តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្សនយោបាយ​ចំនួន​បី​ដែល​អសកម្ម​ភាព​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​

ភ្នំពេញ​៖ តុលាការ​កំពូល​កម្ពុជា​បានសម្រេច​រំលាយ​គណបក្ស​នយោបាយ​ចំនួន​បី​ទៀត​ដែល​អសកម្ម​ក្នុង​ការធ្វើសកម្មភាព និង​មិន​បានធ្វើ​របាយការណ៍​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​ការសម្រេច​របស់​តុលាការ​កំពូល​កាលពីពេល​ថ្មី​នេះ បន្ទាប់ពី​មាន​បណ្តឹង​ពី​ក្រសួងមហាផ្ទៃ​។​

​យោងតាម​សាលដីកា​របស់​តុលាការ​កំពូល​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​បណ្តាញសារព័ត៌មាន​បង្ហា​ញ​ថា គណបក្ស​ទាំងបី​នេះមាន​៖ គណបក្ស​ប្រជាធិបតេយ្យ​ខ្មែរ របស់លោក ហោ ម៉េង​ហ៊ាង ដែល​ត្រូវ​កាត់ទោស​រំលាយ​កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១, គណបក្ស​វ​ង្គ​ត ខេមរៈ មហានគរ របស់លោក ផាន់ ស៊ីណា ដែល​ត្រូវ​កាត់ទោស​រំលាយ​កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ និង​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​របស់ លោក ថោង សុវណ្ណារ៉ា ដែល​ត្រូវ​កាត់ទោស​រំលាយ​កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១​។​

​យោងតាម​ប្រភព​បណ្តាញ​ព័ត៌មាន Fresh News​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែកក្កដា​នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ក្រសួងមហាផ្ទៃ​បានដាក់​ពាក្យ​ប្តឹងទៅ​តុលាការ​កំពូល បន្ទាប់ពី​គណបក្ស​ទាំងបី​ខាងលើនេះ ស្ងាត់​ដំណឹង និង​អសកម្ម​អស់​រយៈពេល​ច្រើន​ឆ្នាំ ហើយ​មិនអាច​ទាក់ទង​បាន​។​

​គិត​ចាប់តាំងពី​ឆ្នាំ​២០១៧​មក រហូតមកដល់​ពេលនេះ គណបក្សនយោបាយ​បួន​ហើយ ត្រូវ​តុលាការ​កាត់ទោស​រំលាយ ដោយ​ការ​ល្មើសច្បាប់​ធ្ងន់ធ្ងរ និង​អសកម្ម​ភាព​។ ទោះជា​យ៉ាង​ក្តី រហូតមកដល់​ពេលនេះ​នៅក្នុង​ប្រទេស​កម្ពុជា មាន​គណបក្ស​ប្រមាណ​ជិត​៥០​ផ្សេងទៀត កំពុង​ធ្វើ​សកម្មភាព​។​ក្នុងនោះ​មាន​មួយចំនួន បានប្រកាស​រួចហើយ ក្នុងការ​ត្រៀមខ្លួន​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ឆ្នាំ​២០២៣ ខាងមុខ​។​

​ឯកឧត្តម ខៀវ សុភ័គ បានបញ្ជាក់​ទៀតថា ពេលនេះ​គណបក្ស​ថ្មី​ជាច្រើន​ទៀត​កំពុង​រៀបចំ​បង្កើតឡើង និង​បានដាក់​ពាក្យ​ទៅកាន់​ក្រសួងមហាផ្ទៃ​ជា​បន្តបន្ទាប់​ដែរ​៕​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner