ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ពង្រឹងវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩
ខេត្តកំពង់ធំ ៖ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានដឹកនាំកិច្ចប្រជុំជាមួយអាជ្ញាធរឃុំ ដើម្បីពង្រឹងវិធានការបន្ថែមក្នុងការពារទប់ស្កាត់ការ ឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅសាលាឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។
លោក សូត្រ អ៊ុល ប្រធានក្រុមប្រឹក្សាឃុំបន្ទាយស្ទោង បានរាយការណ៍ពីការគ្រប់គ្រង និងណែនាំប្រជាពលរដ្ឋ ចូលរួមប្រយុទ្ធប្រឆាំង ការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវី១៩ ទាំង ១៥ភូមិ ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង និងមានប្រជាពលរដ្ឋចំណាកស្រុក ទៅធ្វើការនៅប្រទេសថៃ វិលមកលំនៅដ្ឋានវិញ ត្រូវបានធ្វើចត្តាឡីស័កនៅតាមលំនៅដ្ឋាននីមួយៗគ្រប់ គ្រងយ៉ាងម៉ត់ចត់ពីអាជ្ញាធរដែនដីឃុំ.ភូមិ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កោតសរសើរការគ្រប់គ្រងប្រជាពលរដ្ឋបានល្អ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ ខណៈបច្ចុប្បន្ននៅទូទាំងឃុំ មិនទាន់មានការឆ្លងរីករាលដាលជាថ្មីទៀតឡើយ ដោយបងប្អូនភាគច្រើនបានយល់ដឹងនិងអនុវត្តន៍បានល្អនូវវិធានការបីការពារនិងបីកុំរបស់សម្តេចតេជោហ៊ុន សែន ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំនួនដល់អាជ្ញាធរឃុំ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត ដោយរងផលប៉ះពាល់ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ១៩ ផងដែរ ៕
ដោយ ប៊ុន រដ្ឋា