ប្រទេសចិនព្យាយាមប្រឆាំងនឹងសម្មតិកម្មទាក់ទងនឹងប្រភពនៃវីរុសកូវីដ-១៩

រដ្ឋាភិបាល​​​ចិន​​បាន​អំពាវនាវ​អោយ​មាន​ការ​ស៊ើប​អង្កេត​នៅ​មន្ទីរ​ពិសោនធន៍​អាមេរិក​​ដែល​​អាច​​​ទាក់​​ទង​នឹង​​ប្រ​ភព​ដើម​​នៃ​​​វីរុស​កូវីដ​​-​១៩​ បន្ទាប់​​ពី​​មាន​ការ​​ចោទ​​ប្រកាន់​​ជា​​ច្រើន​​ដែល​​ថា​ ប្រភព​​វីរុស​​នេះ​គឺ​​លេច​​ចេញ​ពី​​មន្ទីរ​​ពិសោធន៍​នៅ​​វូ​ហាន​​ប្រទេស​​ចិន​។

អ្នក​នាំ​ពាក្យ​ក្រ​សួង​ការ​បរទេស​ចិន​ លោក​ស្រី​ ​Hua​ Chunying​ និង​ស​ហ​កា​រីចំនួន​​ពីរ​នាក់​នៅ​ក្រសួង​ការ​បរទេស​ដូច​គ្នា​គឺ​ លោក​ Zhao​ Lijian​ និង​លោក​ Wang​ Wenbin​ បាន​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​មន្ទីរ​ពិសោធន៍​ Fort​ Detrick​​ សរុប​ចំនួន​ ៣៣​ ដង​នៅ​ក្នុ​ង​សន្និសីទ​សារព័ត៌មាន​ផ្លូវការ​។

តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ South​ China​ Morning​ Post​ បន្ទាប់​ពី​លោក​  Joe​ Biden​ ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​មករានេះ​មក​​ មាន​ការ​អំពាវនាវ​អោយ​មាន​ការ​ស៊ើបអង្កេត​ទៅ​លើ​វិទ្យាស្ថាន​នេះ​មាន​ចំនួន​ ២៧​ រួច​មក​ហើយ​ទាក់​ទង​នឹង​ប្រពភ​នៃ​វីរុស​កូវីដ​-១៩​។

កាល​ពី​ថ្ងៃ​ទី​ ២២​ ខែ​មិថុនាកន្លងទៅ ​​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ លោក​ស្រី​ Hua​ Chunying​ បាន​និយាយ​ដោយ​បង្ហោះ​ជា​សារ​នៅ​ក្នុង​បណ្តាញ​សង្គម​ធ្វីតធឺ​​ថា​​៖​ ​«ករណី​ផល​ប៉ះ​ពាល់​ទៅ​ដល់​សួត​ដែល​បណ្តាល​ដោយ​សារ​ជក់​បារី​អេឡិចត្រូនិច​(​EVALI​)បាន​កើត​ឡើង​នៅ​រដ្ឋ​ Wisconsin​ ក្នុង​ខែ​កក្កដា​ឆ្នាំ​ ២០១៩​ ដោយ​ករណី​នេះ​មាន​រោគសញ្ញា​ស្ទើរ​តែ​ដូច​ទៅ​នឹង​វីរុស​កូវីដ​-១៩​ ។ លោក​ស្រី​ Hua​ បាន​បន្ត​និយាយ​ថា​ កន្លែង​ដែល​មាន​ករណី​នេះ​គឺ​ស្ថិត​នៅ​ក្បែរ​មន្ទីរ​ពិសោធន៍​ Fort​ Detrick​​។»

ការ​ផ្តោត​ទៅ​លើ​មន្ទីរ​ពិសោធន៍​ Fort​ Detrick​​ គឺ​ជា​ការ​ប្រឆាំង​ទៅ​នឹង​សម្មតិកម្ម​ដែល​បាន​លើក​ឡើង​ពី​ប្រទេស​ចិន​ដែល​ថា​ ការ​រាត​ត្បាត​វីរុស​កូវីដ​-១៩​ អាច​ចេញ​ពី​មន្ទីរ​ពិសោធន៍​ Wuhan​ ​ប្រទេស​ចិន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ មន្ទីរ​ពិសោធន៍​ Fort​ Detrick​ គឺ​ជា​បញ្ជាការ​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​វេជ្ជសាស្រ្ត​កងទ័ព​សហរដ្ឋអាមេរិក​ (MRDC)​ ដែល​គាំទ្រ​ដល់​សហគមន៍​រដ្ឋាភិបាល​ជា​ច្រើន​ដែល​ធ្វើ​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍ​ជីវសាស្រ្ត​ ការ​គ្រប់គ្រង​សម្ភារៈ​វេជ្ជសាស្ត្រ​ ការ​ទំនាក់​ទំនង​នៅ​ទូ​ទាំង​ពិភពលោក​ និង​ការ​សិក្សា​អំពី​ភ្នាក់​ងារ​បង្ក​ជំងឺ​។

ការ​លើក​ឡើង​ដំបូង​របស់​ទី​ក្រុង​ប៉េកាំង​អំពី​ ​Fort​ Detrick​ បាន​កើត​ឡើង​នៅ​ខែ​មីនា​ឆ្នាំ​ ២០២០​ ភ្លាមៗ​បន្ទាប់​ពី​ប្រធានាធិបតី​​អាមេរិក​​ Donald Trump​ បាន​អះ​អាង​ដោយ​គ្មាន​ភស្តុ​តាង​ថា​វីរុស​នេះ​លេច​ចេញ​មន្ទីរ​ពិសោធន៍​នៅ​ទី​ក្រុង​ Wuhan​ ​។

មួយ​ថ្ងៃ​បន្ទាប់​ពី​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ត្រូវ​បាន​ចេញ​ផ្សាយ​ថា​ វីរុស​កូវីដ-១៩​អាច​មិន​លេច​ចេញ​ពីមន្ទីរ​ពិសោធន៍​ប្រ​ទេស​ចំនួន​ ១៤​ រួម​មាន​សហរដ្ឋអាមេរិក​ អង់គ្លេស​ អូស្រ្តាលី​ ជប៉ុន​ កូរ៉េខាងត្បូង​និង​កាណាដា​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដែល​បង្ហាញ​ពី​កា​​​រ​ព្រួយ​បារម្ភ​អំពី​កង្វះ​លទ្ធភាព​ទទួល​បាន​ទិន្នន័យ​មន្ទីរពិសោធន៍​ Wuhan​ សម្រាប់​ការ​ស៊ើប​អង្កេត​។

​អ្នក​នាំ​ពាក្យ​ចិន​លោក​ Zhao​ បាន​និយាយ​ទាក់​ទង​នឹង​ Fort​ Detrick​ ដោយ​លោក​ចោទ​ជា​សំណួរ​ថា​

តើ​យោធា​អាមេរិក​បាន​ធ្វើ​អ្វី​​ខ្លះ​នៅ​ក្នុង​មន្ទីរពិសោធន៍​ទាំងនេះ​ និង​មូលដ្ឋាន​នៅ​ឯ​ Fort Detrick​? លោក​បាន​និយាយ​ថា​៖​ «ជា​ថ្មី​ម្តង​ទៀត​យើង​សូម​អំពាវនាវ​ដល់​សហរដ្ឋអាមេរិក​ឱ្យ​ប្រកាន់​អាកប្បកិរិយា​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ឆ្លើយ​តប​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ព្រួយ​បារម្ភ​របស់​អន្តរជាតិ​ និង​ផ្តល់​ការ​បញ្ជាក់​ពេញ​លេញ​អំពី​សកម្មភាព​យោធា​របស់​ខ្លួន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​»។

ការ​សិក្សា​រួម​គ្នា​លើ​ប្រភព​ដើម​នៃ​វីរុស​កូវីដ-១៩​ ដោយ​អ្នក​ជំនាញ​ចិន​ និង​អង្គការ​សុខភាព​ពិភពលោក​កាល​ពីខែ​មីនានេះ​ ​បាន​ច្រាន​ចោល​សម្មតិកម្ម​ដែល​ថា​ វីរុស​នេះ​គឺ​លេច​ចេញ​ពី​មន្ទីពិសោធន៍​ Wuhan​ ប្រទេស​ចិន​។ ភ័ស្តុតាង​បន្ថែម​ទៀត​បាន​ចង្អុល​បង្ហាញ​ពី​ការ​ពិត​ដែល​ថា​វីរុស​នេះ​ប្រហែល​ជា​ ចម្លង​ពី​ប្រចៀវ​ទៅ​មនុស្ស​តាម​រយៈ​អន្តរការី​មួយ​ហើយ​វា​មិន​អាច​ទំនង​លេច​ចេញ​ពី​មន្ទីរ​ពិសោធន៍នោះ​​ទេ​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner