ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ បានបញ្ចប់ដោយសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ

ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត រយៈពេល៨ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានប្រព្រឹត្តទៅដោយសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ ដោយពុំមានបញ្ហាអ្វីកើតឡើងនោះទេ។

លោកបណ្ឌិត តែ ជិនណារិទ្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ដែលបានចូលរួមឃ្លាំមើលសកម្មភាពឃោសនានៅថ្ងៃនេះ បានឱ្យដឹងថា ការឃោសនាបោះឆ្នោត ក្នុងរយៈពេល៨ថ្ងៃកន្លងមកនេះ បានប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ។ លោកបានបន្តថា អ្នកចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតទាំងអស់ បានអនុវត្ត និងគោរពតាមវិធានការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបានយ៉ាងល្អ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ គឺជាថ្ងៃចុងក្រោយនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត មានគណបក្សនយោបាយ ចំនួន១ ក្នុងចំណោម គណបក្សនយោបាយទាំង៤ បានធ្វើសកម្មភាពឃោសនា គឺគណបក្សប្រជាជនកម្ពុជា មានការប្រមូលផ្តុំសមាជិក២០០នាក់ ក្នុងក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានរថយន្តចំនួន ៨០គ្រឿង និងម៉ូតូចំនួន៣០គ្រឿង ហើយក៏មានការចាក់មេក្រូនៅតាមទីស្នាក់ការគណបក្សក្រុង សង្កាត់ និងតាមភូមិ។ ដោយឡែកគណបក្សចំនួន ៣ ផ្សេងទៀត ពុំមានសកម្មភាពឃោសនាទេ។

គ.ជ.ប បានបន្តថា ការឃោសនាបោះឆ្នោតបានចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ហើយគណបក្សនយោបាយទាំង៤ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតនេះ បានធ្វើសកម្មភាពទៅតាមលទ្ធភាពរបស់គណបក្សនយោបាយនីមួយៗ ដើម្បីស្វែងរកការគាំទ្រពីអ្នកបោះឆ្នោត ដូចជា ការចាក់មេក្រូ ការចែកខិតប័ណ្ណ ការជួបប្រជុំ និងការហែក្បួន ជាដើម។

សូមបញ្ជាក់ថា ការឃោសនាបោះឆ្នោតនេះត្រូវចាប់ផ្តើមពីម៉ោង ៦:០០ នាទីព្រឹក ដល់ម៉ោង១០:០០នាទីយប់ ហើយការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅក្នុងមណ្ឌលត្រូវកំណត់២ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។ សូមជម្រាបជូនថា សមាជិកក្រុមប្រឹក្សាក្រុងបូកគោ មានចំនួន១៣រូប ហើយអ្នកបោះឆ្នោត ដែលជាសមាជិក ក្រុមប្រឹក្សាសង្កាត់ ក្នុងមុខតំណែង មានចំនួន១៧រូប មកពីសង្កាត់ចំនួន៣ នៃក្រុងបូកគោ។

គួររម្លឹកថា កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានរៀបចំពិធីចាប់ឆ្នោតយកលំដាប់លេខរៀងគណបក្សនយោបាយចំនួន៤ ដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដាខាងមុខ។ ការចាប់ឆ្នោតយកលំដាប់លេខរៀងនេះ គឺបន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានសម្រេចទទួលស្គាល់ជាផ្លូវការនូវការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយចំនួន៤។ លទ្ធផលនៃការចាប់ឆ្នោតលំដាប់លេខរៀងដែលគណបក្សនយោបាយនីមួយៗទទួលបាន មានដូចតទៅ៖ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានលេខរៀងទី១, គណបក្សយុវជនកម្ពុជា ទទួលបានលេខរៀងទី២, គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី៣ និងគណបក្សសញ្ជាតិកម្ពុជា ទទួលបានលេខរៀងទី៤៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner