មន្ឋីរសាធារណការ និង ដឹកជញ្ជូន ខេត្តបាត់ដំបងគ្រោងបញ្ចប់ការសាងសង់ស្ពាន ស្ថិតនៅចំណុចផ្សារវត្តខ្វែងលើកំណាត់ផ្លូវខេត្ត១៥៧១អា នៅក្នុងស្រុកសង្កែ គ្រោងបញ្ចប់ ដើមខែសីហា២០២១ ខាងមុខនេះ

     លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ  និងដឹកជញ្ជូន ខេត្តបាត់ដំបង  បានថ្លែងឲ្យដឹងថា៖គម្រោងសាងសង់បន្ទាន់ស្ពានប្រអប់លូកាត់ទទឹងផ្លូវមួយកន្លែង ស្ថិតនៅលើកំណាត់ផ្លូវខេត្តលេខ(១៥៧១.អា) ត្រង់ចំណុច (គម.០១+៨០០) ដែលមានបណ្តោយផ្លូវសរុប ប្រវែង១០ម៉ែត្រ និង ទទឹងផ្លូវប្រវែង០៨ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រឃុំវត្តតាមិមនិងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានបើកការដ្ឋានចាប់ផ្តើមធ្វើការសាងសង់កាលពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២១ កន្លងទៅនេះ គ្រោងនិងបញ្ចប់ការសាងសង់ជាស្ថាពរនៅដើមខែសីហាឆ្នាំ២០២១ឆាប់ៗខាងមុខនេះ។

        នេះបើតាមការថ្លែងគូសបញ្ជាក់ឲ្យដឹងពីលោកប្រធានមន្ទីសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង ក្នុងឱកាសដែលលោកនិងសហការីបានអមដំណើរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត ក្នុ ងការចុះត្រួតពិនិត្យមើលអំពីវឌ្ឍនៈភាពការងារ នៃគម្រោងស្ថាបនាបន្ទាន់លូប្រអប់កាត់ទទឹងផ្លូវមួយកន្លែងខាងលើនេះ ដែលស្ថិតនៅឃុំវត្តតាមិម និង ឃុំអូរដំបង១ នៃ ស្រុកសង្កែ ខេត្តបាត់ដំបង កាលរសៀល ពីថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២១ថ្មីៗនេះ។

      លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងបន្ថែមថា៖ ស្ពានថ្មប្រអប់លូថ្មី ដែលកំពុងតែសាងសង់នៅទីនេះ គឺជាកញ្ចប់ថវិកា របស់មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តបាត់ដំបងផ្ទាល់ ដោយអនុវត្តតាមការណែនាំ របស់ ឯកឧត្តមអភិបាលខេត្ត ហើយស្ពានថ្មប្រអប់លូនេះមានប្រវែង១០ម៉ែត្រនិងទទឹង០៨ម៉ែត្រដោយមានជើងទម្រលូចំនួន៣ប្រឡោះ។​ ក្នុងនោះក៏មានការកែលម្អក្នុងការពង្រីកនូវតួផ្លូវ ឲ្យបានទូលាយក្នុងការធ្វើចរាចរណ៍ទៅមករបស់យានយន្តគ្រប់ប្រភេទផងដែរដោយកែលម្អចាប់ពីគល់ស្ពាន រហូតដល់ ផ្លូវបំបែក ក្នុងភូមិសាស្ត្រភូមិបោះពោធិ៍ ឃុំអូរដំបង១ ប្រវែងប្រមាណ ២០០ម៉ែត្រ។ ដោយឡែកនៅតាមមាត់ប្រឡាយអូរនេះ ក៏មានការកែសម្រូលជញ្ជាំងជើងទេទាំងសងខាងនៅតាមមាត់ប្រឡាយពីចំណុចគល់ស្ពានប្រអប់លូថ្មីផ្សារខ្វែងទៅទល់និងស្ពានឆ្លងអូរ ក្បែរនោះផងដែរ។

      លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ ខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ដឹងផងដែរថា៖ គំរោងនៃការសាងសង់ស្ពានថ្មប្រអប់លូថ្មីនេះ គិតត្រឹមថ្ងៃនេះ ការអនុវត្តគំរោងនៃការសាងសង់ បានប្រមាណ៨០ ទៅ៩០ ភាគរយហើយ ដោយគ្រោងនិងបញ្ចប់ជាស្ថាពរ នៅដើមខែសីហាខាងមុខឆាប់ៗនេះ៕ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner