Pacquiao ត្រូវបានគេទម្លាក់ចេញពីតំណែងប្រធានគណបក្សកាន់អំណាចហ្វីលីពីន

លោក Manny Pacquiao ដែល​ជា​​កីឡាករ​ប្រដាល់​ដ៏​ល្បី​ឈ្មោះ ត្រូវ​បាន​គេ​ទម្លាក់​ចេញ​ពី​តំណែង​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ហ្វីលីពីណូ-ឡាបាន (PDP-Laban) ដែល​ជា​គណបក្ស​កំពុង​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ក្នុង​អំឡុង​មហាសន្និបាត​គណបក្ស​ថ្នាក់​ជាតិ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

នៅ​ក្នុង​គណបក្ស​នេះ​មាន​ ២ក្រុម​ធំ​ៗ​គឺ (១) ក្រុម​របស់​លោក Pacquiao និង​សមាជិក​ព្រឹទ្ធសភា​លោក Koko Pimentel និង (២) ក្រុម​របស់​លោក Alfonso Cusi ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ថាមពល និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​គណបក្ស​។

លោក Pimentel ជា​កូន​ប្រុស​របស់​ស្ថាបនិក​គណបក្ស​ ហើយ​ក្រុម​របស់​លោក ត្រូវ​បាន​គេ​ហៅ​ថា «សមាជិក​ដើម» ខណៈ​ក្រុម​របស់​លោក Cusi វិញ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ជា​ ក្រុម​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte។ ក្រុម​ទាំង​ពីរ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ភាព​មិន​ចុះ​សម្រុង​យ៉ាង​ខ្លាំង​លើ​ការ​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ២០២២។

កាល​ពី​ថ្ងៃ​សៅរ៍ ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Cusi បាន​ប្រជុំ​គ្នា​ជា​មហាសន្និបាត​គណបក្ស​ថ្នាក់​ជាតិ​ ហើយ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​ដាក់​តំណែង​មន្ត្រី​ថ្នាក់​ជាតិ​របស់​គណបក្ស​ចំនួន ១៦ កន្លែង​ឱ្យ​នៅ​ទំនេរ។ តំណែង​ទាំង ១៦ រួម​មាន​ទាំង​តំណែង​ប្រធាន​គណបក្ស​របស់​លោក Pacquiao។

តំណែង​ជា​ប្រធាន​គណបក្ស​នេះ​ត្រូវ​បាន​​ជំនួស​មក​វិញ​ដោយ​លោក Alfonso Cusi តាម​រយៈ​ការ​បោះឆ្នោត​នៅ​ក្នុង​ថ្ងៃ​ដដែល។

ក្នុង​អំឡុង​ពេល​មហាសន្និបាត​បក្ស​នេះ ក៏​មាន​វត្តមាន​លោក​ប្រធានាធិបតី​ Duterte ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​គណបក្ស​ផង​ដែរ​។ លោក​ Duterte បាន​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​ពិធី​ចូល​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​របស់​លោក Cusi ក៏​ដូច​ជា​មន្ត្រី​ថ្នាក់​ជាតិ​ផ្សេងៗ​ទៀត​របស់​គណបក្ស​នេះ​ផង​ដែរ​។

ប្រធានាធិបតី​ហ្វីលីពីន​រូប​នេះ​បាន​ហៅ​ក្រុម​របស់​លោក Pacquiao ថា «ដើរ​ខុស​គន្លង​គណបក្ស​» ដែល​គណបក្ស​នេះ​មាន​បេសកកម្ម​ក្នុង​ការ​លើក​កម្ពស់​គុណភាព​ជីវិត​ប្រជាជន​ហ្វីលីពីន​ ជាពិសេស​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូវីដ១៩​នេះ។

លោក​បាន​បន្ថែម​ថា «Pacquiao គ្មាន​ដឹង​ស្អី​ទេ ដោយ​ធ្វើ​តែ​តាម​គេ​បញ្ជា​ប៉ុណ្ណោះ»។ លោក​សំដៅ​លើ សមាជិក​ព្រឹទ្ធសភា Pimentel ជា​អ្នក​នៅ​ពី​ក្រោយ​អ្វី​គ្រប់​យ៉ាង​។

លោក Pacquiao បាន​ឡើង​ជា​ប្រធាន​ស្ដីទី​គណបក្ស PDP-Laban កាល​ពី​ខែ​ធ្នូ ឆ្នាំ២០២០​កន្លង​ទៅ ក្រោម​ការ​គាំទ្រ​របស់​លោក​ Pimentel បន្ទាប់​ពី​សមាជិក​មួយ​ផ្សេង​ទៀត​បាន​លាលែង​ចេញ​ពី​តំណែង​ប្រធាន​គណបក្ស​។ លោក Duterte បាន​ហៅ​សកម្មភាព​នេះ​ថា​ ជា​ការ​រំលោភ​វិន័យ​គណបក្ស​ ដោយ​លោក Pimentel មិន​បាន​រៀបចំ​ការ​បោះឆ្នោត​នោះ​ទេ ពោល​គឺ​ជា​ការ​តែង​តាំង​។

យ៉ាងណាមិញ ការ​ទម្លាក់​លោក Pacquiao មិន​ត្រូវ​បាន​ក្រុម​សមាជិក​ដើម ប្រកាស​ទទួល​ស្គាល់​នោះ​ទេ។

នៅ​ក្នុង​កិច្ច​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ Zoom ដែល​ប្រព្រឹត្តិ​ក្នុង​ពេល​តំណាល​គ្នា​នឹង​មហាសន្និបាត​ថ្នាក់​ជាតិ​របស់​គណបក្ស PDP-Laban លោក Pimentel ព្រម​ទាំង​ក្រុម​សមាជិក​ដើម បាន​ហៅ​មហាសន្និបាត​នេះ​ថា ជា​មហាសន្និបាត​ខុស​ច្បាប់​ ហើយ​សេចក្ដី​សម្រេច​ក្នុង​មហាសន្និបាត​នេះ​មិន​ចូល​ជា​ធរមាន​ឡើយ។

ចំណែក​ឯ​លោក Pacquiao វិញ​មិន​បាន​ឆ្លើយ​តប​ត្រលប់​ទៅ​លោក Duterte វិញ​ទេ តែ​លោក​បាន​វាយ​ប្រហារ​ទៅ​កាន់​លោក Cusi ថា​យក​រឿង​នយោបាយ​មក​ធ្វើ​ជា​រឿង​ ខណៈ​វីរុស​បម្លែង​ថ្មី​កំពុង​តែ​ឆ្លង​រាលដាល​ពេញ​ហ្វីលីពីន។

លោក Cusi ត្រូវ​បាន​លោក Pacquiao កាល​នៅ​ជា​ប្រធាន​បក្ស បាន​​បណ្ដេញ​ចេញ​ពី​គណបក្ស​កាន់​អំណាច​ទៅ​ហើយ តាម​រយៈ​សេចក្ដី​សម្រេច​របស់​គណបក្ស​ចុះ​ថ្ងៃ​ទី៣ ខែ​កក្កដា។ កាល​នោះ Pacquiao ចោទ​លោក Cusi ថា​បាន​រំលោភ​វិន័យ​របស់​គណបក្ស​ ដោយ​បង្ហាញ​ពី​ការ​ការ​គាំទ្រ​ទៅ​លើ​គណបក្ស​ផ្សេង​ក្រៅ​ពី​គណបក្ស​ PDP-Laban។

ក្រុម​របស់​លោក​ Cusi គាំទ្រ​កូនស្រី​លោក Duterte លោកស្រី Sarah Duterte-Carpio ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ២០២២ ខណៈ​លោកស្រី​មិនមែន​ជា​សមាជិក​គណបក្ស PDP-Laban នោះ​ទេ។ លោកស្រី Duterte-Carpio នៅ​ពេល​នេះ​កំពុង​កាន់​តំណែង​ជា​អភិបាល​ក្រុង Davao ដែល​ជា​តំណែង​ចាស់​របស់​លោក Duterte មុន​នឹង​ក្លាយ​ជា​ប្រធានាធិបតី​កាល​ពី​ឆ្នាំ២០១៦​កន្លង​ទៅ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សេចក្ដី​សម្រេច​ចិត្ត​មួយ​នេះ​ត្រូវ​បាន​ក្រុម​លោក Cusi ធ្វើ​ការ​លុប​ចិល​ក្នុង​​អំឡុង​ពេល​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​របស់​គណបក្ស​ PDP-Laban កាល​ពី​ថ្ងៃ​សុក្រ មួយ​ថ្ងៃ​មុន​នឹង​មហាសន្និបាត​ដក​លោក Pacquiao ចេញ​ពី​តំណែង។

លោក​ Pacquiao នៅ​ពេល​នេះ​កំពុង​កាន់​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​ប្រទេស​ហ្វីលីពីន។ អំឡុង​ពេល​ដែល​​គេ​ទម្លាក់​ចេញ​ពី​តំណែង លោក​មិន​មាន​វត្តមាន​នៅ​ក្នុង​មហាសន្និបាត​នោះ​ទេ ដោយសារ​តែ​លោក​នៅ​ជាប់​ហាត់​ប្រដាល់​នៅ​ទីក្រុង Los Angeles សហរដ្ឋអាមេរិក សម្រាប់​ត្រៀម​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អាមេរិក Errol Spence Jr។

តាម​ពិត​ទៅ​ លោក Pacquiao ជា​អ្នក​គាំទ្រ​ដ៏​មុត​មាំ​មួយ​របស់​លោក Duterte នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ២០១៦ ក៏​ដូច​ជា​គោលនយោបាយ​របស់​ប្រធានាធិបតី​ហ្វីលីពីន​រូប​នេះ​ផង​ដែរ​។ យ៉ាង​ណា​ក៏​ដោយ មួយ​រយៈ​ចុង​ក្រោយ​នេះ កីឡាករ​ប្រដាល់​ ប្រែ​ក្លាយ​ជា​អ្នក​នយោបាយ​បការ​រិះគន់​លោក Duterte ពាក់ព័ន្ធ​នឹង​ជំហរ​របស់​លោក​នៅ​ក្នុង​ការ​តទល់​ជាមួយ​ចិន នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ក៏​ដូច​ជា​រឿង​ពុក​រលួយ​ជា​ដើម។

អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​គឺ លោក Pacquiao ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​បំណង​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​ក្រោយ។ មក​ទល់​ពេល​នេះ លោក​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ខណៈ​បេក្ខភាព​ប្រធានាធិបតី​សម្រាប់​ការ​បោះឆ្នោត​ខែ​ឧសភា ឆ្នាំ២០២២ នឹង​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ខែ​តុលា​ខាង​មុខ។

យោង​តាម​ការ​ស្ទង់​មតិ​របស់​ក្រុមហ៊ុន Pulse Asia បាន​ឱ្យ​ដឹង​ថា កូនស្រី​របស់​លោក Duterte នាំ​មុខ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​ក្រោយ ចំណែក​ឯ​លោក Pacquiao វិញ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ ៥ ឯណោះ៕ ហ៊ីមរដ្ឋា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner