អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខកងកម្លាំងទាំង៣ និងពិនិត្យសំណង់វេទិកាទិវាវប្បធម៌រួមគ្នា រវាងកម្ពុជា-ឡាវ នៅតំបន់ព្រំដែនផ្លូវទឹក ស្ថិតនៅក្នុងស្រុកឆែប

ខេត្តព្រះវិហារ ៖ អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធទាំង៣ នៅតំបន់ព្រំដែនផ្លូវទឹក និងអញ្ជើញពិនិត្យសំណង់វេទិកាទិវាវប្បធម៌រួមគ្នា រវាងមិត្តភាពកម្ពុជា-ឡាវ ការសាងសង់អាស្រម ដើម្បីបែរបន់សុំសេចក្តីសុខពីម្ចាស់ថែរក្សាទឹកដី កាលពីថ្ងៃទី២២ កក្កដា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ។

ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈសុខាភិបាលមួយចំនួន ទៅឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធទាំង៣ ដែលកំពុងឈរជើងនៅតំបន់ព្រំដែនកំពង់ស្រឡៅ ស្រុកឆែបនោះ រួមមាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ភេសជ្ជៈ ទឹកបរិសុទ្ធ ម៉ាស់ ទឹកអាល់កុល និងសម្ភារៈការពារជំងឺកូវីដ-១៩ មួយចំនួន ថែមទៀត ។

ក្នុងឱកាសនោះ អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ បានណែនាំ ដល់មន្ត្រីជំនាញទទួលបន្ទុក សាងសង់វេទិកា សម្រាប់ប្រារព្ធពិធីបុណ្យអ៊ុទូក អកអំបុក និងសំពះព្រះខែ ដែលវេទិកានេះ បានចាត់ទុកជាវេទិកាទិវាវប្បធម៌រួមគ្នាមួយ រវាងមិត្តភាពកម្ពុជា-ឡាវ ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា ត្រូវពន្លឿនលើការសាងសង់ ព្រោះត្បិតរដូវវស្សាបានឈានចូលមកដល់ហើយ ។ រីឯការសាងសង់វេទិកានេះ ត្រូវធ្វើឡើងតាមស្តង់ដាបច្ចេកទេស និងប្រកបដោយគុណភាពខ្ពស់ ។

គួរបញ្ជាក់ថា វេទិការបុណ្យអ៊ុទូក អកអំបុក និងសំពះព្រះខែ មួយខ្នងនេះ មានទំហំទទឹង ១៥ម៉ែត្រ និងបណ្តោយ ២៧ម៉ែត្រ ចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៨ ខែមីនាឆ្នាំ២០២១ គ្រោងសាងសង់រយៈពេល ៨ខែ នឹងបញ្ចាប់លើការសាងសង់ នៅក្នុងខែវិច្ឆិកាឆ្នាំ២០២១ខាងមុខនេះ ដែលនឹងត្រូវចំណាយថវិកាអស់ប្រមាណជិត ១០ម៉ឺនដុល្លារអាមេរិក ។

អភិបាលស្រុកឆែប លោក សុខ សាន្តដារ៉ា បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីជំងឺកូវីដ១៩ ផុតរលត់ទៅ ទីតាំងវេទិការទិវាវប្បធម៌រួមគ្នានេះ នឹងទទួលបានការគាំទ្រ និងមានអ្នកទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាកាន់តែច្រើន ជួយបង្កើនជីវភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នេះ កាន់ធូរធារទ្វេរឡើងមួយកម្រិតទៀត កាត់បន្ថយបាននូវភាពក្រីក្រ ស្របតាមចក្ខុវិស័យ និងគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ៕ដោយ ៖ ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner