សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យបង្កើត “គណបក្សកម្ពុជានិយម”

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យបង្កើត “គណបក្សកម្ពុជានិយម” ដែលមានលោក អូក អ៊ី ជាតំណាងស្ថាបនិក។ ប៉ុន្តែដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របដោយស្របច្បាប់ គណបក្សកម្ពុជានិយម ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ ការអនុញ្ញាតឱ្យបង្កើតនេះ បានធ្វើឡើងបន្ទាប់ពីតំណាងស្ថាបនិកគណបក្សនេះ បានដាក់ពាក្យស្នើសុំបង្កើតគណបក្សទៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។

សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានធ្វើលិខិតជម្រាបជូនលោក អូក អ៊ី ជាតំណាងស្ថាបនិកគណបក្សកម្ពុជានិយមបានឱ្យដឹងថា ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឱ្យបង្កើត “គណបក្សកម្ពុជានិយម” ដែលសរសេរជាអក្សរកាត់ “ប.ក” ដោយមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល ស្ថិតនៅបុរីពិភពថ្មីកួរស្រូវ៣ ផ្ទះលេខ៥២-៥៤ ផ្លូវបេតុង៩ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សម្តេចក្រឡាហោមបានបញ្ជាក់ថា ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គល នៅក្នុងរយៈពេល១៨០ (មួយរយប៉ែតសិប)ថ្ងៃបន្ទាប់ពីបានបង្កើតរួចហើយ គណបក្សកម្ពុជានិយម ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

បើយោងតាមប្រភពបានបង្ហើបប្រាប់ AMS នៅល្ងាចថ្ងៃទី២៣ ខែកក្កដានេះថា ក្រុមដែលបង្កើតគណបក្សកម្ពុជានិយម គឺជាមនុស្សដែលសិ្នទ្ធជាមួយលោក កឹម សុខា និងទើបតែទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញកាលពីពេលថ្មីៗនេះ។ ការដែលក្រុមមនុស្សរបស់លោក កឹម សុខា សម្រេចបង្កើតគណបក្សថ្មីនេះ បានធ្វើឡើងបន្ទាប់ពីក្រុមមនុស្សរបស់មេឧទ្ទាម សម រង្ស៊ី បានដាក់ពាក្យស្នើសុំបង្កើតគណបក្ស “បេះដូងជាតិ”។

គួរបញ្ជាក់ថា មកដល់ពេលនេះ មានមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ជាង២០រូបទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។ ដោយក្នុងនោះមានមួយចំនួនបានបង្កើតគណបក្សថ្មី មានដូចជា លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្ត្រ បង្កើតគណបក្សខ្មែរអភិរក្ស។ លោក ជីវ កត្តា អតីតតំណាងរាស្ត្រ បង្កើតគណបក្សខ្មែរស្រលាញ់ជាតិ។ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ បង្កើតគណបក្សកែទម្រង់កម្ពុជា។ ក្រុមលោកថាច់ សេដ្ឋា បង្កើតគណបក្សបេះដូងជាតិ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner