ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្លាស់ប្ដូរថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនក្មេងអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ ពីថ្ងៃទី០៦ មកថ្ងៃទី០១ ខែសីហា ខាងមុខនេះវិញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ជូនជនរួមជាតិ ឲ្យបានជ្រាបថា សម្តេចតេជោ បានសម្រេចផ្លាស់ប្ដូរថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំង ស៉ីណូវ៉ាក់ ជូនកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ពីថ្ងៃទី០៦ មកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះវិញ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា សម្តេច នឹងធ្វើជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសម្តេច នឹងនាំយកចៅៗរបស់សម្តេចទាំងអស់ ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះតែម្តង ហើយក្រៅពីចៅរបស់សម្តេច ក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត ទៅទទួលវ៉ាក់សាំងផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានបញ្ជាក់ថា កម្ពុជា ក៏មានផែនការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យ អាយុចន្លោះពី១២ទៅ១៧ឆ្នាំ ដើម្បីបង្កើតភាពសាំក្នុងសង្គម និងឈានទៅដល់ការបើកសកម្មភាពសង្គម ឱ្យកាន់តែទូលាយ ជាពិសេស ការបើកសាលារៀនឡើងវិញ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី ១២ឆ្នាំ ទៅ ១៧ឆ្នាំនេះ ជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើងវិញ ជាពិសេស ការសិក្សានៅតាមសាលារៀន ដែលយ៉ាងហោចណាស់ ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង។ ការចាក់វ៉ាក់សាំងនេះ នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្ត។ តែសម្តេចសង្ឃឹមថា តាមការយល់ដឹង និងស្មារតីចូលរួមរបស់ប្រជាពលរដ្ឋ នាពេលបច្ចុប្បន្ននេះ គឺមាតាបិតា និងអាណាព្យាបាល នឹងនាំកូនៗទៅទទួលវ៉ាក់សាំង ។

បើទោះបីជាយ៉ាងណា សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តស្មារតីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ជាពិសេសវិធាន «៣ការពារ និង៣កុំ» ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner