ឯកឧត្តម ខាន់ ម៉ាណេរ បាននាំយកនូវទៀនព្រះវស្សា រួមនិងទេយ្យទានទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃនៅតាមវត្តចំនួន ៣៣វត្ត នៅក្នុងស្រុកបវេល ខេត្តបាត់ដំបង

  វត្តចំនួន៣៣ ក្នុងឃុំទាំង៨ របស់ ស្រុកបវេលនៃខេត្តបាត់ដំបង ទទួលបាននូវទៀនព្រះវស្សា រួមទេយ្យទាន-ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន ពីឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារក្រឡាហោមមនុស្សធម៌ខេត្តបាត់ដំបងនិងពីឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង នៅព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២១នេះ ដោយមានវត្តមានចូលរួម និងអមដំណើរដោយឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាអនុប្រធានក្រុមការងារចុះជួយស្រុកបវេល ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិក-សមាជិកាក្រុមក្រឡាហោមមនុស្សធម៌ និងមន្ត្រីក្រុមការងារចុះជួយមូលដ្ឋានឃុំ-ស្រុកជាច្រើនរូបផងដែរ។

      គ្រឿងសម្ភារៈបរិក្ខា ដែលយកទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាទាំង៣៣វត្តនោះ រួមមានទៀនព្រះវស្សា ព្រមទាំងទេយ្យទានទេយ្យនិងគ្រឿងឧបភោគបរិភោគមួយចំនួន ដូចជា៖អង្ករជិត០៣តោន, មីចំនួន៨៤កេស,ទឹកក្រូចចំនួន៤១កេស,ទឹកត្រី-ទឹកស៊ីអ៊ីវ ៨០យួរ, ស្ករស២១៧គក្រ. ប៊ីចេងចំនួន៦៩កញ្ចប់, ប្រេងឆាចំនួន ៧៣ដប, ទឹកសុទ្ធ ១២០កេស, បច្ច័យប្រគេនវត្ត សរុបចំនួន៦លាន៨៥០ពាន់រៀល ព្រមទាំងម៉ាស់ និង អាលកុល មួយចំនួន ផងដែរ។

     ក្នុងឱកាសប្រគេននូវទៀនព្រះវស្សា ព្រមទាំងគ្រឿងសម្ភារៈទេយ្យទាន-ទេយ្យវត្ថុមួយចំនួន ដល់ព្រះសង្ឃ ទាំង៣៣វត្ត ក្នុងស្រុកបវេល ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារមនុស្សធម៌ក្រឡាហោមបាត់ដំបង និងឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ក៏បានថ្លែងក្នុងនាមឯកឧត្តម សក់ សេដ្ឋា ជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានស្រុកបវេល ថែមទាំងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការនឹករលឹកនិងសាកសួរសុខទុក្ខពីសម្តេចក្រឡាហោម ស ខេង ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុក្ខក្នុងការដោះស្រាយនូវបញ្ហាប្រឈម ទុក្ខកង្វល់និងការលំបាកក្នុងជីវភាពប្រចាំថ្ងៃកន្លងមក តាមរយៈក្រុមការងារដើម្បីដោះស្រាយជូនបងប្អូនតាមលទ្ធភាពជាក់ស្តែង ដើម្បីធ្វើយ៉ាងណាឆ្លើយតបតាមតំរូវការ និងសំណូមពរសមស្របរបស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះផងដែរ ឯកឧត្តម ក៏បានថ្លែងគូសបញ្ជាក់ប្រគេនដល់ព្រះសង្ឃទាំង៣៣វត្ត និងគ្រប់ៗព្រះអង្គ ដែលពាក់ព័ន្ធទៅនឹងការឆ្លងរីករាលដាលនិងពីការរាតត្បាតនៃជម្ងឺកូវីដ-19ដែលកំពុងតែឆ្លងនិងចម្លងចូលទៅក្នុងសហគមន៍ ជាពិសេសសូមឲ្យព្រះសង្ឃខិតខំចូលរួមក្នុងការទប់ស្កាត់និងជួយផ្សព្វផ្សាយដល់ប្រជាពុទ្ធបរិស័ទឲ្យបានកាន់តែយល់ដឹងពីវិធានសុខាភិបាលនិងការណែនាំរបស់រាជរដ្ឋាភិបាល នូវវិធានការពារនិងប្រុងប្រយ័ត្នឲ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់ ៣.ការពារ និង ៣.កុំ ឲ្យបានដាច់ខាត ដើម្បីចូលរួមនិងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ពីការឆ្លងរាតត្បាត ពីជម្ងឺកូវីដ-19 និងបញ្ហាគ្រឿងញៀន ជាដើម…។លនិងល។

        ក្នុងឱកាសនោះដែរ និងបន្ទាប់ពីបានប្រគេននូវទៀនព្រះវស្សា រួមទាំងទេយ្យទាន-ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាទាំង៣៣វត្ត នៅក្នុងស្រុកបវេល រួចមក។ ជាមួយគ្នានេះ ឯកឧត្តម ខាន់ ម៉ាណេរ និងក្រុមការងារទាំងអស់ ក៏បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ រួមនិងអាកុល ថ្នាំសម្លាប់មេរោគ និងគ្រឿងសម្ភារៈបរិក្ខារបស់របរផ្សេងៗមួយចំនួនដើម្បីប្រគេនដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សា នៅក្នុងវត្តខ្នាចរមាស ផងដែរ៕ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner