ជិះម៉ូតូចេញពីលេងកូនប្រុស ត្រូវរថយន្តបុកស្លាប់នៅតាមផ្លូវបេតុងព្រៃសរ ឯរថយន្តបង្កគេចបាត់
ភ្នំពេញ ៖ បុរសម្នាក់ត្រូវរថយន្តឡង់គ្រីស័រកិនបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង កេីតហេតុ បន្ទាប់ពីជិះម៉ូតូចេញពីលេងកូន បានទាក់ដៃចង្កូតជាមួយរថយន្តបណ្ដាលឲ្យដួលមកកណ្ដាលផ្លូវ កាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវបេតុងព្រៃសរ ក្នុងភូមិប្រការ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ អុី ឌូ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបបកម្មកររោងចក្រ ស្នាក់នៅភូមិប្រការ សង្កាត់ព្រៃសរ ខណ្ឌដង្កោ ។
បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកេីតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI Lets ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HG-8009 មកលេងកូនប្រុសអាយុ៣ឆ្នាំដែលនៅជាមួយម្ដាយមីងក្បែរកន្លែងកេីតហេតុ រួចក៏ត្រឡប់មកផ្ទះវិញនៅម្ដុំវត្តឬស្សីសាញ់ ខណៈជនរងគ្រោះជិះចេញបានប្រហែល១០០ម៉ែត្រក៏បានទាក់ដៃចង្កូតជាមួយរថយន្តឡង់គ្រីស័រមួយគ្រឿងមិនចាំស្លាកលេខ បណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តកិនចំក្បាលបែកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៏ ចំណែករថយន្តបង្កបានបេីកគេចបាត់ស្រមោលពីកន្លែងកេីតហេតុ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ជាបណ្ដោះអាសន្ន រង់ចាំស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយតាមច្បាប់ ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចជំនាញបានធ្វេីកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅវត្តឬស្សីសាញ់ ដេីម្បីធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ ៖ ជីម ភារ៉ា