រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់៣មកពិនិត្យសិក្សា និងបានបញ្ចូលសេចក្តីព្រាងច្បាប់ចំនួន ៤ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ ដើម្បីអនុម័តរបៀបវារៈមួយចំនួន។ ជាលទ្ធផលកិច្ចប្រជុំបានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ចំនួន៣ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា និងបានអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់ដែលគណៈកម្មការជំនាញរដ្ឋសភាបានពិនិត្យសិក្សារួចហើយចំនួន៤ ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាពេលខាងមុខ។

សេចក្តីព្រាងច្បាប់ថ្មីចំនួន៣ ដែលរដ្ឋសភាទទួលយកមកពិនិត្យសិក្សាតាមសំណើរបស់រាជរដ្ឋាភិបាលមានសេចក្តីព្រាងច្បាប់ស្តីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្រ្គោះបន្ទាន់។ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រម ជស/រកម/០៣៩៧/០១/ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧។ សេចក្តីព្រាងច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

ចំណែកសេចក្តីព្រាងច្បាប់ចំនួន៤ ដែលគណៈកម្មការជំនាញរដ្ឋសភាទើបតែបញ្ចប់ការពិនិត្យ សិក្សា ដែលត្រូវគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័តបញ្ចូលក្នុងរបៀបវារៈសម្រាប់សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាពេលខាងមុខ រួមមាន សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងសេចក្តីព្រាងច្បាប់ស្តីការប្រកួតប្រជែង។

នៅកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នាព្រឹកនេះ ក៏បានអនុម័តជ្រើសតំាង ឯកឧត្តម ម៉ែន កួន ជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដើម្បីដាក់ជូនសម័យប្រជុំរដ្ឋសភា នាពេលខាងមុខបន្តនីតិវិធី ផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner