តួកគី៖ ក្រុង Varosha របស់ប្រទេសស៊ីបនឹងបើកឡើងវិញ ទោះបីមានការជំទាស់ពីក្រិកក្ដី
អាជ្ញាធរនៅសាធារណរដ្ឋទួរគីខាងជើងនៃកោះស៊ីប បានចេញសេចក្ដីប្រកាសកាលពីថ្ងៃអង្គារថា ផ្នែកមួយនៃក្រុងVarosha ដែលត្រូវបានបោះបង់ចោល នឹងត្រូវបើកឡើងវិញ បង្កជាការជំទាស់យ៉ាងខ្លាំងពីក្រិក ស៊ីប និងមេដឹកនាំអន្តរជាតិដទៃទៀតរួមទាំងសហរដ្ឋអាមេរិក។

ក្រុង Varosha ដែលជាកន្លែងប្រមូលផ្ដុំដោយសណ្ឋាគារ និងអគារស្នាក់នៅខ្ពស់ៗ ត្រូវបានគេបោះបង់ចោលក្លាយជាតំបន់យោធា ដោយមិនអនុញ្ញាតឱ្យនរណាចូលតាំងពីសង្រ្គាមឆ្នាំ ១៩៧៤ ហើយធ្វើឱ្យកោះស៊ីបបាក់បែក។
អាជ្ញាធរស៊ីបភាគខាងជើង បានបើកតំបន់តូចមួយសម្រាប់ដំណើរទស្សនកិច្ចកាលពីខែវិច្ឆិកា ឆ្នាំ ២០២០ ហើយកាលពីថ្ងៃអង្គារនេះ បាននិយាយថាផ្នែកមួយក្រុងនេះ នឹងត្រូវបើកជាធម្មតាជាមួយនឹងយន្តការមួយដែលអាចឱ្យប្រជាជនចូលទៅយកនូវទ្រព្យសម្បត្តិរបស់ខ្លួនបាន។
ប្រធានាធិបតីស៊ីបលោក Nicos Anastasiades បានពិពណ៌នាអំពីការផ្លាស់ប្តូរនេះថា ជាការមិនអាចទទួលយកបាន។ ចំណែកឯរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា សេចក្តីសម្រេចនេះ គឺមិនស៊ីគ្នានឹងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវយ៉ាងជាក់លាក់ថាក្រុង Varosha ត្រូវបានគ្រប់គ្រងដោយអង្គការសហប្រជាជាតិ។ យ៉ាងណាមិញ ប្រធានាធិបតីតួកគីលោក Tayyip Erdogan ប្រាប់៖ «យើងមិនមានពេលវេលាខ្ជះខ្ជាយ ៥០ ឆ្នាំទៀតទេ»។ លោកនិយាយបែបនេះ ដោយសម្ដៅលើកិច្ចខិតខំប្រឹងប្រែងដែលរាប់ចាត់ទុកថាជាការបរាជ័យជាច្រើនទសវត្សរ៍របស់អង្គការសហប្រជាជាតិ ដើម្បីបង្រួបបង្រួមកោះស៊ីបដែលបែកបាក់។