រដ្ឋមន្ដ្រីក្រសួងសាធារណៈការ បន្ដចុះពិនិត្យគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប

នៅថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២១នេះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប ការរៀបចំសោភណ្ឌភាពផ្លូវ ការរៀបចំខឿនចិញ្ចើមផ្លូវសម្រាប់អ្នកធ្វើដំណើរដោយថ្មើរជើង និងពិនិត្យគុណភាពនៃការចាក់បេតុងស្ពាន និងផ្លូវដើម្បីធានាបាន គុណភាពរឹងមាំស្របតាមបទដ្ឋានបច្ចេកទេស សក្តិសមជាទីក្រុងទេសចរណ៍សម័យទំនើប ។

សូមជម្រាបថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន ៣៨ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤១ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបជាង ១៤៩ លាន ដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន ៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨នេះ ។ គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន ១.កងវិស្វកម្មលេខ ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ២. កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣. កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤. អគ្គនាយកដ្ឋាន សាធារណការ ៥. អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦. នាយកដ្ឋាន គ្រឿងចក្រនិងស្ថាបនាផ្លូវ ៧. នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និង ៨. មន្ទីរសាធារណការ និងដឹក ជញ្ជូន ខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរក្រសួងចំនួន ៩ក្រុម ដើម្បីធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមាន និងសម្រេចការងារឱ្យបានទាន់ ពេលវេលា ។

ការសាងសង់ត្រូវបានបែងចែកជាបួនប្រភេទរួមមាន ក. ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើ កម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប ៣៥,៨៧៦គីឡូម៉ែត្រ ខ. ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC)ពីលើ កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប៩,៣៨៩ គីឡូម៉ែត្រ គ. ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើ កម្រាស់៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប ១០,៨៨០ គីឡូម៉ែត្រ ឃ. ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុប ៥២,៥៩៦ គីឡូម៉ែត្រ។

គម្រោងសាងសង់ផ្លូវចំនួន ៣៨ខ្សែក្នុងទីរួមខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើង តភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនៅក្រុងសៀមរាប ខេត្ត សៀមរាបនេះ គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ សម្រេចបាន ៦៦.៣៤% ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៧ខែ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner