សភាហុងកុងបើកកិច្ចពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងនឹងការទម្លាយព័ត៌មានឯកជន
ហ៊ីម រដ្ឋា
សភាហុងកុងបានចាប់ផ្ដើមបើកកិច្ចពិភាក្សាអំពីសេចក្ដីព្រាងច្បាប់ស្ដីពីពីការប្រឆាំងនឹងការទម្លាយព័ត៌មានឯកជនជាសាធារណៈ កាលពីថ្ងៃពុធកន្លងទៅ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា សេចក្ដីព្រាងច្បាប់នេះត្រូវបានលើកយកមកពិភាក្សា ក្រោយពេលដែលព័ត៌មានឯកជនរបស់មន្ត្រីរដ្ឋបាលនៅលើដែនដីនេះ ដែលមានដូចជា អាសយដ្ឋានផ្ទាល់ខ្លួន ក៏ដូចជាសាលារៀន ដែលកូនរបស់ពួកគេកំពុងតែរៀន ត្រូវបានទម្លាយនៅលើបណ្ដាញអ៊ីនធឺណិត ដោយក្រុមប្រឆាំងនឹងរដ្ឋាភិបាលដែនដីស្វយ័តហុងកុង។
គេរំពឹងទុកថា ច្បាប់នេះអាចនឹងត្រូវអនុម័តយ៉ាងលឿន ដោយសារតែនៅពេលនេះសភាហុងកុងមិនសមាជិកក្រុមប្រឆាំងណាមួយទេ ខណៈអ្នកតាក់តែងច្បាប់មាននិន្នាការប្រឆាំងបានលាឈប់ ក្រោយពេលដែលច្បាប់សន្តិសុខជាតិត្រូវបានអនុម័ត ដោយក្រុងប៉េកាំងកាលពីឆ្នាំ២០២០។
បើតាម Reuters អ្នកដែលល្មើសនឹងច្បាប់នេះ គឺជាអ្នកដែលទម្លាយព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលណាមួយ ដោយមិនមានការអនុញ្ញាត ដែលមានបំណងក្នុងការវាយប្រហារជាក់លាក់ណាមួយដូចជា ការគំរាមកំហែងផ្លូវកាយ និងផ្លូវចិត្តជាដើម។ អ្នកល្មើសច្បាប់ អាចនឹងប្រឈមនឹងការផាកពិន័យចំនួន ១លានដុល្លារហុងកុង ឬ ក្បែរ ១៣ម៉ឺនដុល្លារ ហើយអាចជាប់ពន្ធនាគារ ៥ឆ្នាំ។
បើទោះជាយ៉ាងណាក៏ដោយ ច្បាប់នេះត្រូវបានសម្ព័ន្ធអ៊ីនធឺណិតអាស៊ី ដែលរួមមានក្រុមហ៊ុន Google ក្រុមហ៊ុន Facebook និង Twitter សម្ដែងពីការព្រួយបារម្ភ ហើយបានហៅវិធានការនេះថា មិនសមស្របនឹងបទបញ្ញត្តិ និងទំនោររបស់ពិភពលោក៕
ប្រភព៖
Hong Kong begins talks on controversial ‘anti-doxxing’ privacy bill