កាកបាទក្រហមកម្ពុជាខេត្តកែប នាំយកអំណោយផ្តល់ជូនអាជីវករលក់ដូរនៅផ្សារសេះសរ ចំនួន ១៥០គ្រួសារ ដែលបានរងគ្រោះដោយអគ្គិភ័យឆេះផ្សារ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកែប, ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរនៅផ្សារសេះសរ ដែលត្រូវអគ្គីភ័យឆេះអស់ទាំងស្រុងចំនួន ១៥០គ្រួសារ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករលឹក និងសោកស្តាយជាទីបំផុតចំពោះគ្រោះអគ្គិភ័យ ដែលកើតមានឡើងនាពេលនេះ ។ ជាមួយគ្នានេះឯកឧត្តមក៏បានអំពាវនាវដល់សាធារណៈជនទាំងអស់អោយប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងឡើងវិញកុំអស់សង្ឃឹម ។ ក្រៅពីនេះក៏ត្រូវរួមគ្នាអនុវត្តវិធានការ ៣កុំ ៣ការពារ ដើម្បីចូលរួមកាត់បន្ថយការឆ្លងរាលដាលជំងឺកូវីដ-១៩ (Covid-19) ។

គួររំលឹកថាផ្សារសេះសរ ស្ថិតក្នុង ភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ដែលបានលេបត្របាក់អស់ទាំងស្រុងក្នុងហេតុការណ៍អគ្គីភ័យមួយ កាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានបណ្តាលអោយខូចខាតដល់តូបលក់ដូរ ឥវ៉ាន និងទ្រព្យសម្បត្តិអាជីវករក្នុងផ្សាសេះប្រមាណ១៥០គ្រួសារ។

អំណោយដែលទទួលបាននាពេលនេះក្នុង១គ្រួសារ អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកសុទ្ធ ១កេស និងថវិកាចំនួន ១០មុឺនរៀល ក្នុងនោះដែរឯកឧត្តម ជិន ប៊ុនស៊ាន ក៏បានឧបត្ថម្ភថវិកាចំនួន ១០ លានរៀល ផងដែរ ៕ Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner