សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងប្រឆាំងកូវីដ១៩ AstraZeneca ចំនួន១លានដូស ដែលជាជំនួយរបស់ជប៉ុន ដែលបានដឹកមកដល់កម្ពុជាហើយ

ភ្នំពេញ៖ វ៉ាក់សាំងប្រឆាំងកូវីដ១៩ AstraZeneca ចំនួន១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន បានដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ ដែលពិធីទទួលត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុតជប៉ុនប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីតាំណាងអង្គការសុខភាពពិភពលោក និងមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត ។

មានប្រសាសន៍ក្នុងពិធីនេះ សម្ដេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា៖ យុទ្ធនាការនៃការចាក់វ៉ាក់សាំងសម្រាប់កុមារនិងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំដល់ ១៧ឆ្នាំ នឹងត្រូវចាប់ផ្ដើមនៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្ដេចនឹងអញ្ជើញធ្វើជាអធិបតីនៅការចាក់វ៉ាក់សាំងនេះនៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ទៅសម្ដេចនឹងធ្វើសន្និសីទសារព័ត៌មាននៅទីនោះ។ សម្ដេចបន្តថា សម្ដេចនឹងនាំចៅដែលមានអាយុលើសពី១២ឆ្នាំ ទៅកាន់ទីនោះ ហើយអាចមានជាមួយសម្ដេច ឯកឧត្ដម លោកជំទាវដែលមានកូន មានចៅអាយុ ១២ឆ្នាំឡើង ទៅចូលរួមចាក់វ៉ាក់សាំងនេះ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា យុទ្ធនាការនៃការចាក់វ៉ាក់សាំងសម្រាប់កុមារនិងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំដល់ ១៧ឆ្នាំ នឹងត្រូវចាប់ផ្ដើមពីទីក្រុងភ្នំពេញ ដែលជាចំណុចនៃយុទ្ធសាស្ត្រផ្ការីកជាបន្តទៀត ហើយការចាក់របស់យើងនេះ មិនថាតែនៅទីក្រុងភ្នំពេញទេ ពេលដែលយើងមានវ៉ាក់សាំងគ្រប់គ្រាន់ យើងចាក់ទាំងមនុស្សចាស់ផង និងកូនក្មេងទៅជាមួយគ្នាផង គឺថានៅពេលដែលយើងកំពុងដាក់ផែនការចាក់វ៉ាក់សាំង ដោយយើងចាក់បានជាង ៦៧,៥៣ភាគរយនៃចំនួនប្រជាជនដែលត្រូវចាក់ ១០លាននាក់ នោះយើងនឹងចាក់បាន ៦២,៥ភាគរយនៃប្រជាជន ១៦លាននាក់ ហើយប្រសិនបើយើងចាក់ចំពោះកូនក្មេងអាយុ ១២ ដល់ ១៧ឆ្នាំ ដែលយើងប៉ាន់ស្មានថា មានប្រមាណ ២លាននាក់ ក្នុងនោះ ១០លាន បូកនឹង ២លាននាក់ យើងមានប្រជាជនដែលត្រូវបានចាក់វ៉ាក់សាំង ៦៥% ប៉ុន្តែនៅពេលដែលយើងមានប្រជាជនច្រើនជាងនេះ ហើយអាចនឹងអនុញ្ញាតឲ្យមានការចាក់វ៉ាក់សាំងដល់ក្មេងអាយុក្រោម ១២ឆ្នាំបន្តទៀត ខ្ទង់ ៣លាននាក់ យើងនឹងបានយើង ៨២% អាចចាត់ទុកថាជាសមាមាត្រ។

សម្ដេចតេជោ ហ៊ុន សែន ក៏សូមផ្ដាំផ្ញើទៅមាតាបិតាអាណាព្យាបាល យកកូនទៅចាក់វ៉ាក់សាំង ដើម្បីការពារជំងឺរាតត្បាតនេះ ហើយវាមិនមានអ្វីចម្លែកនោះទេ បើប្រៀបធៀបទៅនឹងទារក និងកុមារ ដែលទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់ ដើម្បីការពារជំងឺច្រើនមុខ ដែលគេចាប់ផ្ដើមទទួលបានតាំងពីកើតមក ដូច្នេះសូមកុំមានការបារម្ភ ហើយចៅរបស់សម្ដេចម្នាក់ ទើបមានអាយុ ១៦ឆ្នាំ ប៉ុន្តែគេបានចាក់វ៉ាក់សាំងរួចទៅហើយ ដោយសារគេត្រូវចេញទៅរៀននៅក្រៅប្រទេសនាខែក្រោយនេះ ដូច្នេះវាគ្មានហានិភ័យណាមួយកើតឡើងសម្រាប់ការចាក់វ៉ាក់សាំងនោះទេ។ នេះជាការបញ្ជាក់ជូនបន្ថែម ហើយមុននេះបន្តិច សម្ដេច និងឯកឧត្តម មិកាមិ ម៉ាសាហ៉ីរ៉ូ អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក៏បានពិភាក្សាអំពីកិច្ចសហការបន្តក្នុងកិច្ចប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-19 ព្រមទាំងសហប្រតិបត្តិការដទៃទៀត ដែលសម្ដេចសូមយកឱកាសនេះថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់នូវសម្ភារៈ បរិក្ខា ដែលរាប់ទាំងមធ្យោបាយដឹកជញ្ជូនអ្នកជំងឺ ដែលធ្វើឲ្យកម្ពុជាធូស្រាលក្នុងការដឹកអ្នកជំងឺទៅកាន់មន្ទីពេទ្យ ដែលតាមរយៈឯកឧត្តមអគ្គរាជទូត សម្ដេចផ្ដាំផ្ញើជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន នូវការអរគុណពីសំណាក់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

សម្ដេចសង្ឃឹមថា យុទ្ធនាការចាក់វ៉ាក់សាំងយ៉ាងយូរត្រឹមខែតុលា បាន១០លាននាក់ ហ្នឹងថែម២លាននាក់ ឬច្រើនជាងនេះសម្រាប់កុមារនៅក្នុងប្រទេសរបស់យើង។ ដោយឡែកសម្រាប់ទីក្រុងភ្នំពេញ ត្រូវរៀបចំឱ្យរួចរាល់ ដើម្បីចេញដំណើរចាប់ពីថ្ងៃទី០១ ខែសីហាតទៅហើយយោងទៅលើស្ថិតិអ្នកដែលរស់នៅបច្ចុប្បន្ននៅភ្នំពេញ កុមារ និងយុវវ័យ មានត្រឹមតែជាង ១៩ម៉ឺននាក់ប៉ុណ្ណោះ ប៉ុន្តែដោយមានអ្នកមកធ្វើការនៅទីក្រុងភ្នំពេញ មានកូនត្រូវតែចាក់ឲ្យពូកគេ ដែលមានស្ថិតិរហូតដល់ទៅ ២១ម៉ឺននាក់ ប៉ុន្តែគណៈកម្មការវ៉ាក់សាំង និងផ្ដល់ជូន ២៣លាន ។ សម្ដេចបញ្ជាក់ថា កុំថាឡើយត្រឹម ២៣លាន ឬ ២៨លាន សូម្បីតែ ៥០លាន ក៏យើងត្រូវចាក់ឱ្យហើយនៅទីក្រុងភ្នំពេញ ព្រោះឪពុកម្ដាយ មកធ្វើការនៅភ្នំពេញ មានទាំងកូនមកជាមួយ ប៉ុន្តែក៏ធូរស្រាលជាមួយនឹងខេត្តទៅវិញទេ។ ដូច្នេះត្រូវមាននយុទ្ធនាការមួយទៀត ដើម្បីចាក់វ៉ាក់សាំងនេះ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ទោះដោយតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែសម្រេចឱ្យបាននូវការចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជា ដែលដល់អាយុត្រូវចាក់ ហើយដែលពេទ្យអនុញ្ញាតឲ្យចាក់ ។

សម្ដេចតេជោ បានបន្ថែមទៀតថា ពិភពលោក ក៏ដូចជាកម្ពុជា នៅសង្ឃឹមតែលើករណីវ៉ាក់សាំងនេះប៉ុណ្ណោះ ហើយយើងក៏បានមើលឃើញសញ្ញានៃការថយចុះ ជាពិសេសនៅក្នុងតំបន់រោងចក្រនៅទីក្រុងភ្នំពេញ មានការថយចុះនៃការឆ្លង ហើយក្នុងករណីដែលមានការឆ្លង ក៏មានស្ថានភាពមិនទៅរកជំងឺធ្ងន់ធ្ងរ រហូតដល់មានការស្លាប់នោះទេ ។

សម្ដេចបន្តថា ករណីចាក់វ៉ាក់សាំង២ដងហើយ នៅតែឆ្លង ហើយនៅតែស្លាប់ មិនមែនមានតែនៅសម្ពុជាទេ សូម្បីតែនៅសហរដ្ឋអាមេរិក នៅអង់គ្លេស និងនៅប្រទេសក្នុងអឺរ៉ុប គឺមានករណីដូចគ្នា សុទ្ធតែអួតថាវ៉ាក់សាំងខ្លាំង ដូច្នេះទោះបីបានទទួលវ៉ាក់សាំងហើយក្ដី មិនទាន់ទទួលហើយក្ដី ការការពារតាមវិធានការ ៣កុំ និង៣ការពារ នៅតែត្រូវបន្តព្រោះជាវិធីដែលល្អបំផុតសម្រាប់យើង។

សម្ដេចសម្ដែងក្ដីសង្ឃឹមថា ប្រជាពលរដ្ឋយើង បន្ទាប់ពីឪពុកម្ដាយបានចាក់គ្មានបញ្ហា និងនាំកូនដែលមានអាយុចាប់ពី ១២ឆ្នាំឡើង ទៅចាក់វ៉ាក់សាំង ព្រោះនៅក្នុងផ្ទះ ចាក់បានតែប្ដីប្រពន្ធ២នាក់ តែកូន៣នាក់ មិនបានចាក់ នោះមិនមានភាពស៉ាំនៅក្នុងផ្ទះទេ ដូច្នេះគោលដៅរបស់សម្ដេច ចង់ចាក់ឲ្យបានរហូតដល់ជាង ៨០ភាគរយ អញ្ចឹងយើងគិតនៅក្នុងចំនួននេះ ហើយចាក់ ១២លាននាក់ យើងមាន ៧៥% ចាក់បាន ១៣លាននាក់ យើងនៅមានដល់ ៨១,៥% ដូច្នេះពេលនោះ ពួកយើងនឹងមានភាពស៉ាំក្នុងសហគមន៍ ដោយនៅសល់តែក្មេងតូច ហើយក្មេងតូចនោះគឺសុទ្ធតែជាអ្នកទទួលបានវ៉ាក់សាំងបង្ការការពារជំងឺ ៦មុខរួចស្រេចទៅហើយ ។

សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា ទោះបីតម្លៃណាក៏ដោយ វ៉ាក់សាំងត្រូវតែរកដើម្បីចាក់ជូនប្រជាជនកម្ពុជា ហើយដែលមានអ្នកខ្លះ ធ្វើអត្ថាធិប្បាយថា ប្រហែលជាមរតកធំបំផុតរបស់ ហ៊ុន សែន គឺវ៉ាកសាំង ប៉ុន្តែសម្ដេចបញ្ជាក់ត្រឡប់ទៅវិញថា មរតកហ៊ុនសែន មិនមែនមានត្រឹមតែវ៉ាក់សាំងនោះទេ មរតករបស់ហ៊ុនសែន គឺបានយកប្រជាជនចេញពីការស្លាប់ នៃថ្ងៃ ០៧មករា ឆ្នាំ១៩៧៩ ។ មរតករបស់ហ៊ុនសែន ក៏បានយកប្រជាជនកម្ពុជា ចេញផុតពីសង្គ្រាម រហូតមានសុខសន្តិភាព មានការអភិវឌ្ឍដល់សព្វថ្ងៃនេះ ហើយមរតករបស់ហ៊ុនសែន មានច្រើនទៀត តែសម្ដេចរំលឹកថា នេះសម្ដេចមិនចង់បានមរតកនេះ ឬមរតកអីនោះទេ តែសំខាន់ៗ សម្ដេចចង់បានសុខភាព និងជីវិតរបស់ប្រជាជនត្រូវបានការពារ ហើយសិទ្ធដំបូងបំផុត មិនមែនសិទ្ធិបញ្ចេញមតិ ឬលទ្ធិប្រជាធិបតេយ្យអីនោះទេ គឺសិទ្ធិរស់រានមានជីវិត ដូច្នេះទោះបីអ្នកណាចង់និយាយពីអីក៏និយាយចុះ តែច្បាប់របស់កម្ពុជា គឺធ្វើដើម្បីការពារជីវិតមនុស្ស អ្នកចង់និយាយពីអ្វី គឺអ្នកនិយាយតាមចិត្តចង់របស់អ្នក ហើយអ្វីដែលសម្ដេចបានកំពុងធ្វើ គឺការពារជីវិតប្រជាជន ទោះបីយើងខិតខំការពារ ក៏ប៉ុន្តែយើងមិនអាចឃាត់មនុស្សមិនឲ្យស្លាប់បានទេ រាប់ទាំងសម្ដេចផ្ទាល់ផងដែរ។

សម្ដេចបានលើកឡើងទៀតថា ដូច្នេះការរៀបចំក្ដាមឈូស ដែលគេចាត់ទុកថា ជាការប្រមាថ តែសម្ដេចចាត់ទុកថា ជាការគោរពរបស់សម្ដេចចំពោះសាកសពទាំងឡាយដែលបានស្លាប់ដោយសារ covid-19 សម្ដេចមិនចង់ឃើញប្រជាជនកម្ពុជា នៅពេលដែលទទួលមរណភាពដោយកូវីត19 ត្រូវរុំដោយកន្ទេល ហើយយកទៅកប់ ដោយគ្មានក្ដាមឈូស ឬយកទៅដុតដោយគ្មានក្ដាមឈូសនោះទេ។ នេះជាអ្វីដែលសម្ដេចចង់បញ្ជាក់ថា មិនបានប្រមាថជីវិតប្រជាជនទេ។ សម្ដេចថា នៅក្នុងសង្គមខ្មែរយើង មនុស្សចាស់ច្រើនណាស់ដែលធ្វើក្ដាមឈូសខ្លួនឯងទុក ដើម្បីទុកពេលដែលស្លាប់ទៅ មានក្ដាមមឈូស ដូច្នេះសម្ដេចមិនមានកំហុសទៅលើបញ្ហាការរៀបចំ ឱ្យមានកន្លែងបញ្ចុះសាកសព និងបច្ឆាសម្រាប់ដុត និងមានក្ដាមឈូសសម្រាប់ដាក់សពនៃកូវីដ19 នោះទេ។

សម្ដេចតេជោ បានបន្តថា ការបញ្ជាក់នេះ ដោយសារសម្ដេច ពុំមានឱកាសដើម្បីធ្វើសន្និសីទសារព័ត៌មាននោះទេ ប៉ុន្តែសម្ដេច នឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ខាងមុខ នៅពេលដែលបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យរួចហើយ ពេលនោះសម្ដេច នឹងអនុញ្ញាតឲ្យមានការសួរ តែសម្ដេចក៏មិនអាចនឹងមិនពន្យល់ជូនប្រជាជនកម្ពុជា នូវអ្វីដែលជាទង្វើរបស់សម្ដេច ដែលសម្ដេច នឹងបកស្រាយជាមួយនឹងការរៀបចំកន្លែងកប់សាកសព ទាក់ទងនឹងបច្ឆា ទាក់ទងជាមួយនឹងបញ្ហាក្ដាមឈូសនោះដែរ ដែលមានអ្នកខ្លះផ្ចាញ់ផ្ចាលសម្ដេចថា ទីចុងបំផុត វាសនាចុងក្រោយ បានត្រឹមក្ដាមឈូស ដែលវាជាការដែលត្រូវអរគុណសម្ដេច ដែលមានក្ដាមឈូស រាប់ទាំងខ្មោចរបស់បងប្អូនអ្នកឯង ដែលបានស្លាប់ដោយរុំនឹងកន្ទេល យកទៅកប់ ឬយកទៅដុតនោះទេ ដែលនេះជាការគោរពរបស់សម្ដេច ចំពោះសាកសព។

ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន សូមរំលឹកដល់ក្រសួង-ស្ថាប័ន ដែលមានការពាក់ព័ន្ធទាំងអស់ ឲ្យបន្តបង្កើន និងពង្រឹងកិច្ចខិតខំប្រឹងប្រែងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី19 ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីការពារសុវត្ថិភាព និងសុខមាលភាពរបស់ប្រជាជនយើងនៅគ្រប់ទិសដៅ ។ ជាមួយគ្នានេះ សម្ដេចក៏សូមអំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់រូប សូមគោរពនិងប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ដើម្បីការពារសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាសុខុមាលភាពរបស់គ្រួសារ សហសហគមន៍ និងសង្គមជាតិយើងទាំងមូល ។

ជាថ្មីម្ដងទៀត សម្ដេចតេជោ នាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានផ្ដល់នូវវ៉ាក់សាំងដល់កម្ពុជានៅពេលនេះ ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់រដ្ឋាភិបាលជប៉ុន សូមទទួលបានជោគជ័យនូវព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ដែលបានប្រារព្ធឡើងនៅថ្ងៃនេះ ៕ ដោយ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner