ប្រធានាធិបតីឥណ្ឌូនេស៊ីស្នើអោយបន្ធូរបន្ថយការវិធានការណ៍រឹតត្បិតទប់ស្កាត់ Covid-19 នៅសប្តាហ៍ក្រោយ (មានវីដេអូ)
ឥណ្ឌូនេស៊ី៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានថ្លែងក្នុងសន្និសិទសារព័ត៌មានតាមអនឡាញមួយនៅថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋាភិបាលបានសម្រេចពន្យារពេលអនុវត្តគោលនយោបាយរឹតបន្តឹង ពាក់ព័ន្ធនឹងជំងឺកូវីដ១៩មួយសប្តាហ៍ទៀត ហើយអាចនឹងធ្វើការបន្ធូរបន្ថយវិញនៅថ្ងៃទី២៦ ខែកក្កដា ប្រសិនបើករណីឆ្លងធ្លាក់ចុះ ។
ប្រធានាធិបតីឥណ្ឌូនេស៊ីរូបនេះក៏បានលើកឡើងផងដែរថា រដ្ឋាភិបាលនឹងបន្តចែកចាយជំនួយសង្គម និងហិរញ្ញវត្ថុដល់អ្នកដែលសមនឹងទទួលបាន នៅពេលមានស្ថានភាពយ៉ាប់យឺនដោយសារមេរោគរាតត្បាត ។ ការរឹតត្បិតដ៏តឹងរ៉ឹង ដែលត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃទី៣ ខែកក្កដា ត្រូវបានបញ្ចប់កាលពីថ្ងៃទី២០ ខែកក្កដា ។ តែការរឹតបន្តឹងនេះ ក្រោយមកត្រូវបានពង្រីកដល់តំបន់ចំនួន១៥ផ្សេងទៀតដែលមានករណីឆ្លងជំងឺកូវីដ១៩កើនឡើងខ្លាំង ។
គួរកត់សម្គាល់ ប្រទេសឥណ្ឌូនេស៊ីបានកត់ត្រាពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន ៣ម៉ឺន៨ពាន់៣២៥ករណី និងស្លាប់១ពាន់២៨០នាក់នៅថ្ងៃអង្គារម្សិលមិញ ដែលជាចំនួនខ្ពស់បំផុតទី២គិតមកទល់ពេលនេះ ខណៈករណីឆ្លងដែលកំពុងកើនឡើងនេះ ក៏មានចំណែកនៃវីរុសបម្លែងថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌាផងដែរ ៕ ប្រភព៖ ស៊ីនហួរ

