាន ប្រសិនបើអ្នកបោះជំហាននៅក្នុងគន្លងពត៌មានលំអិតដែលអ្នកទទួលបានប៉ុណ្ណោះ។ ក្នុងនោះក៏កុំសន្យាចំពោះនរណាឡើយ ប្រសិនបើអ្នកមិនច្បាស់លាស់អំពីដំណើរការនោះ ឬចូរព្យាយាមធ្វើការដែលអ្នកប៉ង ប៉ុន្តែមិនចាំបាច់ត្រូវប្រកាសនោះទេ។

ឆ្នាំចរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ អាជីពនានារបស់អ្នកមានដំណើរការទៅដោយរលូន ប៉ុន្តែថ្ងៃនេះជាពេលវេលាត្រឹមត្រូវណាស់​ ដើម្បីឲ្យអ្នកចេញដំណើរទៅប្រឈមនឹងស្ថានភាពខាងក្រៅ ពីព្រោះទីនោះលោកអ្នកអាចធានាថាទទួលបានឳកាសអភិវឌ្ឍន៍ការងារបានច្រើន។ ការខិតខំគឺចាំបាច់ ហើយការយកចិត្តថ្លើមអ្នកដទៃ គឺគ្មានប្រយោជន៍សម្រាប់អ្នកសោះឡើយ។ ក្នុងនោះរាល់សកម្មភាព គួរតែគិតឲ្យបានម៉ត់ចត់ ហើយកុំងាយជឿពាក្យសំដីរបស់អ្នកដទៃ។ ថ្ងៃនេះដៃទាំងពីររបស់អ្នក អាចនឹងកែប្រែជោគវាសនារបស់អ្នកបាន។

ឆ្នាំកុរ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកធានាថាទទួលបានភាពរីកចម្រើនលូតលាស់ដល់អាជីពនានាដែលអ្នកកំពុងអនុវត្ត។ មិនត្រឹមតែប៉ុណ្ណេះក្នុងអនាគតដ៏ខ្លីនេះ អ្នកនឹងទទួលបានដំណឹងយ៉ាងរីករាយសម្រាប់ការអភិវឌ្ឍន៍កំរិតហរិញ្ញវត្ថុ និងស្ថានភាពការងារផង។ ក្នុងនោះ ប្រសិនបើ​អ្នកចង់ផ្លាស់ប្តូរទីកន្លែងការងារ គឺអាចធ្វើទៅបានដោយមិនមានអ្វីជំទាស់នោះទេ។ ប្រការសំខាន់ក្នុងពេលនេះ សូមការពារខ្លួនឲ្យបានល្អ ប្រយ័ត្នរងរបួសបាក់បែក ថ្លោះគ្រិចជាដើម។  

ចំណាំៈ

ឆ្នាំទាំង៣ ម្សាញ់ មមែ ​កុរ រាសីឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះ។ លោកអ្នកទទួលបានលាភសំណាង ប្រាក់កាស និងសំណើរការល្អក្នុងរបររកស៊ី ព្រមទាំងសេចក្តីសុខសម្រាន្តផងដែរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner