ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន៦ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកអំពិល និងឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលតំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្ដាល និងសហការី បានហែរទៀន ព្រះវស្សា និងទេយ្យទាន រួមមាន ទៀន ៦គូរ អង្ករ ១២បាវ សាដក ៥១ ទឹកក្រូច ៣០កេស ទឹកបរិសុទ្ធ ៣០កេស មី ៣០កេស និងបច្ច័យ ៦លានរៀល វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រែកអំពិល វត្តឃ្លាំងមឿងជើង វត្តព្រែកក្របៅ វត្តទួលអណ្តូង វត្តកន្ទីរយ៉ារ៉ាម និងវត្តព្រែកលួង ក្នុងរដូវកាលចូលព្រះវស្សា ដើម្បីរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃដែលត្រូវគង់នៅតែក្នុងវត្ត រៀនសូត្រធម៌វិន័យផ្សេងៗក្នុងរយៈពេល ៣ខែនៃការចូលកាន់ព្រះវស្សានេះ ។

ក្នុងពិធីនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលមានប្រសាសន៍ថា វិស័យសាសនា ត្រូវបានលើកតម្កើង យកចិត្តទុកដាក់ និងផ្តល់សិទ្ធិសេរីភាពពេញលេញជូនបងប្អូនប្រជាពលរដ្ឋ ធ្វើបុណ្យទាន ក្រោមដំបូល ឆ័ត្រនៃសុខសន្តិភាព និងការអភិវឌ្ឍន៍ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ថ្លែងថា ការអូសបន្លាយ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ គឺមិនល្អនោះឡើយ ទាំងកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ព្រោះវាបានបង្អាក់ និងដាក់សម្ពាធយ៉ាងខ្លាំងដល់ដំណើរការសេដ្ឋកិច្ច ពិសេសសកម្មភាពផលិតកម្មជាដើម ។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលបានប្រគេនទានព្រះវស្សា និងទេយ្យទាន ដល់ វត្តទាំង៦ ក្នុងវត្តនីមួយៗមាន ទៀនវស្សា ១គូរ អង្ករ ២បាវ ទឹកក្រូច ៥កេស ទឹកបរិសុទ្ធ ៥កេស បច្ច័យកសាង ១លានរៀល ប្រគេនព្រះចៅអធិការ សាដក១ បច្ច័យ ១០ម៉ឺនរៀល ព្រះភិក្ខុសង្ឃសាដក១ បច្ច័យ ៥ម៉ឺនរៀល ព្រមទាំងបានចែកជូនតាជី-យាយជី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល កម្លាំងប្រជាការពារ នូវថវិកាមួយចំនួនផងដែរ សរុបការចំណាយក្នុងកម្មវិធីអស់ប្រមាណជាង ២០លានរៀល ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner