សត្វខ្លាពពកមួយក្បាលបានស្លាប់ទៅហើយ

សត្វខ្លាពពកដ៏កម្រមួយក្បាល ដែលត្រូវបានក្រុមអ្នកជួយសង្គ្រោះពីការជាប់អន្ទាក់ព្រានព្រៃ កាលពីប៉ុន្មានថ្ងៃមុន បានបាត់បងជីវិតហើយ។ នេះបើយោងតាមការប្រកសាព័ត៌មានពីក្រុមអ្នកជួយសង្រ្គោះ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ។ អ្នកជំនាញអភិរក្សសត្វព្រៃរបស់អង្គការWildlife Alliance បានបញ្ជាក់ថា ខ្លាពពក បានស្លាប់ ក្រោយពីទទួលបានការវះកាត់ជោគជ័យ ប៉ុន្តែគួរឱ្យសោកស្តាយ ដោយសារកម្លាំងរបស់វាខ្សោយពេក ហើយក៏បានស្លាប់ទៅ ។
ខ្លាពពកមួយក្បាលនេះ ត្រូវបានក្រុមការងាររបស់អង្គការWildlife Alliance ចុះទៅយកពីមន្ត្រីកងរាជអាវុធហត្ថ ខេត្តកំពត ដើម្បីនាំយកទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដែលជាកន្លែងព្យាបាលរបួស និងថែទាំសុខភាពសត្វព្រៃ។

សត្វខ្លាពពក ជាប្រភេទសត្វកម្រ បើយោងតាមច្បាប់របស់ប្រទេសកម្ពុជា ពួកវាត្រូវបានការពារ និងចាត់ ថ្នាក់ជាប្រភេទសត្វជិតផុតពូជ។ ក្រសួងបរិស្ថាននិងដៃគូសហការអំពាវនាវដល់ប្រជាជនទាំងអស់ឱ្យឈប់បរិភោគសត្វព្រៃ តម្រូវការសាច់សត្វព្រៃ ជំរុញឱ្យមានការឈឺចាប់ និងការស្លាប់របស់សត្វកម្រ និងសត្វជិត ផុតពូជ នៅក្នុងប្រទេសកម្ពុជា ដូចជាខ្លាពពកមួយក្បាលនេះជាដើម។

លោក និក ម៉ាក តំណាងក្រុមការងារអង្គការWildlife Alliance បានបញ្ជាក់ថា អន្ទាក់គឺជាឃាតករសម្លាប់ ហើយអន្ទាក់រាប់ពាន់ត្រូវបានដាក់ពាសពេញព្រៃ នៅក្នុងប្រទេសកម្ពុជា ដែលលទ្ធផលចុងក្រោយនឹងក្លាយជាព្រៃទទេស្អាត។
ខ្លាពពកស្ថិតក្នុងក្រុមជិតផុតពូជ និងមានចុះក្នុងបញ្ជីឧបសម្ព័ន្ធសាយតេស។ ខ្លាប្រភេទនេះទទួលរងនូវការគំរាមកំហែងដោយសារតែការបរបាញ់ និងការបាត់បង់ទីជម្រកដែលវាធ្លាប់ស្វែងរកចំណី និងរស់នៅ។ខ្លាពពកត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក។
កាលពីពេលថ្មីៗនេះ ក្រសួងបរិស្ថានបានប្រកាសពីការរកឃើញវត្តមានសត្វកម្រ និងជិតផុតពូជនៅលើពិភពលោក ក្នុងនោះវត្តមានខ្លាពពកនេះផងដែរនៅតាមតំបន់ការពារធម្មជាតិក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបរិស្ថាន តាមរយៈការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានចាត់ទុកថា លទ្ធផលនៃការសិក្សាស្រាវជ្រាវការកឃើញសត្វទាំងនេះពិតជាមានតម្លៃបំផុតសម្រាប់ការអភិរក្សជីវៈចម្រុះ និងអ្នកបរិស្ថានហើយចាំបាច់ យើងទាំងអស់គ្នាត្រូវចូលរួមការពារនិងអភិរក្សប្រភេទសត្វដ៏កម្រនេះឱ្យបានគង់វង្សក្នុងព្រៃកម្ពុជា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner